វ័យមិនដល់ ៣៥ លេចចេញសញ្ញាទាំង ៥ នេះ អាចបង្ហាញថា"ចាស់​មុន​អាយុ​"

  • 2020-04-09 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​បើ​និយាយ​ទាក់​ទង​នឹង​សុខភាព ម្នាក់ៗ​ច្រើន​មិន​សូវ​បាន​ថែ​ទាំ​វា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ឡើយ។ ពេល​ខ្លះ​ អ្នក​ក៏​មិន​សូវ​ចាប់​អារម្មណ៍​នូវ​សញ្ញា​មួយ​ចំនួន​ដែល​រាង​កាយ​ព្យាយាម​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​កំពុង​ឈាន​ចូល​សភាព​ចាស់​ជាង​វ័យ​ហើយ។ ជា​ទូ​ទៅ​ អ្នក​នឹង​សង្កេត​ឃើញ​នូវ​ស្នាម​ជ្រីវជ្រួញ អាចម៍​រុយ ការ​ឡើង​សរសៃ​ជាដើម ដែល​សុទ្ធ​សឹង​ចាប់​ផ្ដើិម​លេច​ឡើង​នៅ​ពេល​អ្នក​ឈាន​ចូល​វ័យ​ ៣៥ ទៅ​ ៤០​។

យ៉ាង​ណា​មិញ បើ​រាង​កាយ​របស់​អ្នក​មាន​លេច​ចេញ​នូវ​សញ្ញា​ទាំង ៥ ​នេះ​មុន​វ័យ​ ៣៥ ឆ្នាំ​ វា​អាច​បង្ហាញ​ថា​អ្នក​កំពុង​ជួប​នូវ​​រឿង​ទាំង​នេះ​មុន​កាល​កំណត់​ហើយ៖

រូបតំណាង

**១. ស្នាម​ជ្រីវជ្រួញ**

នៅ​ពេល​អ្នក​មាន​វ័យ​កាន់​តែ​ច្រើន​ ផលិតកម្ម​នៃ​ខូឡាជែន​ក្នុង​រាងកាយ ដែល​មាន​តួនាទី​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង តឹង​ណែន​នោះ​​ក៏​កាន់​តែ​ចុះ​អន់​ថយ។ ជា​លទ្ធផល វា​នឹង​បង្ហាញ​ស្ដែង​ៗ​នៅ​លើ​មុខ និង ផ្នែក​មួយ​ចំនួន​ទៀត​នៃ​រាងកាយ​។ គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ជាទូទៅ​ ទាល់​តែ​អ្នក​ឈាន​ចូល​អាយុ​ប្រមាណ ៤០​ឆ្នាំ ទើប​ស្នាម​ជ្រីវជ្រួញ​ទាំង​នោះ​ចាប់​ផ្ដើម​លេច​ចេញ។​ បើ​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​មាន​សភាព​ជ្រីវជ្រួញ​មុន​វ័យ ៣៥ នោះ​អាច​បណ្តាល​មក​ពី​អ្នក​តែង​​ទទួល​នូវ​កម្ដៅ​ថ្ងៃ​ច្រើន និង ញឹកញាប់។

២. ស្នាម​អុជ​ខ្មៅ ឬ អាចម៍​រុយ

ការ​ប្រឈម​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ ជាពិសេស​ក្នុង​រយៈពេល​យូរ​ខែ​ឆ្នាំ ជា​មូលហេតុ​ចម្បង​ងាយ​ធ្វើ​ឲ្យ​​កើត​មាន​នូវ​ស្នាម​អុជ​ខ្មៅ​តែ​ម្តង​ ជាពិសេស​វា​ច្រើន​កើត​មាន​នៅ​លើ​ផ្ទៃ​មុខ ខ្នង​ដៃ​ និង កំភួន​ដៃ ។ អ្នក​ជំនាញ​សើ​ស្បែក​បាន​បង្ហើប​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អាចម៍​រុយ​នេះ ក៏​អាច​រួម​មាន​ កត្តា​តំណពូជ ស្រេ្តស​ និង​ កង្វះ​ខាត​នូវ​ជាតិ​វីតាមីន​នៅ​ក្នុង​រាង​កាយ​ផង​ដែរ។

រូបតំណាង

៣. ស្បែក​ស្ងួត និង​ រមាស់

ជា​ធម្មតា​ ពេល​អ្នក​កើន​អាយុ​ ស្បែក​របស់​អ្នក​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​តាម​នោះ​ដែរ​។ យ៉ាង​ណាមិញ សភាព​ស្បែក​ស្ងួត និង រមាស់​ ក្នុង​អាយុ​តិច​អាច​បណ្ដាល​មក​ពី​ការ​ប៉ះ​ពាល់​ផ្ទាល់​នូវ​កម្ដៅ​ថ្ងៃ​ដោយ​គ្មាន​អ្វី​ការពារ ហើយ​ក៏​អាច​មក​ពី អាកាសធាតុ​ និង​បរិយាកាស​ជុំវិញ​ខ្លួន​ផង​ដែរ។

៤. បញ្ហា​សក់​ជ្រុះ

បើ​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​សក់​ជ្រុះ​ច្រើន​ខុស​ពី​ធម្មតា ហើយ សូម្បី​តែ​រោម​ជើង រោម​ដៃ​ក៏​ប្រែ​ជា​ស្ដើង ឬ តិច​ជាង​មុន​ នោះ​វា​ជា​សញ្ញា​បង្ហាញ​ពី​​សភាព​ចាស់​មុន​កាល​កំណត់​ហើយ។ លើស​ពី​នេះ​​ បញ្ហា​សក់​​ស្កូវ ក៏​ជា​ចំណុច​បង្ហាញ​ពី​ការ​ឈាន​ចូល​ភាព​ចាស់​មុន​អាយុ​ផង​ដែរ តែ​គួរ​បញ្ជាក់​ថា​វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ជាតិ​គីមី​ច្រើន​ហួស​កំណត់​ទៅ​លើ​ស្បែក​ក្បាល​ផង​ដែរ។

រូបតំណាង

៥. ប្រអប់​ដៃ​ប្រែ​ជា​ស្វិត និង​ ឡើង​សរសៃ

សញ្ញា​ចុង​ក្រោយ​ដែល​អាច​ឲ្យ​ដឹង​ពី​ភាព​ចាស់​មុន​វ័យ គឺ​ប្រអប់​ដៃ​ឡើង​សរសៃ​យ៉ាង​ច្បាស់ៗ ហើយ ដៃ​ប្រែ​ជា​ក្រៀម​ស្វិត​លែង​ដូច​មុន។ គួរ​ឲ្យ​ដឹង​ថា នេះ​មក​ពី​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ ដែល​ងាយ​បំផ្លាញ​នូវ​ស្រទាប់​ការពារ​ភាព​តឹង​ណែន​នៃ​ស្បែក ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ដៃ​មាន​ពណ៌​មិន​ស្មើ​គ្នា​ជាដើម។

បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​សើស្បែក​ មូលហេតុ​ទូទៅ​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ទាំង​នេះ មុន​ឈាន​ចូល​វ័យ ៣៥ គឺ៖

រូបតំណាង
  • ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​ហួស​កំណត់
  • កត្តា​តំណពូជ
  • បញ្ហា​ការ​គេង
  • ការ​លើស​កម្រិត​ជាតិ​ស្ករ កាហ្វេអ៊ីន និង ជាតិ​សុរា
  • បញ្ហា​កង្វក់​បរិស្ថាន
  • ការ​ស្រេ្តស
  • និង ការ​ជក់​បារី ជាដើម៕

ចុចអានបន្ត៖ តោះ មកថែស្បែកតាមរូបមន្តបិទម៉ាសធម្មជាតិ កុំឲ្យចាស់តាមពេលវេលា​

ប្រភព៖ womenworking ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម