ភាពសាមញ្ញ ៧ យ៉ាង របស់មនុស្សស្រី ដែលជាមន្តស្នេហ៍ដក់ជាប់ក្នុងបេះដូងបុរសៗ
- 2019-10-28 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពសាមញ្ញ ៧ យ៉ាង របស់មនុស្សស្រី ដែលជាមន្តស្នេហ៍ដក់ជាប់ក្នុងបេះដូងបុរសៗ
ជារឿងធម្មជាតិរបស់មនុស្សប្រុស ដែលចូលចិត្តសម្លឹងមើលមនុស្សស្រីមានសម្រស់ស្រស់ស្អាតទាក់ទាញ។ ប៉ុន្តែកុំភ្លេចថា វាគ្រាន់តែជាផ្នែកមួយនៃសំបកក្រៅប៉ុណ្ណោះ។ មន្តស្នេហ៍ដែលអាចស្ថិតនៅជាប់ក្នុងបេះដូងបុរសយូរអង្វែង អាស្រ័យលើផ្នែកខាងក្នុងជាចម្បង។ ទោះមើលទៅមានលក្ខណៈសាមញ្ញៗពិតមែន ប៉ុន្តែវាសុទ្ធសឹងតែជាចំណុចពិសេសរបស់មនុស្សស្រី ដែលមិនអាចកាត់ថ្លៃបាន។
១. មនុស្សស្រីដែលមិនបារម្ភពីសម្រស់ខ្លាំងពេក
កើតជាមនុស្សស្រី មិនមែនមានន័យថា ត្រូវតែគិតគូរបារម្ភពីសម្រស់គ្រប់ពេលវេលាពេកនោះទេ។ នៅពេលស្រលាញ់គ្នាឬក្នុងថ្ងៃណាត់ជួបដំបូង អ្នកអាចនឹងខ្វាយខ្វល់ពីការតុបតែងខ្លួនបន្តិចមែន ប៉ុន្តែបើសូម្បីថ្ងៃធម្មតា ពេលត្រូវទៅដើរផ្សារតិចតួច ឬនៅក្នុងផ្ទះសោះ អ្នកចំណាយពេលរាប់ម៉ោងដើម្បីធ្វើខ្លួនដែរនោះ វាជារឿងគួរឲ្យធុញទ្រាន់បាត់បង់ភាពទាក់ទាញទៅវិញទេ។ មានពេលធ្វើខ្លួនស្អាតហើយក៏មានពេលសាមញ្ញគ្មានអ្វីចម្លែក ព្រោះអ្នកក្លាហានហ៊ានបញ្ចេញសម្រស់ធម្មជាតិ មិនពឹងតែលើម្សៅក្រែម ដើម្បីមកបិទបាំង។
២. មនុស្សស្រីដែលមានអារម្មណ៍ល្អនិងចេះកំប្លែង
នៅពេលអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ មានភាពកំប្លុកកំប្លែងនៅក្នុងខ្លួន មិនត្រឹមតែជួយបង្កើនសម្រស់ប៉ុណ្ណោះទេ ថែមទាំងមើលទៅគួរឲ្យស្រលាញ់ខ្លាំងណាស់។ ភាពរម្យទមថ្លៃថ្នូរជារឿងចាំបាច់ ហើយការចេះលេងសើចក្រមិចក្រមើម បត់បែនតាមកាលៈទេសៈ ជាអ្វីដែលមិនអាចខ្វះបាន។
៣. មនុស្សស្រីដែលមើលថែរក្សាស្រលាញ់ខ្លួនឯង
ធ្វើជាមនុស្សស្រីទន់ភ្លន់ គឺជាមន្តសេ្នហ៍ម្យ៉ាង អ្វីដែលកាន់តែពិសេសជាងនេះ នៅពេលអ្នកក្លាយជាមនុស្សស្រីរឹងមាំ មិនទន់ជ្រាយ មិនតក់ស្លុតនឹងបញ្ហា និងចេះមើលថែរក្សាស្រលាញ់ខ្លួនឯង មុនប្រគល់ក្តីស្រលាញ់ឲ្យទៅអ្នកដទៃ។
៤. មនុស្សស្រីដែលចេះស្តាប់ពីហេតុផលច្រើនជាងនិយាយវែកញែក
ភាគច្រើនគេតែងនិយាយថា មនុស្សស្រីដែលនៅលីវយូរ គឺដោយសារតែនាង មានចំណេះដឹងខ្ពស់ខ្លាំងនិងមានសមត្ថភាពអាចធ្វើកិច្ចការបានច្រើនយ៉ាង។ ពិតណាស់ ថ្វីត្បិតតែបុរសស្រលាញ់នារីវៃឆ្លាតមានអត្តចរិតល្អ ស្របពេលជាមួយគ្នានេះដែរ គាត់ត្រូវការមនុស្សស្រីដែលចេះបន្ទាប់ខ្លួនខ្លះ អាចស្តាប់ពីហេតុផល មិនចចេសមានៈចង់ឈ្នះតែម្នាក់ឯង និងមិនតាំងខ្លួនជាចៅហ្វាយនាយចង់បង្គាប់បញ្ជាឲ្យគេធ្វើតាមគ្រប់រឿង។
៥. មនុស្សស្រីដែលស្អាតបែបធម្មជាតិ
មានមនុស្សមិនតិចទេ ដែលចោតសួរពីអត្ថន័យនៃសម្រស់ធម្មជាតិ។ អ្នកខ្លះឆ្ងល់ថា ចុះស្រីៗដែលទៅវះកាត់កែសម្ផស្ស អាចហៅថាស្អាតបែបធម្មជាតិបានទៀតដែរឬទេ?
ភាពស្អាតពីធម្មជាតិមិនមែនសម្តៅលើរូបសម្បត្តិខាងក្រៅតែមួយមុខឡើយ វាក៏ស្ថិតនៅលើចិត្តគំនិតជាធំផងដែរ។ អ្នកគួរតែស្រលាញ់ពេញចិត្តនូវអ្វី ដែលមានស្រាប់ពីកំណើត ហើយបើគិតថាការកែកុន អាចបន្ថែមទំនុកចិត្តសម្រាប់ខ្លួនឯង អាចពិចារណាធ្វើការសម្រេចចិត្តបាន ប៉ុន្តែមិនគួរធ្វើហួសព្រំដែន រហូតបាត់បង់ភាពជាធម្មជាតិឡើយ។
៦. មនុស្សស្រីដែលចូលចង្រ្កានចេះចម្អិនម្ហូប
ស្តាប់ទៅហាក់បីដូចជាគំនិតបែបបុរាណ ព្រោះមនុស្សស្រីសម័យទំនើប តែងមមាញឹកនឹងការងារមិនសូវមានពេលចូលចង្ក្រាន និងមិនសូវខុសពីខាងបុរសប៉ុន្មានទេ។ ទោះជាបែបនេះក្តី ប្រសិនបើអ្នកចេះទាំងការងារក្រៅផ្ទះ និងវិជ្ជាមេផ្ទះបន្ថែមទៀត ពិតជាអស្ចារ្យមិនងាយរកបាន។
៧. មនុស្សស្រីដែលចេះយកចិត្តទុកដាក់លើកិច្ចការតូចធំទាំងឡាយ
ជាទូទៅ មនុស្សប្រុសមិនសូវបានយកចិត្តទុកដាក់ចំពោះរឿងតូចតាចនោះទេ ប៉ុន្តែនៅពេលមនុស្សស្រីដែលគាត់ស្រលាញ់មានចំណុចមួយនេះ ដូចជានាងយកចិត្តទុកដាក់លើបញ្ហាតូចធំនានា ចេះជួយរំឭកនូវអ្វីដែលគាត់ភ្លេច ស្រលាញ់បារម្ភពីគាត់គ្រប់ពេល រួមទាំងផ្តល់កម្លាំងចិត្ត ជាហេតុធ្វើគាត់ កាន់តែលង់ស្រលាញ់ទ្វេដងគ្មានថ្ងៃដកថយ៕
ចុចអានបន្ត៖ មើលឲ្យហើយមុនរៀបការ! ស្រីៗគួរជៀសបុរសមានចរិត ៧ប្រភេទនេះ