​សម្រាប់​ខ្ញុំ​ គ្មាន​ស្នេហា​ក៏​​គ្មាន​បញ្ហា​! គ្រាន់តែ​ពេលខ្លះ​ធុញ​នឹង​រឿង​១០​ នេះ

  • 2020-05-26 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ម្នាក់​ឯង​មាន​អ្វី​មិន​ល្អ! នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​រាល់​ពេល​ដែល​អផ្សុក​ ឬ ធុញ​ទ្រាន់​នឹង​ជីវិត​ Single មួយ​នេះ។ ថ្វី​ដ្បិត​តែ​ខ្ញុំ​គ្មាន​គូ​នឹង​គេ​ ក៏​ប៉ុន្តែ​វា​មិន​បាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ពិបាក​ចិត្ត​ ឬ ឯកា​នោះ​ទេ។ បើ​សង្កេត​មើល​ឲ្យ​ច្បាស់​ទៅ ជីវិត​នៅ​ម្នាក់​ឯង​សព្វ​ថ្ងៃ​ដូច​ខ្ញុំ​នេះ​បាន​ផ្ដល់​នូវ​សេរីភាព និង ភាព​រីករាយ​​គ្រប់​គ្រាន់​ហើយ​ដល់​ខ្ញុំ។ ទោះ​ជា​ខ្ញុំ​ពេញ​ចិត្ត​នឹង​ជីវិត​ឯករាជ្យ​មួយ​នេះ តែ​មាន​ពេល​ខ្លះ​មាន​អារម្មណ៍​រាង​ធុញ​ទ្រាន់​ដែរ​ ព្រោះ​តែ​ហេតុ​ផល​ទាំង១០នេះ៖

រូបតំណាង

**១. គ្មាន​មនុស្ស​ដែល​កំដរ​ជា​ប្រចាំ៖** ពេល​មាន​រឿង​ក្នុង​ចិត្ត​ តែ​មិន​ដឹង​គួរ​ចែក​រំលែក​ទៅ​អ្នក​ណា​ព្រោះ​គ្មាន​ដៃ​គូ​ម្នាក់​ដែល​នៅ​ចាំ​ស្ដាប់​ដូច​គេ។ ចង់​ប្រាប់​ទៅ​មិត្តភ័ក្ដិ​តែ​គេ​សុទ្ធ​តែ​រវល់​នឹង​កិច្ចការ​ក្នុង​ជីវិត​គេ​ដូចគ្នា ដូច្នេះ​មិន​ចង់​រំខាន​គេ។

២. ខ្វាយខ្វល់​ពី​ទស្សនៈ​អ្នក​ដទៃ៖ នៅ​ពេល​ដែល​មនុស្ស​ជុំ​វិញ​ខ្លួន​សុទ្ធ​តែ​មាន​គូ ហើយ​អត់​មាន​តែ​ខ្ញុំ​ម្នាក់ អ្នក​ផ្សេង​មិន​ដឹង​ជា​គិត​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា​ទើប​បាន​ជា​គ្មាន​គូ​នឹង​គេ។ ពេល​ខ្លះ​មិន​ចង់​គិត​ពី​គេ​ទេ តែ​ឃាត់​ចិត្ត​ខ្លួន​ឯង​មិន​បាន។

៣. ពួកម៉ាក​បង្ខំ​ឲ្យ​រក​សង្សារ​ឲ្យ​បាន​៖ និយាយ​ពី​ពួក​ម៉ាក​ខ្ញុំ​វិញ​គឺ​មួយ​ថ្ងៃៗ​គិត​តែ​ណែនាំ​ឲ្យ​ស្គាល់​អ្នក​នេះ​អ្នក​នោះ ទាំង​ដែល​អ្នក​ខ្លះ​មិន​ដែល​ស្គាល់​សោះ​ ហេតុ​តែ​ចង់​ឲ្យ​ខ្ញុំ​រក​បាន​ដៃ​គូ​នឹង​គេ។

រូបតំណាង

៤. ធុញ​នឹង​ធ្វើ​ជន​ទី​៣៖ រាល់​ពេល​មិត្តភ័ក្តិ​បបួល​ចេញ​ក្រៅ​ គេ​តែង​តែ​នាំ​សង្សារ​ទៅ​ជាមួយ​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក​គ្រប់​ពេល​តែ​ម្ដង។ ការ​ធ្វើ​ជា​ជន​ទី ៣ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ទ្រាន់​ និង​មាន​អារម្មណ៍​ថា​មិន​ចង់​ទៅ​ជា​មួយ​គេ​ឯង​សោះ។

៥. មិន​សូវ​មាន​គេ​យល់​ចិត្ត៖ មនុស្ស​ជុំ​វិញ​ខ្លួន និង​អ្នក​ដទៃ​គឺ​គ្មាន​នរណា​យល់​ច្បាស់​ពី​គោល​បំណង​ដែល​ខ្ញុំ​ចង់​នៅ​ម្នាក់​ឯង​ឡើយ។ ដូច្នេះ រាល់​ដង​គឺ​ខ្ញុំ​ត្រូវ​ស្រាយ​រាល់​ចម្ងល់ និង ការ​យល់​ខុស​របស់​ពួក​គេ។

៦. ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ច្រើន​ជ្រុល៖ ការ​ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​គឺ​ជា​រឿង​ដែល​ល្អ ក៏​ប៉ុន្តែ​បើ​នៅ​ម្នាក់​ឯង​ច្រើន​ពេក​ធ្វើ​ឲ្យ​ខ្ញុំ​ទម្លាប់​នៅ​តែ​ឯង និង ​មិន​ងាយ​បើក​ចិត្ត​ជឿ​ជាក់​អ្នក​ណា​ក្រៅ​ពី​ខ្លួន​ឯង។

រូបតំណាង

៧. មិន​ចូលចិត្ត​​ការ​ណាត់​ជួប៖ ការ​នៅ​ម្នាក់​ឯង​យូរ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ចង់​បើក​ចិត្ត​ទទួល​អ្នក​ណា មិន​ចង់​សូម្បី​តែ​ណាត់​ជួប​ជា​មួយ​គេព្រោះមិនទាន់អាចទុកចិត្តបុរសណាម្នាក់បាននៅឡើយ។

៨. មិន​មែន​ជា​មនុស្ស​សំខាន់​សម្រាប់​អ្នក​ណា៖ ដូច​ដែល​ខ្ញុំ​គ្មាន​មនុស្ស​សំខាន់​ក្នុង​ចិត្ត គេ​ក៏​គ្មាន​ខ្ញុំ​ក្នុង​ចិត្ត​ដូច​គ្នា។ ពេល​ខ្លះ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា​ខ្លះ​ដែរ តែ​ក៏​មិន​ចង់​ទៅ​ពិបាក​ចិត្ត​កើត​ទុក្ខ​រឿង​ដែល​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​បាន​ដែរ។

រូបតំណាង

៩. បាត់បង់​មិត្តភាព​៖ អ្នក​ធ្លាប់​មាន​មិត្តភ័ក្តិ​ដែល​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា​ទេ? សុខៗ​មិត្ត​អ្នក​ក៏​បាន​រក​ឃើញ​មនុស្ស​ដែល​គេ​ស្រឡាញ់​ហើយ​ហាក់​បី​ដូច​ជា​ព្រងើយ​កន្តើយ​ដាក់​អ្នក​ទៅ​វិញ។ ច្បាស់​ណាស់​​ខ្ញុំ​ចង់​ឲ្យ​មិត្ត​ខ្ញុំ​រក​ឃើញ​នូវ​ស្នេហា​មួយ​ដែល​ជាក់លាក់ តែ​ទន្ទឹម​នឹង​នោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិត្តភ័ក្តិ​ខ្ញុំ​កាន់​តែ​ឆ្ងាយ​ទៅ​ៗ​ហើយ។

១០. ត្រូវ​ប្រាប់​ហេតុផល​ទៅ​មនុស្ស​ជុំ​វិញ៖ ទៅ​ណា​មក​ណា​ក៏​តែង​តែ​មាន​អ្នក​សួរ​ថា​ហេតុ​អ្វី​ខ្ញុំ​មិន​ព្រម​បើក​ចិត្ត​ទទួល​យក​ស្នេហា​សោះ​បែប​នេះ? ជួន​កាល​ សំនួរ​ដដែលៗ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ហត់​នឿយ​ តែ​យ៉ាង​ណា​ក៏​នៅ​តែ​ព្យាយាម​ពន្យល់​ពី​ហេតុផល​ពិត​ប្រាកដ​នៅ​ក្នុង​ចិត្ត​ឲ្យ​គេ​បាន​ដឹង​ឮ៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ relrules ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម