បុគ្គលិក​ប្រុស​ពន្លត់​អគ្គិភ័យ​២​នាក់​ឈ្លោះ​គ្នា មេ​ឲ្យ​កាន់​ដៃ​យោល​ទៅ​មក​​ច្រើន​ម៉ោង​ដើម្បី​ផ្សះផ្សា​​គ្នា

  • 2020-05-28 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​រឿង​រ៉ាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ មនុស្ស​ជា​ច្រើន​បាន​គិត​ថា មុន​ពេល​ក្លាយ​ជា​មេ​ផ្នែក​ពន្លត់​អគ្គិភ័យ ប្រធាន​ក្រុម​រូប​នេះ ប្រហែល​ជា​​ធ្វើ​គ្រូ​មតេយ្យ​ហើយ បាន​រក​ឃើញ​វិធី​ផ្សះផ្សា​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​នេះ។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា​មុន​​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​នូវ​វីដេអូ​ឃ្លីប​មួយ​លើ​បណ្ដាញ​សង្គម ទាក់ទាញ​បាន​ទស្សនិកជន​ជា​ច្រើន។ នៅ​ក្នុង​វីដេអូ គឺ​ជា​រូបភាព​របស់​បុគ្គលិក​ប្រុស​ពន្លត់​អគ្គិភ័យ​២​នាក់ នៅ​ខេត្ត Anhui ប្រទេស​ចិន កំពុង​បែរ​មុខ​ទៅ​ជញ្ជាំង។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ បុរស​ទាំង​២​កំពុង​កាន់​ដៃ​គ្នា​យោលចុះ​ឡើង​មិន​ខុស​ពី​កុមារ​ថ្នាក់​មតេយ្យ​ឡើយ។

តាម​ការ​ចែក​រំលែក​របស់​ប្រធាន​អង្គភាព​ខាង​លើ បុគ្គលិក​២​រូប​ខាង​លើ ដោយ​សារ​តែ​​កំហុស​តូច​មួយ​បាន​បណ្ដាល​ឲ្យ​ឈ្លោះ​គ្នា។ ដោយ​មិន​ចង់​ពិន័យ​ធ្ងន់ លោក​ប្រធាន​ខាង​លើ​បាន​ប្រើ​វិន័យ​របស់​សិស្ស​សាលា​មតេយ្យ​ឲ្យ​បុរស​ទាំង​២​អនុវត្ត តែ​លទ្ធផល​គឺ​បាន​ជា​ទី​គាប់​ចិត្ត។

ក្រោយ​កាន់​ដៃ​គ្នា ២ -៣​ម៉ោង អារម្មណ៍​របស់​អ្នក​ទាំង​២​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ ហើយ​ក៏​បាន​ផ្សះផ្សា​គ្នា ដោយ​មិន​បាន​ឈ្លោះ​គ្នា​ទៀត​ឡើយ។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​​មេ​អង្គភាព ដ្បិត​​វិធី​សាមញ្ញ តែ​គួរ​ឲ្យ​ស្រលាញ់ មិន​ធ្វើ​ឲ្យ​បុគ្គលិក​ទាំង​២​ពិបាក​មើល​មុខ​គ្នា​ទៅ​ថ្ងៃ​ក្រោយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម