ប្ដី​ប្រពន្ធត្រចៀកកាំ បំបាត់​ព័ត៌មាន​លែងលះ ដោយ​ទិញ​ផ្ទះ​តម្លៃ ២០​លាន​ដុល្លារ​រួម​គ្នា

  • 2020-05-15 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រីចិន Zhao Wei និង​ស្វាមី​មហាសេដ្ឋី​ទើប​តែ​ទិញ​ផ្ទះ​ដ៏​លំដាប់​មួយ​រួម​គ្នា​នៅ​ប្រទេស​សិង្ហបុរី ក្រោយ​មាន​ព័ត៌មាន ប្ដី​ប្រពន្ធមួយ​គូ​នេះ​មាន​ភាព​រកាំរកូស​ឈាន​ដល់​លែង​លះ។

បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Zhao Wei រួម​ទាំង​ស្វាមី Huang Yo​u Long ទើប​តែ​ទិញ​ផ្ទះ​ប្រភេទ penhouse មួយ​ខ្នង​នៅ​សិង្ហបុរី​ក្នុង​តម្លៃ​ក្បែរ ២០​លាន​ដុល្លារ។ អចលនទ្រព្យដែល​តួ​រឿង ព្រះ​នាង​យេយេ​ទិញ គឺ​ស្ថិត​នៅ​លើ​វិថី​ដ៏​ល្បី​ឈ្មោះ Orchard ដែល​ជា​ទី​ប្រជុំ​នៃ​ម៉ាក​យីហោ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក។

គេហដ្ឋាន​មាន​ទំហំ ៨០០​ម៉ែត្រ​ការ៉េ ស្ថិត​នៅ​​ជាន់​ទី ២៩ និង ៣០ នៃ​អគារ Ardmore Park ដែល​ជា​អគារ​ថ្លៃ​លំដាប់​ទី ៦​ នៃ​ប្រទេស​នេះ ហើយ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ ២០០១។ មុន​ពេល​ប្ដី​ប្រពន្ធខាង​លើ​ទិញ ម្ចាស់​របស់​ផ្ទះ​នេះ គឺ​អគ្គនាយក​ក្រុមហ៊ុន RB Capital លោក Kishin RK។

ក្រៅ​ពី​គេហដ្ឋាន​ខាងលើ ត្រចៀក​កាំ ក៏​មាន​ផ្ទះ​មួយ​ទៀត​ដែល​មាន​បន្ទប់​គេង ស្ថិត​នៅ​អគារ Ardmore Park មួយ​ទៀត​ផង​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ តារា​ស្រី​វ័យ​៤៤​ឆ្នាំ បាន​ទិញ​ផ្ទះ​ខាង​លើ​ដោយ​ដាក់​ឈរ​ឈ្មោះ​រួម​​គ្នា និង​ឈ្មោះ​កូន​ស្រី​ពៅ​ជា​អ្នក​ស្នង​មរតក។ សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ជីវិត​​គូរ​របស់​អ្នក​ទាំង​២​កំពុង​មាន​បញ្ហា​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​កន្លង​ទៅ។ ទោះបី​មិន​ដែល​​ចេញ​មុខ​បដិសេធ​រឿង​លែងលះ​ក៏​ដោយ តែ​ការ​ទិញ​ផ្ទះ​រួម​គ្នា​បែប​នេះ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំណង​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​ហាក់​គ្មាន​បញ្ហា​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម