សញ្ញា​សាមញ្ញ​អស់នេះ​ បង្ហាញ​ថាអ្នក​មាន«ជំងឺ​ថប់​បារម្ភ​»ដោយមិនដឹងខ្លួន

  • 2020-05-28 04:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជម្ងឺថប់​បារម្ភ​ ជាជម្ងឺមួយ​មានច្រើន​ជាងគេ​បង្អស់​ ក្នុងចំណោមជម្ងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តីភេទ។ មូលហេតុ​ដែលបង្ក​ឲ្យមាន​ជម្ងឺ​ថប់បារម្ភ​នេះ​ ដោយសារ​ការទទួល​បទ​ពិសោធន៍អាក្រក់​ម្ដងហើយ​ម្ដងទៀត​ពីអតីតកាល​ដូចជា​ការគំរាម​សម្លាប់​ ភ្លើងឆេះផ្ទះ ​សង្រ្គាម ​ការបែកបាក់ប៉ពាល់ផ្លូវចិត្តជាដើម។

លោក យឹម សុបុត្រា ​វេជ្ជបណ្ឌិតផ្នែក​ចិត្តសាស្ត្រ​នៃមន្ទីរពេទ្យ​សាន់រ៉ាយ​ បានលើក​ឡើងថា ​លក្ខណៈ​នៃអ្នកកើត​ជម្ងឺតែង​មានការ​ថប់អារម្មណ៍​ញយដង​ក្នុង​ពេលវេលា​ណាមួយ​នៃជីវិត​រស់នៅ​ ឬដូចជា​សមាជិកណា​ម្នាក់​ក្នុងគ្រួសារ​មានជម្ងឺដង្កាត់​ ឬក៏អ្នក​ត្រៀម​លួនបង្កើត​មុខជំនួញ​អ្វីមួយ ​ប៉ុន្តែ​ទាំងនេះ​គ្រាន់តែជា​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ​។ ​ជម្ងឺថប់បារម្ភ​មានសភាព​ខ្លាំងក្លាជាង​នេះទៅ​ទៀត ​មានរយៈពេល​យូរ និង​ប៉ះពាល់​ដល់​តួនាទី​មុខងារ ​និងជីវិតរស់​នៅប្រចាំ​ថ្ងៃរបស់អ្នក​។

រោគ​សញ្ញា​សាមញ្ញៗ​ ដែលអ្នក​មាន​ជម្ងឺថប់​បារម្ភកើតជម្ងឺដោយមិនដឹងខ្លួនរួមមាន៖

រោគសញ្ញា​ស្តែងមាន​នៅលើ​រាងកាយ​៖

  • បេះដូង​ដើរញាប់ ​ចង្វាក់​ដង្ហើមខ្លីៗ​
  • វិលមុខ​ ស្រវាំងភ្នែក​ រោយកញ្ចឹងក​
  • ស្ងួតមាត់​
  • បែកញើស​ហួស​ប្រមាណ​
  • ត្រជាក់ចុងដៃ​ ជើង​
  • រសេះរសោះ​អស់កំលាំង​ល្ហិតល្ហៃ​
  • ចុក​​ចាប់តឹង​ណែន​សាច់ដុំ​
  • ក្អួត​ ចង្អោរ
  • នោមញឹក​
  • ឧស្សាហ៍​កោសខ្យល់​
  • ស្រឺត​
  • ពិបាកគេង ​គេងមិនលក់​

រោគសញ្ញា​ស្តែងមាន​លើផ្លូវ​ចិត្ត​៖

  • ព្រួយបារម្ភ ​ភ័យខ្លាច​គ្មាន​ហេតុផល​
  • ភ័យខ្លាច​ស្លាប់​ដោយ​គាំងបេះដូង​
  • អន្ទះ​សារ​ពិបាកក្នុង​ការរង់​ចាំ​
  • ពិបាក​ក្នុងការ​ផ្ចង់អារម្មណ៍​
  • មិនហ៊ាន​ធ្វើដំណើរ ​ឬនៅតែ​ឯង។

ចំពោះ​ការព្យាបាល​មានច្រើន​យ៉ាង តាម​ដែលអាច​ធ្វើបាន​។ លោកគ្រូពេទ្យបានណែនាំតាមការ​ព្យាបាល​តាមបែប​ចិត្តសាស្រ្ត​ ការព្យាបាល​ដោយឱសថ​ប្រឆាំងនឹង​ជម្ងឺថប់​បារម្ភ​ ការ​សម្រាក​កាយ​ចិត្ត​ ការកំសាន្ត​នៅទី​កន្លែង ​ឬការធ្វើ​សកម្មភាព​ដែលអ្នក​ពេញចិត្ត។

សូមទស្សនាវីដេអូពន្យល់លម្អិតបន្ថែម៖​

ចុចអានប​ន្ថែម៖ ៨ចំណុច ពីជំងឺ Depression មិនសូវមានអ្នកដឹង ភាគច្រើនច្រឡំថាខ្លួនឯងគ្រាន់តែពិបាក​ចិត្តធម្មតា

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម