​មាន​ន័យ​គួរ​អាន! ដឹង​​ខ្លួន​អាយុ​កាន់​តែ​ច្រើន ត្រូវ​ចាប់​ផ្ដើម​​ធ្វើ​ខ្លួន​បែប ៦​យ៉ាងនេះ

  • 2020-02-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាយុ​ចាប់​ពី​សែសិប ឬ​ហាសិប​ឆ្នាំ​ឡើង​ទៅ យើង​លែង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មនុស្ស​ពេញ​កម្លាំង​កំហែង​ដូច​កាល​នៅ​ក្មេង​ទៀត​ហើយ ដូច្នេះ​របៀបរបប​ក្នុង​ការ​រស់​នៅ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​យើង​រស់​នៅ​បាន​យូរ​ និង​ប្រកប​ដោយ​សេចក្ដី​សុខ​ក្នុង​វ័យ​នេះ។ ថ្ងៃ​នេះ កញ្ញា​សូម​ចែក​រំលែក​នូវ​ចំណេះដឹង​មួយ​ចំនួន​ដែល​ពិត​ជា​សំខាន់​សម្រាប់​អ្នក​ដែល​មាន​វ័យ​ជ្រេ​ដើម្បី​អាច​ប្រើ​ជីវិត​បាន​ត្រឹមត្រូវ៖

១. ធ្វើ​ខ្លួន​ដូច​កូន​អុក

មាន​ន័យ​ថា​ចង់​ក្រោក ចង់​ឈរ ចង់​ដើរ ចង់​អង្គុយ ត្រូវ​គិត​ឲ្យ​បាន​ល្អ។ ដើរ​យឺត​ៗ គិត​សន្សឹម​ៗ កុំ​បំបោល ព្រោះ​បើ​យើង​ដើរ​ខុស​ យើង​មិន​មែន​ដួល​តែ​ម្នាក់​ឯង​ទេ ប៉ុន្តែ​​អ្នក​ផ្ទះ​ទាំង​អស់​នឹង​ត្រូវ​បរាជ័យ​ជាមួយ​ដែរ។

២. ហូប​ឲ្យ​ដូច​ចោរ​លួច​សេះ

មាន​ន័យ​ថា​​ហូប​ឲ្យ​ដូច​ពួក​ចោរ​លួច ហូប​តិច​​ៗ ហូប​យឺត​ៗ សន្សឹម​ៗ។ ហូប​ម្ដង​តិច​ៗ ប៉ុន្តែ​ហូប​ញឹក​បាន កុំ​ហូប​ម្ដង​ច្រើន​ៗ លោភ​ៗ ដាក់​​យក​ៗ នោះ​មិន​ល្អ​ឡើយ​សម្រាប់​សុខភាព​យើង​ជា​មនុស្ស​ចាស់។

៣. គេង​ឲ្យ​ដូច​ពុល​ផ្សិត

អាយុ​ច្រើន​ហើយ យើង​ក៏​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ គេង​ឲ្យ​លក់​ស៊ប់ ស្កប់ស្កល់ កុំ​គិត​ច្រើន​រហូត​គេង​មិន​លក់ មាន​អារម្មណ៍​ងងុយ​ត្រូវ​គេង ជា​ពិសេស​នៅ​ពេល​យប់​ជ្រៅ កុំ​ចូល​គេង​ហួស​ម៉ោង ១០​យប់។ នៅ​ពេល​ថ្ងៃ​ត្រង់ បើ​មាន​អារម្មណ៍​ងងុយ ត្រូវ​រក​ពេល គេង​ឲ្យ​បាន​១០​នាទី ទៅ​កន្លះ​ម៉ោង នោះ​នឹង​មាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។

៤. ហាត់​ប្រាណ​ឲ្យ​ដូច​គេ​ញៀន​ថ្នាំ

មាន​ន័យ​ថា​ត្រូវ​ញៀន​នឹង​ការ​ហាត់​ប្រាណ ហាត់​ឲ្យ​បាន​រាល់​ថ្ងៃ​ជា​ប្រចាំ បើ​ថ្ងៃ​ណា​មិន​បាន​ហាត់​ប្រាណ ចេញ​ញើស​ទេ នឹង​មាន​អារម្មណ៍​មិន​ល្អ ស្ពឹក​ខ្លួន​ស្ពឹក​ប្រាណ ​នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ចាស់​ដែល​មាន​សុខភាព​រឹង​មាំ​ហើយ។

៥. ហើរ​ចេញ​ពី​សំបុក​ឲ្យ​ដូច​បក្សី

បក្សី​ដែល​គេង​នៅ​លើ​សំបុក​មាន​តែ​បក្សី​​កំពុង​ក្រាប​ពង​ប៉ុណ្ណោះ បើ​យើង​អាយុ​ច្រើន​ទៅ​ហើយ តើ​នៅ​ក្រាប​ពង​ដល់​ណា​ទៀត! ដូច្នេះ​ត្រូវ​ប្រញាប់​ហើរ​ចេញ​ពី​សំបុក នៅ​ពេល​ដែល​យើង​អាច​នៅ​ហើរ​បាន កុំ​មួយ​ថ្ងៃ​ៗ​​​សំកុក​នៅ​តែ​ផ្ទះ​​ពី​ព្រលឹម​ទល់​ព្រលប់។ មិន​ថា​ចេញ​ទៅ​ជិត​ ឬ​ឆ្ងាយ យើង​គួរ​តែ​ចេញ​ទៅ​ក្រៅ​ខ្លះ អាច​ទៅ​ដើរ​លេង​តាម​ខេត្ត ឬ​ក្រៅ​ប្រទេស​​ក៏​​ល្អ។ ​

៦. ប្រើ​អារម្មណ៍​​ឲ្យ​ដូច​មែក​ឈើ

អាច​រេ​តាម​ខ្យល់​ខ្លះ ស្ងៀម​ខ្លះ ស្ងាត់​ខ្លះ ពេល​ខ្លះ​ក៏​អាច​បាត់​បង់​មិន​ដូច​ចិត្ត​ខ្លះ។ ត្រូវ​យល់​ថា គ្រប់​យ៉ាង​ជា​ច្បាប់​ធម្មជាតិ ដែល​មាន​ទាំង​កើត និង​បាត់​ទៅ​វិញ ប្រៀប​ដូច​នៅ​ពេល​មែក​ឈើ​បាក់ ពួក​វា​មិន​ដែល​យំ​ទួញ​សោក​អ្វី​ទេ ប៉ុន្តែ​វា​នឹង​ប្រញាប់​លាស់​មែក​ថ្មី​​ជំនួស​វិញ​ឲ្យ​លឿន​បំផុត។ មនុស្ស​យើង​ក៏​ដូច​គ្នា នៅ​ពេល​បាត់បង់​អ្វី​មួយ​ពី​ជីវិត ក៏​ត្រូវ​ធ្វើ​ចិត្ត​ឲ្យបាន​លឿន​បំផុត កុំ​សម្ងំ​បៀម​ទុក្ខ​ជាមួយ​រឿង​អតីត នោះ​ជីវិត​ដែល​នៅ​សេសសល់​របស់​យើង​នឹង​មាន​ក្ដី​សុខ ដោយ​ការ​យល់​ពី​ធម្មជាតិ​ជីវិត​នោះ​ឯង ៕

ចុចអាន៖

ប្រភព៖ updatetoday ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម