​​ចរិត​​បំផ្លាញ​ខ្លួន​ឯង​​​៥ ដែល​មនុស្ស​ភាគ​ច្រើន​មាន​​តែ​មិន​​ដឹង​ខ្លួន ដឹង​ហើយ​ប្រញាប់​កែ​ប្រែមុន​ហួស​ពេល

  • 2020-05-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​អាក្រក់​ៗ​មួយ​ចំនួន​ក៏​​ជា​ឧបសគ្គ​​​ដល់​​​ការ​មាន​ក្ដី​សុខ​ ​និង​​ភាព​ជោគជ័យ​របស់​អ្នក​​ដែរ។ សាកល្បង​ក្រឡេក​មើល​ចរិត​មួយ​ចំនួន​ខាង​ក្រោម​នេះ ប្រសិន​បើ​អ្នក​កំពុង​តែ​មាន សូម​ប្រញាប់​កែប្រែ ដោយ កញ្ញា នឹង​​វិធី​ដោះស្រាយ​​ព្រម​ជាមួយ​គ្នា៖

១. ​ត្រាំត្រែង​​​​ជាមួយ​​​អតីតកាល

ការ​ចំណាយ​ពេល​វេលា​នឹក​គិត​​តែ​​រឿង​អតីត​ដែល​មិន​អាច​ត្រលប់​ទៅ​កែប្រែ​អ្វី​បាន​អាច​ចាត់​ទុក​ថា​ជា​ទង្វើ​ដែល​បង្អាក់​កម្លាំង​ចិត្ត​ខ្លួន​ឯង​ពី​ការ​ច្នៃប្រឌិត​អ្វី​ថ្មី​ៗ​ល្អ​ៗ​​សម្រាប់​អនាគត ព្រម​ទាំង​ធ្វើ​ឲ្យ​ក្ដី​សុខ​ក្នុង​ជីវិត​របស់​យើង​ស្រុត​ចុះ​ទៅ​តាម​នោះ​ដែរ។

រូបតំណាង

**វិធី​ដោះស្រាយ៖** គួរ​​រស់​នៅ​ជាមួយ​បច្ចុប្បន្ន ផ្ដោត​លើ​អ្វី​ដែល​នៅ​ចំពោះ​មុខ​ និង​ព្យាយាម​ធ្វើ​​គ្រប់​យ៉ាង​ឲ្យ​អស់​ពី​សមត្ថភាព​ ទាំង​ការងារ ទាំង​ការ​រស់​នៅ ឬ​សូម្បី​សេចក្ដី​ស្នេហា។ ប្រសិន​បើ​យើង​ចេះ​មើល​អតីតកាល​ដើម្បី​ទុក​ជា​មេរៀន​​ពី​កំហុស​ដែល​ស្ថិត​ក្នុង​អតីតកាល​នោះ វា​ក៏​អាច​នាំ​ប្រយោជន៍​មក​ឲ្យ​យើង​មិន​តិច​ដែរ។

២. អត់ធ្មត់​ជាមួយ​ទំនាក់ទំនង​ដែល​ឈឺចាប់

មនុស្ស​ជា​ច្រើន​ប្រាកដ​ធ្លាប់​ជួប​ប្រទះ​ទំនាក់ទំនង​ស្នេហា​ដែល​ឈឺចាប់ មិន​សម​បំណង ប៉ុន្តែ​ក៏​នៅ​តែ​ស៊ូទ្រាំ​ជាមួយ​ទំនាក់ទំនង​នោះ ក៏​ព្រោះ​តែ​ខ្លាច​ថា​នឹង​មាន​អារម្មណ៍​ឯកោ និង​​មិន​អាច​ទទួល​យក​ការ​ឈឺចាប់​​បាន ដោយ​ភ្លេច​គិត​ថា ការ​ពិត​ទំនាក់ទំនង​ដែល​ខ្លួន​កំពុង​តែ​ទ្រាំ​នេះ​ហើយ​គឺ​ជា​ថ្នាំពិស​ពិត​ប្រាកដ​ដែល​ធ្វើបាប​ទឹក​ចិត្ត​ខ្លួន​​ឯង​រាល់​ថ្ងៃ។

វិធី​ដោះស្រាយ៖ សាកល្បង​ពិចារណា​ឲ្យ​បាន​ល្អ​ថា​តើ​ទំនាក់ទំនង​ដែល​អ្នក​កំពុង​ទ្រាំ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​ក្ដី​សុខ ឬទុក្ខ​ច្រើន​ជាង។ ប្រសិន​បើ​ក្ដី​សុខ​ច្រើន​ជាង អ្នក​ក៏​ត្រូវ​ចេះ​សម្រួល​ស្ថានការណ៍​ដោះស្រាយ​បញ្ហា​ទាំង​សង​ខាង​ដើម្បី​ឲ្យ​ទំនាក់ទំនង​នោះ​មាន​ភាព​​ប្រសើរ​ឡើង ប៉ុន្តែ​បើ​មាន​ទុក្ខ​សោក​ច្រើន​ជាង អ្នក​គួរ​តែ​ប្រមូល​ភាព​ក្លាហាន​ហើយ​ដើរ​ចេញ​​ពី​ស្នេហា​នោះ ព្រោះ​​ទោះ​បី​​ទៅ​​អនាគត​អ្នក​មិន​ប្រាកដ​ថា​​អាច​ជួប​នឹង​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ក្ដី​សុខ​ពិត​ប្រាកដ ប៉ុន្តែ​ការ​នៅ​ម្នាក់​ឯង​ក៏​អាច​ឲ្យ​អ្នក​មាន​ក្ដី​សុខ​បាន​​ដូច​គ្នា។

រូបតំណាង

៣. រក​លេស​កាន់​ជើង​ខ្លួន​ឯង

ការ​រក​លេស​កាន់​ជើង​ខ្លួន​ឯង​គឺ​ជា​ទម្លាប់​ដ៏​អាក្រក់​ដែល​យើង​គួរ​ប្រញាប់​កែប្រែ​ជា​បន្ទាន់។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​យើង​គ្មាន​ភាព​រីក​ចម្រើន​ឡើយ​ក្នុង​ជីវិត ព្រោះ​រវល់​តែ​គិត​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​នោះ​គឺ​ល្អ​បំផុត ហើយ​មិន​បើក​ចិត្ត​ទទួល​យក​គំនិត​ល្អ​ៗ​របស់​អ្នក​នៅ​ជុំវិញ​​ខ្លួន ក៏​ដូច​ជា​បិទ​ឱកាស​ខ្លួន​ឯង​ក្នុង​ការ​រៀន​សូត្រ​អ្វី​ថ្មី​ៗ។ ក្រៅ​ពី​នេះ ការ​ស្វែង​រក​លេស​កាន់​ជើង​ខ្លួន​ឯង​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​ស្អប់​ខ្ពើម​មិន​ចង់​ចូល​ជិត​ទៀត​ផង ព្រោះ​នៅ​ពេល​ណា​ដែល​អ្នក​និយាយ​យក​តែ​ត្រូវ​ខ្លួន​ឯង អ្នក​នឹង​មើល​ឃើញ​ថា​អ្នក​នៅ​ជុំវិញ​ខ្លួន​ធ្វើ​ខុស និង​ចោទ​ប្រកាន់​គេ​រហូត។

វិធី​ដោះស្រាយ៖ គួរ​​សម្លឹង​មើល​គ្រប់យ៉ាង​​ក្នុង​ផ្លូវ​កណ្ដាល កុំ​កាន់​ជើង​តែ​ខ្លួន​ឯង។ ត្រូវ​ទទួល​ស្គាល់​កំហុស​ឆ្គង​ដែល​ខ្លួន​បង្ក​ឡើង​ដើម្បី​រិះរក​វិធី​កែខៃ និង​បើក​ចិត្ត​ទទួល​យក​គំនិត​របស់​អ្នក​ដទៃ​ដែល​ខុស​ពី​អ្វី​ដែល​ខ្លួន​ឯង​គិត ដើម្បី​ទទួល​បាន​ទស្សនៈ​ ការ​យល់​ឃើញ​ និង​ការ​ច្នៃប្រឌិត​ថ្មី​ៗ​បន្ថែម​សម្រាប់​ខ្លួន​ឯង។

៤. គេង​មិន​​គ្រប់គ្រាន់

មនុស្ស​មួយ​ចំនួន​ផ្ដល់​ពេល​វេលា​ឲ្យ​ការងារ និង​អ្វី​ផ្សេង​ៗច្រើន ប៉ុន្តែ​បែរ​ជា​មិន​សល់​ពេល​សម្រាប់​គេង ដែល​ជា​រឿង​ដ៏​សំខាន់​ដល់​សុខភាព អារម្មណ៍ និង​ប្រសិទ្ធភាព​ក្នុង​ការ​ដំណើរ​ជីវិត​​នៅ​ថ្ងៃ​បន្តបន្ទាប់។ ការ​គេង​លក់​មិន​គ្រប់គ្រាន់​អាច​ឲ្យ​មាន​គ្រោះថ្នាក់​ច្រើន​ដល់​សុខភាព​ដូច​ជា​ជំងឺ​បេះដូង ឆាប់​ធាត់ ឆាប់​ភ្លេច​ឆាប់​វង្វេង ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ និង​​បញ្ហា​ជា​ច្រើន​ទៀត។

វិធី​ដោះស្រាយ៖ គួរ​គេង​លក់​ឲ្យ​បាន​យ៉ាង​ហោច ៧ទៅ៩​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​ពេល​អ្នក​ភ្ញាក់​ឡើង​មាន​អារម្មណ៍​ស្វាហាប់​ ស្រស់​ថ្លា។

៥. សន្សំ​បំណុល

​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បច្ចុប្បន្ន​ធ្វើ​ឲ្យ​យើង​អាច​ចាយ​លុយ​កាន់​តែ​ងាយ​ជាង​មុន ដែល​ទាំង​នោះ​ក៏​ធ្វើ​ឲ្យ​យើង​បង្កើត​បំណុល​ច្រើន​ឡើង​ៗ​ដោយ​មិន​ដឹង​ខ្លួន។ ការ​បង្ក​បំណុល​ ក្រៅ​ពី​ជា​គ្រោះថ្នាក់​​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​យើង​ហើយ ក៏​នៅ​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​របស់​យើង​ដែរ ព្រោះ​អ្នក​ប្រាកដ​ជា​អារម្មណ៍​មិន​ល្អ​ប៉ុន្មាន​ឡើង​បើ​សិន​ត្រូវ​យក​លុយ​ដែល​ខ្លួន​រក​មក​មួយ​ខែ​ៗ​ទៅ​ដោះ​បំណុល។

វិធី​ដោះស្រាយ៖ គួរ​រៀប​ចំ​គម្រោង​ក្នុង​ការ​ប្រើ​លុយ​ក្នុង​មួយ​ខែ​ៗ​ឲ្យ​​មាន​ប្រសិទ្ធភាព។ បែង​ចែក​ប្រាក់​មួយ​ចំណែក​​ទុក​សន្សំ​​មុន​នឹង​យក​ទៅ​ចាយ ហើយ​ធ្វើ​កំណត់ហេតុ​ចំណូល​ចំណាយ ដែល​អាច​ឲ្យ​ខ្លួន​ឯង​ដឹង​ថា ក្នុង​មួយ​ខែ​ៗ​យើង​បាន​ចាយ​ប្រាក់​ទៅ​លើ​របស់​ដែល​មិន​ចាំបាច់​ប៉ុន្មាន​ខ្លះ ៕

ចុចអាន៖

ប្រភព៖ classroomknowledge ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម