រឿង​ ៥​ យ៉ាង​ដែល​​នារី​មុខ​មូល ប៉ោងៗ តែង​តែ​ជួប​ប្រទះ​មិន​ដែល​ខាន ​

  • 2020-02-04 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​សាច់​ថ្ពាល់​ច្រើន មើល​ទៅ​មុខ​មូលៗ​ខ្លីៗ អ្នក​ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​នូវ​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​មុខ​តូច​គ្មាន​ថ្ងៃ​យល់​ឡើយ។ រឿង​មុខ​មូល​នេះ​ អ្នក​ណាៗ​ក៏​មិន​សូវ​ចង់​បាន​ដែរ ព្រោះ​តែង​ត្រូវ​គេ​ដឺ​ និង បង្អាប​គ្រប់​ពេល តាំង​ពី​ក្មេង​រហូត​ដល់​ចាស់​វិញ​ក៏​មាន។ យ៉ាង​ណា​មិញ ការ​មាន​មុខ​មូល​នេះ​មាន​ចំណុច​ល្អ និង មិន​សូវ​ល្អ​។ ចំណុច​ទាំង​ ៥ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​ដែល​នារី​មុខ​ប៉ោង​ជួប​ប្រទះ​ជា​ប្រចាំ​មិន​ដែល​ខាន៖

រូបតំណាង

**១. គេ​សរសើរ​ថា​មុខ​គួរ​ឱ្យ​ស្រឡាញ់**

អ្នក​មាន​ថ្ពាល់​សាច់ៗ​ភាគ​ច្រើន​ត្រូវ​បាន​គេ​គ្រប់​គ្នា​និយាយ​ថា​គួរ​ឱ្យ​ស្រឡាញ់ មិន​សូវ​មាន​អ្នក​សរសើរ​ថា​ស្អាត​នោះ​ទេ។ ដោយសារ​តែ​មុខ​មូល និង​ថែម​ទាំង​ថ្ពាល់​ម៉ាប់ៗ​ទៀត​នោះ គេ​មិន​សូវ​មើល​ឃើញ​ថា​មុខ​អ្នក​ទាក់​ទាញ​បែប​ ស៊ិចស៊ី ឬ ស្អាត​ទេ គេ​ច្រើន​ហៅ​ថា គួរ​ឱ្យ​ស្រឡាញ់ ហាក់​បី​ដូច​ប្រដូច​ទៅ​នឹង​កូន​ក្មេង ព្រោះ​ពាក្យ​គួរ​ឱ្យ​ស្រឡាញ់​នេះ ច្រើន​ប្រើ​និយាយ​ទៅ​កាន់​ក្មេងៗ។

២. គេ​ចូលចិត្ត​ក្តិច​ថ្ពាល់​លេង

ចំណុច​នេះ​គួរ​ឱ្យ​មួម៉ៅ​បន្តិច​ព្រោះ​ពេល​ជួប​ញាតិ​មិត្ត​ បង​ប្អូន​ជិត​ឆ្ងាយ​គឺ​មិន​ដែល​រំលង​សោះ​រឿង​ក្តិច​ថ្ពាល់​លេង​ ហើយ អ្នក​ខ្លះ​ដោយ​ហេតុ​ថា​ខ្នាញ់​ថ្ពាល់​ពេក​គឺ​ថា​ក្តិច​ឡើង​ឈឺ ឡើង​ថ្ពាល់​ក្រហម​អស់។ នេះ​មិន​ត្រឹម​តែ​ក្តិច​តែ​ពេល​នៅ​តូច​ទេ អ្នក​ខ្លះ​នៅ​តែ​តាម​ក្តិច​ថ្ពាល់​រហូត​ទោះ​ជា​អ្នក​ធំ​ពេញ​វ័យ​ក៏​ដោយ។

រូបតំណាង

៣. គេ​បង្អាប់​ ដឺដង

កើត​មក​មាន​មុខ​​ប៉ោង​មិន​ស្រួល​ប៉ុន្មាន​ទេ ត្រូវ​រង​គ្រោះ​ទាំង​ផ្លូវ​កាយ និង ចិត្ត ពោល​គឺ​គេ​ត្រូវ​គេ​ចាប់​ក្រញិច​ថ្ពាល់​ហើយ​ត្រូវ​គេ​បង្អាប់​រឿង​មុខ​ប៉ោង​ទៀត។ ជាពិសេស ក្នុង​អំឡុង​ពេល​សិក្សា មិត្ត​ភក្តិ​នាំ​គ្នា​ដឺ​ដង​រឿង​មុខ​ប៉ោង ថ្ពាល់​សាច់​នេះ​មិន​ចេះ​ចប់។

៤. ពិបាក​ថត​រូប

សម្រាប់​អ្នក​មាន​ទម្រង់​មុខ​តូច​ស្រាប់​គឺ ពួក​គេ​ងាយ​ស្រួល​ក្នុង​ការ​ថត​រូប​ទេ យ៉ាប់​តែ​អ្នក​មាន​ទម្រង់​មុខ​មូល​ ថ្ពាល់​ធំៗ​ប៉ុណ្ណោះ។ ពេល​ថត​រូប​ម្តងៗ​ត្រូវ​រើស​ប្លង់​ខ្លាំង​ណាស់​ទើប​ស័ក្តិសម​នឹង​មុខ បើ​មិន​ដូច្នោះ​ថត​មក​ឃើញ​តែ​ថ្ពាល់​តែ​ម្តង។ បើ​ថត​រូប​ selfie ខ្លួន​ឯង​វិញ ត្រូវ​ងាកក​ចុះ​ឡើង​ ទម្រាំ​តែ​ត្រូវ​ទម្រង់​មុខ​គឺ​ងាក​ឡើង​ចង់​ចុក​ក​អស់​ហើយ។

រូបតំណាង

៥. គេ​ច្រឡំ​ថា​កូន​ក្មេង

អ្នក​មាន​មុខ​មូលៗ​ទៅ​ណា​មក​ណា​ បើ​គេ​មិន​ស្គាល់​ទេ ​គេ​ច្បាស់​ជា​ថា​ក្មេង​ជាង​អាយុ​ពិត​យ៉ាង​ហោច ​៥ ​ឆ្នាំ។ រឿង​គេ​គិត​ថា​ក្មេង​នេះ ពេល​ខ្លះ​ល្អ ពេល​ខ្លះ​ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។ ជាពិសេស ពេល​បើក​បរ​តាម​ផ្លូវ ឬ ទៅ​ដើរ​លេង​តាម​កន្លែង​នានា គេ​ច្រើន​សុំ​មើល​អត្តសញ្ញាណប័ណ្ណ​ ព្រោះ​ខ្លាច​មិន​ទាន់​គ្រប់​អាយុ៕ ​​

រូបតំណាង

អានបន្ត៖ សារ​ខ្លីៗ​ស្រីៗ​អាន​រួច​នឹង​ញញឹម​ហើយ​ជឿជាក់​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង

ប្រភព៖ Cara ប្រែ​សម្រួល៖ Siyou Tang