ប្រកាន់ខ្ជាប់គំនិត៤យ៉ាងនេះ ជាវិធីលើកទឹកចិត្តខ្លួនឯងដ៏ធំធេងនៅកន្លែងធ្វើការ
- 2020-01-02 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកាន់ខ្ជាប់គំនិត៤យ៉ាងនេះ ជាវិធីលើកទឹកចិត្តខ្លួនឯងដ៏ធំធេងនៅកន្លែងធ្វើការ
ការគិតទៅលើរឿងល្អៗ ពិតជាបានជួយផ្ដល់ថាមពលវិជ្ជមានយ៉ាងខ្លាំងក្លា។ ដូច្នេះហើយ ការមានទំនួលខុសត្រូវ ពិសេសនៅកន្លែងធ្វើការពិតជាជំរុញឲ្យប្រសិទ្ធភាពការងារកាន់តែរលូន និងសប្បាយរីករាយនូវអ្វីដែលបានធ្វើថ្ងៃនេះ។ ម្ល៉ោះហើយ អ្នកគួរទម្លាប់គិតលើចំណុចទាំង៤ខាងក្រោម ដើម្បីផ្លាស់ប្តូរចិត្តគំនិតនិងអត្តចរិតលើការងារតាមវិធីនេះ។
**១. មោទកភាពនឹងលទ្ធផលការងាររបស់អ្នក**
នៅពេលចូលធ្វើការ អ្នកមិនចាំបាច់រង់ចាំអ្នកណាមកសរសើរអ្នកឡើយ ។ បើឃើញលទ្ធផលការងារល្អហើយ នៅចាំអីទៀត ត្រូវស្មោះត្រង់នឹងខ្លួនឯង ហើយកោតសរសើរនឹងលទ្ធផលនេះ។ ការងារបានផ្លាស់ប្ដូរមនុស្សជាច្រើនឲ្យចាស់ចិត្តចាស់គំនិត មានទំនួលខុសត្រូវ យកចិត្តទុកដាក់។ ធ្វើអ្វីដែលអ្នកស្រលាញ់ ព្រោះគ្មាននរណាអាចស៊ូទ្រាំនឹងអ្វីមួយដែលខ្លួនមិនស្រលាញ់បានយូរនោះទេ ដូច្នេះអ្នកត្រូវតែមោទកភាពលើខ្លួនឯង ពេលទទួលបានលទ្ធផលការងារល្អ។
២. ចាត់ទុកការងារប្រៀបដូចជាហ្គេម លេងយ៉ាងណាត្រូវតែឈ្នះ
មនុស្សជាច្រើនតែងមានបញ្ហាស្មុគស្មាញនៅកន្លែងធ្វើការ។ បើមិនដោះស្រាយ ពីមួយថ្ងៃទៅមួយថ្ងៃនឹងមើលឃើញតែរឿងទុទិដ្ឋិនិយមឥតឈប់ឈរ។ នេះជាតិចនិកមួយទៀតដើម្បីពង្រឹងការយល់ឃើញរបស់អ្នក គឺត្រូវដោះស្រាយបញ្ហាការងារដូចជាលេងហ្គេម ។ បើអ្នកដោះស្រាយបាន នោះនឹងក្លាយជាអ្នកឈ្នះលើបញ្ហាទាំងនោះភ្លាមមួយរំពេច ហើយវាក៏ជួយពង្រឹងជំនាញរបស់អ្នកឆ្ពោះទៅកម្រិតមួយថែមទៀត។
៣. មើលឃើញការពិបាកទៅជាងាយស្រួល សាកល្បងធ្វើសិន កុំប្រញាប់ហារមាត់បដិសេធ
ក្នុងជីវិតរបស់មនុស្សដល់វ័យធ្វើការ ប្រាកដជាត្រូវប្រឈមរឿង២យ៉ាង មួយគឺពិបាក មួយទៀតគឺងាយស្រួល។ យ៉ាងណាក៏ដោយ វាអាស្រ័យលើផ្នត់គំនិតរបស់អ្នកទៅលើរឿងដែលកើតឡើង។ អ្នកនឹងសាកល្បងធ្វើវាសិន ឬក៏សម្រេចចិត្តថាអត់ដោយដាច់អហង្ការ។ ពេលខ្លះ មានរឿងរ៉ាវមួយចំនួនគឺមើលទៅពិតជាពិបាកណាស់ ប៉ុន្តែនៅពេលចាប់ផ្ដើមធ្វើ វាបែរជាងាយស្រួលទៅវិញ ហើយថែមទាំងជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកបានថែមទៀត។
៤. ជឿជាក់លើសមត្ថភាពខ្លួនឯង
កុំខ្លាចនឹងបង្ហាញអារម្មណ៍ចំពោះខ្លួនឯង មិនថាអ្នកសម្រេចចិត្តបែបណាទេ ត្រូវតែជឿជាក់លើលទ្ធភាពខ្លួនឯង និងគោរពខ្លួនឯង។ នេះជាការចាត់ទុកថា បានជួយបង្កើតអត្តចរិតថ្លៃថ្នូរចំពោះខ្លួនយើង។ គ្មាននរណាអាចគាំទ្រខ្លួនយើងបានខ្លាំងជាខ្លួនរបស់អ្នកផ្ទាល់នោះទេ។ ម្ល៉ោះហើយត្រូវតែប្រាប់ខ្លួនឯងថា អ្នកជាមនុស្សឆ្លាត ដែលនេះជាការលើកទឹកចិត្តដ៏ធំធេងបំផុតចំពោះខ្លួនឯង។
អានបន្ត៖ អាចឆ្លងកាត់ដំណាក់កាលលំបាកៗបាន ទាល់តែមនុស្សម្នាក់ៗចេះគិតបែបនេះ