សាក៣វិធីនេះ ជឿជាក់ថាពិតជាអាចយកឈ្នះចិត្តមនុស្សបាន
- 2019-09-23 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាក៣វិធីនេះ ជឿជាក់ថាពិតជាអាចយកឈ្នះចិត្តមនុស្សបាន
រស់នៅក្នុងសង្គម ចាំបាច់ត្រូវមានទំនាក់ទំនង ព្រោះអ្នកមិនមែនជាកោះទេ។ ប៉ុន្តែពេលខ្លះ អ្នកពិបាកចុះសម្រុង ឬមិនអាចយកឈ្នះចិត្តរបស់អ្នកណាម្នាក់បាន ។ មាន៣វិធី ដែលអ្នកអាចបង្រៀនខ្លួនឯងក្នុងជីវិត ដើម្បីយកឈ្នះចិត្តរបស់មនុស្សបាន ។ ទាំងនេះនឹងជួយឲ្យអ្នករស់នៅប្រកបដោយភាពរុងរឿង សប្បាយរីករាយបាន។
១. ពាក្យសម្ដីពីរោះពិសា
ចាស់ៗតែងទូន្មានថា "ក្តីស៊ីរាក់ ត្រជាក់ស៊ីជ្រៅ" ដែលចង់សំដៅថា បើអ្នកនិយាយស្ដីដោយកាយវិការសមរម្យនោះអ្នកផងណាក៏ចូលចិត្ត សូម្បីតែមនុស្សដែលមានចិត្តក្តៅដូចកប៉ាល់ភ្លើង ក៏ប្រែជាចិត្តស្ងប់ដែរ។ តែបើសម្តីដូចជះទាំងកន្ថោ អ្នកមិនអាចសម្រេចផលអ្វីបានទាំងអស់។ ថាមិនស្រួលអ្នកអាចស្លាប់ដោយសារតែសម្តីនិយាយអត់ចេះគិតទៀត។ ពាក្យសម្តីទន់ភ្លន់ ជាអាវុធអាចចូលជ្រៅក្នុងបេះដូងមនុស្សបាន ព្រមទាំងបង្កើតទំនុកចិត្តនិងភាពជឿជាក់។ មនុស្សជោគជ័យដែលមានការងារល្អតែងតែប្រើប្រាស់នូវភាសាបែបមនុស្សចិត្តត្រជាក់។ គេដឹងពីរបៀបនិយាយ ថាពាក្យបែបនេះគួរនិយាយពេលណា ពាក្យបែបនោះកុំនិយាយល្អជាង។ ដូច្នេះហើយ ទើបគេថា ពាក្យសម្តីពីរោះពិសា ពិតជាអាចយកឈ្នះចិត្តមនុស្សបានយ៉ាងងាយ។
២. ចេះជួយអ្នកដទៃ
ចិត្តល្អ ទោះទៅដល់ទីណាក៏មិនខ្វះញាតិរាប់ដែរ ដូច្នេះទោះមនុស្សចិត្តអាក្រក់យ៉ាងណាក៏ប្រែជាចិត្តទន់ដូចសំឡី ដោយសារអំពើល្អរបស់អ្នក។ ធ្វើអ្វីគិតប្រយោជន៍រួម ជាផ្លូវបង្ហាញថា មនុស្សគ្រប់គ្នាឲ្យតម្លៃអ្នកមិនអាចកាត់ថ្លៃបាន។ ការជួយដោយមិនសម្លឹងពីផលប្រយោជន៍ មនុស្សនោះនឹងតបស្នងវិញដោយការដឹងគុណ ព្រមទាំងសន្តានចិត្តរបស់អ្នកទទួល ហើយសកម្មភាពទាំងនេះហើយដែលធ្វើឲ្យអ្នកអាចហោះចូលក្នុងក្រអៅបេះដូងរបស់ពួកគេបាន។
៣. គោរព
បង្ហាញពីការគោរព ជាចំណុចមុតស្រួចដែលមានតែមនុស្សឆ្លាតវៃតែងប្រើប្រាស់ប្រចាំថ្ងៃ។ មិនថានៅកន្លែងធ្វើការ អ្នកកុំប្រញាប់រអ៊ូរទាំ ឬស្តីបន្ទោសកំហុសអ្នកដទៃ គួរយកចិត្តគេមកដាក់ចិត្តខ្លួនឯង។ ក្នុងសង្គម ទំនាក់ទំនងគឺជារឿងសំខាន់។ អ្នកមិនមែនចាំតែសុំជំនួយពីគេទេ មានពេលខ្លះអ្នកត្រូវជួយគេវិញ ដែលនេះហៅថាជាការគោរពគ្នាទៅវិញទៅមក៕
ចុចអាន៖ ច្បាស់ដូចថ្ងៃ! ចង់ដឹងមនុស្សនោះស្មោះត្រង់ឬអត់ គ្រាន់តែមើលប៉ុន្មានចំណុចនេះ