វិធី​ពន្លូត​កម្ពស់​​សំខាន់ៗ សម្រាប់​អ្នក​អាយុ​លើស​១៨​ឆ្នាំ

  • 2020-05-13 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​យល់​ថា​ការ​បាន​កម្ពស់​ខ្ពស់​គឺ​អាស្រ័យ​លើ​កត្តា​ហ្សែន។ ប៉ុន្តែ​បើ​អ្នក​មាន​ឪពុក​ម្ដាយ​មិន​សូវ​ខ្ពស់​ក៏​មិន​ប្រាកដ​ថា​អ្នក​គ្មាន​ផ្លូវ​អាច​លូត​កម្ពស់​បាន​ដែរ។ ធម្មតា​​ក្នុង​រាងកាយ​​មនុស្ស​មាន​អរម៉ូន​មួយ​ប្រភេទ​ឈ្មោះ​ថា HGH (Human Growth Hormone) ជា​អរម៉ូន​ជំនួយ​ដល់​ការ​លូតលាស់​ ដើរ​តួ​សំខាន់​ក្នុង​ការ​​ជួស​ជុល​កោសិកា​ចាស់ៗ ​ការ​ដុត​បំផ្លាញ​ខ្លាញ់ និង​រំលាយ​អាហារ។

ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​អ្នក​ចង់​បន្ត​លូត​កម្ពស់ ទោះ​អាយុ​លើស​១៨​ឆ្នាំ​ហើយ​ក៏​ដោយ៖

ឧស្សាហ៍​ផឹក​ទឹក​ដោះ​គោ

នៅ​ក្នុង​ទឹក​ដោះ​​គោ​​សម្បូរ​កាល់ស្យូម​ដែល​ជំនួយ​ដល់​ការ​លូត​លាស់​ឆ្អឹង។ ក្រៅ​ពី​នេះ ក្នុង​ទឹក​ដោះ​គោ​ក៏មាន​វីតាមីន​ A និង​ប្រូតេអ៊ីន​ដែល​ជួយ​រាងកាយ​ឱ្យ​លូតលាស់​បាន​ល្អ។ សម្រាប់​អ្នក​អាយុ​លើស​១៨​ឆ្នាំ​ហើយ បើ​ចង់​លូត​បាន​ពី​៥ ទៅ​១០​ស.ម គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ពី ២ទៅ៣​កែវ​ក្នុង​មួយ​ថ្ងៃ។

ហាត់​យូហ្កា

ក្រៅ​ពី​ផឹក​ទឹក​គោ​ជំនួយ​ដល់​ការ​លូត​លាស់​ឆ្អឹង​ហើយ អ្នក​ក៏គួរ​គិត​គូរ​រឿង​ហាត់​ប្រាណ​ខ្លះ​ដែរ។ លំហាត់​បែប​យូហ្កា​នឹង​ទៅ​ជំរុញ​ដល់​ការ​បង្កើន​បរិមាណ​អរម៉ូន​សម្រាប់​ការ​លូតលាស់​ក្នុង​រាងកាយ។ ដោយ​សារ​តែ​យូហ្កា​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស ​ដូច្នេះ​ហើយ វា​នឹង​អាច​កាត់បន្ថយ​អាការៈ​កោង​ខ្នង និង​ពន្លូត​កម្ពស់​បាន​ថែមទៀត។

យោង​តាម​អ្នក​ជំនាញ​ផ្នែក​យូហ្កា លំហាត់​ដែល​ល្អ​បំផុត​សម្រាប់​លូត​កម្ពស់​គឺ Surya Namaskar ដែល​អ្នក​អាច​មើល​បាន​តាម​រយៈ​រូបភាព​ខាង​លើ។

ឧស្សាហ៍​ពត់ដៃ​ពត់​ខ្លួន​ឱ្យ​ត្រង់

ការ​ហាត់​ប្រាណ​ដោយ​ប្រើ​ចលនា​ពត់​ដង​ខ្លួន​ និង​លើក​ដៃ​ឱ្យ​ត្រង់​ឡើង​លើ​ក៏​អាច​ជួយ​ឱ្យ​កម្ពស់​លូត​លាស់​ផង​ដែរ។ វា​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​មិន​ថា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​នោះ​ទេ។ សាក​ល្បង​ឈរ​ឱ្យ​ត្រង់ ហើយ​លើក​ដៃ​ឡើង​លើ​ឱ្យ​អស់​ពី​២​ទៅ​៣​នាទី​រាល់​ថ្ងៃ ហើយ​ក្នុង​មួយ​ថ្ងៃ​អ្នក​អាច​ធ្វើ​ចលនា​នេះ​ប៉ុន្មាន​ដង​ក៏​បាន មិន​កំណត់​ទេ។

លេង​កីឡា

កីឡា​ដែល​អាច​ជួយ​ឱ្យ​លូត​កម្ពស់​ និង​មាន​ប្រសិទ្ធភាព​ឆាប់​ជាង​គេ គឺ​​លេង​លោត​អន្ទាក់។ គួរ​​លោត​អន្ទាក់​ឱ្យ​បាន​ហោច​ណាស់​៣០​នាទី​រាល​ថ្ងៃ ក្នុង​កន្លែង​វាល​ទូលាយ ដើម្បី​ឱ្យ​អ្នក​អាច​លោត​បាន​ស្រួល និង​អស់​មួយ​ទំហឹង។

ក្រៅ​ពី​នេះ កីឡា​មួយ​ចំនួន​ដូច​ជា លេង​តេននីស បាល់បោះ​ក៏​អាច​ជួយ​លូត​កម្ពស់​បាន​ដែរ ព្រោះ​អ្នក​ត្រូវ​ប្រឹង​លោត​ដើម្បី​សម្រេច​គោលដៅ​នៃ​កីឡា​ទាំង​នេះ។

គេង​ឱ្យ​បាន​គ្រប់គ្រាន់

ការ​គេង​គឺ​ជា​រឿង​សំខាន់ ព្រោះ​ទោះ​បី​លេង​កីឡា​និង​ញ៉ាំ​បាន​គ្រប់គ្រាន់ តែ​បើ​គេង​មិន​គ្រប់​ក៏​មិន​អាច​ជួយ​សុខភាព​បាន​ដែរ។ ជា​ធម្មតា អរម៉ូន​ GH បញ្ចេញ​មក​ក្នុង​ពេល​ដែល​រាងកាយ​​គេង​លក់​ស្កប់ស្កល់ ហើយ​ខួរ​ក្បាល​ក៏​សម្រាក​បាន​ល្អ​ដែរ។

ផ្ទុយ​ទៅ​វិញ ពេល​ខួរក្បាល​ស្ត្រេស​ច្រើន ឬ​មិន​បាន​សម្រាក​សោះ វា​នឹង​បញ្ចេញ​អរម៉ូន​សម្រាប់​លូតលាស់​នេះ​មក​យឺត​បំផុត។ ដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​តែង​ណែនាំ​ឱ្យ​មនុស្ស​យើង​គេង​ឱ្យ​គ្រប់​ពី៨ ទៅ​១១​ម៉ោង​​ដើម្បី​អាច​លូតលាស់​បាន​ល្អ។

ចុចអាន៖ អ្នក​ទាបៗ​អាច​លូត​កម្ពស់​បាន​ ដោយ​វិធីហាត់ប្រាណងាយៗទាំង​នេះ

របប​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ផឹក​ទឹក​ឱ្យ​បាន​ច្រើន

ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ក៏​មិន​អាច​ឱ្យ​រាងកាយ​លូត​កម្ពស់​បាន​ដែរ។ សារធាតុ​ចិញ្ចឹម​សំខាន់​ដែល​រាងកាយ​ត្រូវ​ការ​បំផុត​សម្រាប់​ឱ្យ​​លូតលាស់​ខ្ពស់​ជាង​មុនគឺ ស័ង្កសី ម៉ង់ហ្កាណេស វីតាមីន C ​ប្រូតេអ៊ីន ប៉ូតាស្យូម កាល់ស្យូម និង​ផូស្វ័រ។ ដូច្នេះ​ដើម្បី​បាន​ជីវជាតិ​ទាំង​អស់​នេះ​ អ្នក​គួរ​ញ៉ាំ​បន្លែ​បៃតង ផ្លែឈើ ​គ្រាប់​ធញ្ញជាតិ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។

អ្នក​ក៏​មិន​គួរ​ភ្លេច​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន ព្រោះ​​កាល​ណា​រាងកាយ​ទទួល​ជាតិ​ទឹក​គ្រប់គ្រាន់ វា​នឹង​ជួយ​បណ្ដេញ​ជាតិពុល​ចេញ​ពីរាងកាយ និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ឱ្យ​ដំណើរ​ការ​បាន​ល្អ ដែល​មាន​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​នឹង​ការ​លូត​កម្ពស់។ គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​​៨​កែវ​ក្នុង​មួយ​ថ្ងៃ ឬ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូច​ជា ត្រសក់ ឬ​ផ្លែ​ឪឡឹក​ក៏​បាន។

កម្ដៅ​ថ្ងៃ

កម្ដៅ​ថ្ងៃ​គឺ​ជា​ប្រភព​ធម្មជាតិ​នៃ​វីតាមីន D ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​​រាងកាយ​លូតលាស់ និង​លូត​កម្ពស់។ នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីន D ឆ្អឹង​ក៏​លូតលាស់​យឺត ហើយ​កម្ពស់​ក៏​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​គួរ​ចំណាយ​ពេល​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​ពេល​ព្រលឹម ឬ​ពេល​ល្ងាច​ឱ្យ​បាន​ពី​២០ ទៅ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ។ ក្រៅ​ពី​នេះ អ្នក​ក៏​គួរ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​វីតាមីន​ D នេះ​ដើម្បី​ចូល​ទៅ​បង្គ្រប់​វីតាមីន​ដែល​ខ្វះ។

ចុចអាន៖ លំហាត់​ប្រាណ​ឱ្យ​ភ្លៅ​ស្រឡូន ឆាប់​ឃើញ​លទ្ធផល ស្រីៗ​មិន​គួរ​មើល​រំលង

ក្រៅ​ពី​ចំណុច​ធំៗ​ខាង​លើ អ្នក​ដែល​ចង់​លូត​កម្ពស់​ក្រោយ​អាយុ​១៨​ឆ្នាំ​ក៏​គួរ​ដឹង​ចំណុច​បន្ទាប់​បន្សំ​ខាង​ក្រោម​ផង​ដែរ៖

១. ត្រូវ​រក្សា​ទម្ងន់​ឱ្យ​​បាន​ថេរ ព្រោះ​កាល​ណា​ធាត់​ពេក​ក៏​ពិបាក​ដល់​ដំណើរ​ការ​នៃ​ការ​លូត​កម្ពស់​ដែរ។

២. ​ជៀសវាង​ការ​ជក់​បារី ឬ​ផឹក​គ្រឿង​ស្រវឹង ព្រោះ​វត្ថុ​ទាំង​នេះ​នឹង​រារាំង​ដល់​ការ​លូត​កម្ពស់ និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ។

៣. គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ Fast Food និង​អាហារ​បំពង​ឱ្យ​បាន​ច្រើន​ជាង​មុន៕

​​

ប្រភព៖ Stylecraze ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម