ទម្រាំមានថ្ងៃនេះ ជីវិតតស៊ូរបស់កូនចាបមាសធ្លាប់ជាអ្នកស៊ីឈ្នួលតាមផ្ទះសន្សំលុយរៀន
- 2020-03-04 03:51:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រាំមានថ្ងៃនេះ ជីវិតតស៊ូរបស់កូនចាបមាសធ្លាប់ជាអ្នកស៊ីឈ្នួលតាមផ្ទះសន្សំលុយរៀន
ត្រូវចាំថា "គ្មាននរណាព្រមជឿលើយើងតាំងពីដំបូងនោះទេ! ដរាបណាយើងដាក់ជំនឿចិត្តលើខ្លួនឯងដោយមិនបោះបង់ចោល ថ្ងៃណាមួយយើងនឹងអាចធ្វើឱ្យគេជឿលើយើងដូចគ្នា " នេះជាការលើកឡើងរបស់កូនចាបមាស។
ថ្ងៃនេះ Kanha សូមឲ្យអ្នកអានទាំងអស់គ្នាចំណាយពេលបន្តិចមកដឹងពីជីវិតតស៊ូរបស់អ្នកនិពន្ធវ័យក្មេងម្នាក់ដែលមាននាមក្រៅថា កូនចាបមាស ។
សែត ហត្ថា ជាឈ្មោះផ្លូវការរបស់កូនចាបមាស ដែលមានដើមកំណើតចេញពីគ្រួសារកសិករនៅភាគពាយព្យទឹកដីខេត្តពោធិ៍សាត់។ ក្រៅពីធ្វើស្រែចំការ នាងមានឪពុកជាអ្នកឡើងត្នោត ធ្វើស្ករ និងម្ដាយជាស្ត្រីមេផ្ទះ។ មែនទែនទៅ ជីវិតកូនកសិករយើងដឹងស្រាប់ថា មិនងាយស្រួលប៉ុន្មានទេ ជាក់ស្ដែង ហត្ថា ក៏ជាក្មេងម្នាក់ដែលមានជីវិតលំបាករហូតរត់ចោលថ្នាក់រៀនផងដែរ។
បញ្ហាប្រឈមរបស់កូនកសិករបោះបង់ការសិក្សារូបនេះ ដោយសារតែខ្វះមធ្យោបាយធ្វើដំណើរទៅរៀន ខ្វះការលើកទឹកចិត្តខ្វះគំរូភាពល្អៗ ដើម្បីមើល ខ្វះការជួយជ្រោមជ្រែងក្នុងការបន្តការរៀនសូត្រ ហើយខ្វះភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ពីឪពុកម្ដាយ។ ព្រោះតែជីវភាពមិនអាចបន្តការសិក្សា ក៏គេចខ្លួនទៅរស់នៅជាមួយម្ដាយមីងក្នុងព្រៃភ្នំ ចាំចំការ ដាំបន្លែ ឃ្វាលគោ និងជិះកង់ទៅមកចុះឡើងចម្ងាយជាង១៥គីឡូម៉ែត្រពីផ្ទះរៀងរាល់ចុងសប្ដាហ៍ ។
យ៉ាងណាជីវិតព្រៃភ្នំបែបនេះ ធ្វើឲ្យនាងធុញទ្រាន់ស្ទើររាល់ថ្ងៃ រហូតដាច់ចិត្តទៅសុំនាយកសាលា ចុះឈ្មោះចូលរៀនវិញ។ ចាប់ផ្ដើមដឹងក្ដី ចាប់ផ្ដើមស្គាល់អត្ថន័យនៃការសិក្សា តែបែរជាត្រូវជំងឺវាយលុកសុខភាព មិនអាចងើបទៅប្រឡងថ្នាក់ទី០៩ ឆមាសទី១ នាងត្រូវបោះបង់ការសិក្សាជាលើកទី២។
ក្រោយសម្រាកបានធូរស្រាល ហត្ថាក៏សម្រេចចិត្តទៅធ្វើការជាអ្នកស៊ីឈ្នួលតាមផ្ទះនៅឯខេត្តបាត់ដំបង សន្សំលុយរហូតបានសម្រេចបំណងចូលរៀនម្ដងទៀត។ នេះហើយជីវិតរបស់មនុស្សមានឡើង មានចុះ នៅឆ្នាំ ២០១២ កូនចាបមាសដ៏តូចក៏បានបញ្ចប់ថ្នាក់បាក់ឌុប ដោយជោគជ័យ និងទទួលអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យារបស់អង្គការមួយសិក្សានៅភ្នំពេញ នាដើមឆ្នាំ ២០១៣។
ពីរឆ្នាំកន្លងផុតទៅយ៉ាងលឿន ហត្ថាបានបញ្ចប់ការសិក្សាជំនាញផ្នែកព័ត៌មាន រួចបន្តចូលកម្មសិក្សាការងារនៅក្រុមហ៊ុនឯកជន។ ប៉ុន្តែការងារដែលនាងធ្វើរាល់ថ្ងៃ ហាក់នៅមិនសុខក្នុងខ្លួន នាងតែងយកសៀវភៅមកបំពេញចន្លោះជីវិតបន្ថែម រហូតដល់ថ្ងៃនាងចាប់ផ្ដើមស្គាល់ខ្លួនឯង ឲ្យខ្លួនឯងចេញរកក្ដីស្រមៃ ឆ្ពោះដំណើរផ្សងទៅរកផ្លូវក្លាយជាអ្នកនិពន្ធ។
ដើមឆ្នាំ២០១៧ កូនចាបមាសហើរទៅរកក្ដីស្រមៃ ប្រឹងប្រែងយ៉ាងស្វិតស្វាញគ្រប់ឧបសគ្គ ហើយនាងក៏បានចាប់ផ្ដើមដំណើរផ្សងព្រេងជីវិតនៅក្នុងក្ដីស្រមៃពិតប្រាកដមកមកពេលបច្ចុប្បន្ន។ ផេកហ្វេសបុកផ្លូវការរបស់នាងមានឈ្មោះថា “សៀវភៅជីវិត” ជាកន្លែងដើម្បីចែករំលែកអត្ថបទលើកទឹកចិត្ត ហើយសព្វថ្ងៃវាក្លាយទៅជាគ្រឹះស្ថានបោះពុម្ពផ្សាយមួយ។
ជាងម្ភៃឆ្នាំនៃយុវភាពរបស់នាងបានបោះបង់ចោលការសប្បាយភ្លើតភ្លើន ហើយងើបមកប្រយុទ្ធយកឈ្នះការលំបាកទាំងឡាយដែលសម្រុកចូលមកដោយក្ដីអំណត់។
ជាចុងក្រោយនេះ ឃ្លាមួយដែលកូនចាបមាសបានសង្ខេបពីជីវិតតស៊ូដែលហែលឆ្លងកន្លងមកថា៖ "ឆាកជីវិតដូចជាត្រូវបានរៀបចំជាស្រេចសម្រាប់ខ្ញុំ ដែលខ្ញុំគ្រាន់តែត្រូវដើរដោយការអត់ធ្មត់ប៉ុណ្ណោះ។ ជួនកាលជីវិតដុនដាបដល់ដី ប៉ុន្តែយើងប្រឹងក្រោកឡើងមកវិញ ហើយឈានជើងទៅមុខទៀត" ។
ប្រវត្តិសង្ខេប៖
រូបភាពផ្ដល់ឲ្យដោយ កញ្ញា សែតហត្ថា
ចុចអានបន្ថែម៖
ប្រវត្តិពិតអតីតក្មេងស្រីរើសសំរាម រ៉ុន សុភី តស៊ូបានអាហារូបករណ៍សិក្សាក្រៅប្រទេស ដឹងហើយរំជួលចិត្ត
ទោះជួបការលំបាក តែយុវតីរូបនេះនៅតែជម្នះបានដើម្បីការងារក្នុងក្តីស្រមៃ