នៅ​ពេល​អស់​ចិត្ត គេ​នឹង​មាន​មួយ​លាន​ហេតុ​ផល​ដែល​ត្រូវ​ដើរ​ចេញ

  • 2020-05-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មនុស្ស​ម្នាក់​អស់​អារម្មណ៍​ស្រឡាញ់​ច្បាស់​ណាស់​គេ​គ្មាន​ហេតុផល​អី​ដែល​ត្រូវ​នៅ​ទៀត​នោះ​ទេ គឺ​មាន​តែ​ហេតុផល​ដែល​ត្រូវ​ចាកចេញ​តែ​ប៉ុណ្ណោះ។

មាន​គូស្នេហ៍​ខ្លះ​ព្យាយាម​លន់តួ​ម្ខាង​ទៀត​ឲ្យ​នៅ​ជាមួយ​ខ្លួន​ ទាំង​ម្ខាង​ទៀត​ប្រាប់​ថា​អស់​ស្រឡាញ់​ទៅ​ហើយ។ ពេល​ខ្លះ​មិន​មែន​ពួក​គេ​ចង់​បន្ទាប​តម្លៃ​ខ្លួន​ឯង​ទៅ​អង្វរ​ក​មនុស្ស​ដែល​ចង់​ចាក​ចេញ​ទេ តែ​នេះ​មក​ពី​ក្ដី​ស្រឡាញ់​ដែល​ម្ខាង​ទៀត​នៅ ទោះ​បី​គេ​ចង់​ទៅ​ក៏​ខ្លួន​ប្រឹង​ឃាត់​មិន​ចង់​ឲ្យ​ទៅ​ដែរ។

ការ​ពិត​ទៅ​អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​ខ្លាំង លែង​គិត​ថា​ខ្លួន​អន់ ឬ​ថ្លៃ​ថ្នូរ​ប៉ុណ្ណា​ហើយ ព្រោះ​នៅ​ក្នុង​និយម​ន័យ​ស្នេហា​ គ្មាន​ពាក្យ​អន់ គ្មាន​ពាក្យ​ថ្លៃ​នោះ​ទេ គឺ​មាន​តែ​ពាក្យ​ថា​រីករាយ និង​ឈឺចាប់​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​កំពុង​ស្រឡាញ់​គ្នា​ខ្លាំង ពាក្យ​រីករាយ​នឹង​លេចឡើង​មក តែ​នៅ​ពេល​ម្ខាង​ណា​អស់​ស្រឡាញ់ ពាក្យ​ឈឺចាប់​ក៏​ត្រូវ​ធ្លាក់​ទៅ​លើ​អ្នក​ដែល​នៅ​ស្រឡាញ់។

អ្នក​ដែល​អស់​ចិត្ត​គេ​មិន​បាន​ដឹង​ថា​អ្នក​នៅ​មាន​ចិត្ត​ឈឺចាប់​ប៉ុណ្ណា​ឡើយ អ្វី​ដែល​គេ​ដឹង​គឺ​ត្រឹម​ថា​គេ​ចង់​ចាកចេញ គេ​មិន​ចង់​បន្ត។ ទោះ​អ្នក​មាន​១លាន​ហេតុផល​ដែល​ស្រឡាញ់​គេ ក៏​គ្មាន​ប្រយោជន៍​ដែរ ព្រោះ​គេ​នឹង​មាន​លើស​ពី​១លាន​ហេតុផល​ដែល​ត្រូវ​ទៅ។

ការ​ដែល​បើក​ផ្លូវ​ឲ្យ​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រឡាញ់​ចាកចេញ​វា​ឈឺចាប់​ណាស់​ តែ​វា​កាន់​តែ​ឈឺចាប់​ជាង​នេះ​នៅ​ពេល​ដែល​យើង​ព្យាយាម​ឃាត់​គេ​ឲ្យ​នៅ​ហើយ​គេ​មិន​ព្រម​នៅ​ទៀត។ បើ​ត្រូវ​ឈឺចាប់​បែប​នេះ​ដូច​គ្នា ក៏​បើក​ផ្លូវ​ឲ្យ​គេ​ទៅ​រក​អ្វី​ដែល​គេ​ចង់​បាន​ទៅ ព្រោះ​យ៉ាង​ណា​ក៏​យើង​អាច​មើល​ឃើញ​ពី​ភាព​រីករាយ​របស់​គេ​ពេល​ដែល​ចេញ​ពី​យើង។

សម្ងំ​ឈឺចាប់​តែ​ឯង​បាន​ហើយ​ កុំ​ព្យាយាម​ឱប​គេ​ជាប់ទ្រូង​ហើយ​ឲ្យ​គេ​ឈឺចាប់​ដែរ​នោះ បើ​គេ​មិន​អាច​រស់​នៅ​ជាមួយ​យើង​គេ ក៏​ជូន​ពរ​គេ​ពី​ចម្ងាយ​ឲ្យ​បាន​ក្ដីសុខ​ទៅ៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម