មនុស្ស​ស្រី​ដែល​អាច​​ចង​បេះដូង​មនុស្ស​ប្រុស​ល្អ​ម្នាក់​ជាប់ តែង​មាន​ ៦​យ៉ាង​នេះ

  • 2020-05-22 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នារី​មួយ​ចំនួន​បាន​ឆ្ងល់​ថា «ហេតុអី​ម្នាក់​ប្រុស​ហ្នឹង​ស្រឡាញ់​ម្នាក់​ស្រី​ហ្នឹង​កើត បើ​មុខ​អត់​សូវ​ស្អាត​ផង​ហ្នឹង?»

ចម្លើយ​នោះ​នៅ​ត្រង់​ថា មនុស្ស​យើង​មាន​ចំណុច​ខ្លាំង​ខុស​ៗ​គ្នា ហើយ​សម្រាប់​មនុស្ស​ប្រុស​ល្អ​វិញ​គឺ​ស្រឡាញ់​មនុស្ស​ស្រី​មើល​លើ​អ្វី​លើស​ពី​សម្រស់​ទៀត។ មនុស្ស​ស្រី​ដែល​អាច​ចង​បេះដូង​មនុស្ស​ប្រុស​ល្អ​ម្នាក់​បាន គឺ​តែង​មាន ៦​ចំណុច​នេះ ដែល​សម្រស់​មិន​អាច​មក​ប្រកួត​បាន ៖

១. ​មនុស្ស​ស្រី​ដែល​មាន​ចរិត​ស្មោះ​ត្រង់

ភាព​ស្មោះ​ត្រង់​ជា​ចំណុច​ពិសេស​មួយ​សម្រាប់​មនុស្ស​ស្រី តែ​ពេល​ខ្លះ​វា​ក៏​បាន​ក្លាយ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ប្រុស​ល្អ​ម្នាក់​មិន​ដូច​មនុស្ស​ប្រុស​សាវា​ទេ គឺ​គេ​ស្រឡាញ់​បំផុត​មនុស្ស​ស្រី​ដែល​មាន​ចរិត​ស្មោះ​ត្រង់ មិន​លាក់​បាំង ឬ​មាន​មុខ​មាន​ក្រោយ​អី​នោះ​ទេ។ ការ​និយាយ​ត្រង់​ទៅ​ត្រង់​មក គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ដឹង មុន​ពេល​ចង់​ទទួល​បាន​មនុស្ស​ប្រុស​ល្អ​ម្នាក់​ជា​គូ​អនាគត។

២. មនុស្ស​ស្រី​ដែល​ស្អាត​បែប​សាមញ្ញ និង​ធម្មជាតិ

គ្មាន​អ្នក​ណា​ម្នាក់​បដិសេធន៍​បាន​ទេ​ថា​មិន​ស្រឡាញ់​ស្អាត មិន​ចង់​បាន​មនុស្ស​ស្រី​ដែល​ស្អាត​ធ្វើ​ជា​ប្រពន្ធ។ យ៉ាង​ណា​ក៏​ដោយ​តាម​ការ​សង្កេត​នោះ គឺ​មនុស្ស​ប្រុស​ដែល​ល្អៗ​ភាគ​ច្រើន​ចូលចិត្ត និង​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្អាត​បែប​សាមញ្ញៗ និង​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ បែប​នេះ​ហើយ​មនុស្ស​ស្រី​មិន​គួរ​ផ្ដោត​សំខាន់​ទៅ​លើ​តែ​សម្រស់ ហើយ​កែច្នៃ​រហូត​បាត់​អស់​ធម្មជាតិ​ដែល​ខ្លួន​មាន​នោះ​ទេ។ គ្រាន់​តែ​រៀបចំ​ខ្លួន​បែប​សាមញ្ញៗ Make up ស្រាល​ៗ​គឺ​ស្អាត​ណាស់​ទៅ​ហើយ។

៣. ផ្ដល់​ពេល​ឯកជន និង​មិនទាមទារ​ពេល​វេលា​ខ្លាំង​ពេក

ភាគ​ច្រើន​មនុស្ស​ប្រុស​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​ជាង​មនុស្ស​ស្រី បែប​នេះ​ហើយ​ទើប​ពេល​ខ្លះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ឯកា ហើយ​គិត​ថា​មនុស្ស​ប្រុស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​នាង។ ការ​ពិត​បើ​គេ​មិន​មែន​ជា​មនុស្ស​ប្រុស​ដែល​មាត់​រអិល ឬ​ពូកែ​បោក​ស្រី​ៗ​ទេ​នោះ គេ​ប្រហែល​អាច​នឹង​មិន​មាន​ពេល​កំដរ​អ្នក ឬ​តាម​អ្នក​ស្អិត​នោះ​ទេ។ អ្នក​គួរ​តែ​យល់​ ហើយ​ត្រូវ​ផ្ដល់​ពេល​វេលា​ឯកជន​ឲ្យ​គេ​សមល្មម និង​កុំ​ព្យាយាម​ទាមទារ​ពី​គេ​លើស​ពេក។

៤. រស់​នៅ​តាម​បែប​របស់​ខ្លួន

ការពិត​មនុស្ស​ប្រុស​ល្អ​ម្នាក់​មិន​ដែល​ទាមទារ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​អ្វី​ដែល​អ្នក​មាន​នោះ​ទេ គេ​តែង​តែ​ទទួល​អ្នក​ជា​អ្នក ដូច្នេះ​អ្នក​មិន​បាច់​កែ​ធម្មជាតិ​ខ្លួន​ដើម្បី​តែ​គេ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​មាន​រឿង​ខ្លះ​ក៏​អ្នក​ត្រូវ​មើល​ដែរ ថា​តើ​នោះ​ជា​ទម្លាប់​អាក្រក់ ឬ​ជា​ចរិត​ពី​ធម្មជាតិ​អ្នក​តែ​ម្ដង? បើ​ជា​ទម្លាប់​អាក្រក់​អ្នក​គួរ​តែ​កែប្រែ​ចេញ មិន​មែន​នៅ​ប្រកាន់​ខ្ជាប់​នោះ​ទេ។

៥. រឹងមាំ និង​មាន​គោលដៅ​ច្បាស់លាស់

មនុស្ស​ស្រី​ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ដែល​រឹងមាំ ល្អ​ម្នាក់ គេ​ក៏​ត្រូវ​ការ​នារី​ដែល​រឹងមាំ និង​ឯករាជ្យ​ដែរ ព្រោះ​គេ​គិត​ថា​ថ្ងៃ​ក្រោយ​គេ​ជឿ​ថា​នារី​បែប​នោះ​នឹង​មាន​សមត្ថភាព​ជួយ​ជ្រោមជ្រែង​គ្រួសារ អប់រំ​កូន និង​ចាត់ចែង​រឿង​ក្នុង​គ្រួសារ​បាន​យ៉ាង​ឆ្លាត​វៃ។ លើស​ពី​នេះ​នាង​មាន​គោលដៅ​ផ្ទាល់ខ្លួន ដោយ​មិន​ចាំ​បាច់​រត់​តាម​អ្នក​ណា​មក​បញ្ជា។

៦. ស្គាល់​ខ្ពស់​ទាប មិន​ប្រើ​ចរិត​ព្រះនាង​ម្ចាស់

មាន​មនុស្ស​ស្រី​ខ្លះ​បាន​ទម្លាប់​ខ្លួន​ឯង​ជា​ព្រះនាង​ម្ចាស់ ដោយ​តម្រូវ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ខ្លួន និង​ធ្វើ​ខ្លួន​មិន​ដែរ​ចេះ​ខុស ហើយ​មិន​ចេះ​ធ្វើ​អី​សោះ​តែ​ម្ដង។ មនុស្ស​ស្រី​បែប​នេះ​ជា​ប្រភេទ​មនុស្ស​ប្រុស​ស្អប់​ជា​ទី​បំផុត ហើយ​កុំ​សង្ឃឹម​ថា​គេ​ស្រឡាញ់​យក​ជា​គូ​ជីវិត​នោះ​ ទោះ​បី​ជា​ស្អាត​ប៉ុណ្ណា​ក៏​ដោយ។ មនុស្ស​ស្រី​ដែល​មាន​ការ​អប់រំ​ល្អ ដឹង​ខ្ពស់ទាប ចាស់ទុំ​ និង​អ្វី​ល្អ​ អ្វី​អាក្រក់​នោះ ទើប​ជា​នារី​ដែល​មនុស្ស​ប្រុស​ចង់​បាន។

ចង់​បាន​មនុស្ស​ប្រុស​ល្អ​មក​ក្នុង​ជីវិត មនុស្ស​ស្រី​ក៏​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ដូច​គ្នា ដូច្នេះ​ការ​លេងសើច​ជាមួយ​រឿង​មនោសញ្ចេតនា​ច្រើន​ក៏​មិន​អាច​ឲ្យ​មនុស្ស​ស្រី​រក​បាន​មនុស្ស​ប្រុស​ល្អ​ម្នាក់​ដែរ៕

ចុចអាន៖បើ​អ្នក​ចង់​រៀប​ការ គួរ​មើល​ប្រភេទ​មនុស្ស​ប្រុស​ដែល​ត្រូវ​សាង​គ្រួសារ​​ជា​មុន​សិន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម