ទម្លាប់អាក្រក់ ៨ យ៉ាង ធ្វើឲ្យស្បែកឆាប់ចាស់ជ្រីវជ្រួញមុនវ័យ

  • 2019-07-29 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​អាច​គិត​ថា ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង​រស់រាន​មាន​ជីវិត​ម្តង​ទៀត​លុះ​ត្រា​តែ​ត្រូវ​ចំណាយ​លុយ​ច្រើន ដើម្បី​​ទិញ​ផលិតផល​រាប់​មុខ​យក​ប្រើ​ប្រាស់​ជា​ប្រចាំ។ យ៉ាង​ណា​ក៏​ដោយ​ លទ្ធផល​មិន​មែន​​ដូច​អ្វី​ដែល​អ្នក​បាន​រំពឹង​ទុក​ទាំង​ស្រុង​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ក្មេង​បាន​យូរ​ មិន​ឆាប់​ចាស់​ជ្រីវជ្រួញ​មុន​វ័យ គួរ​បោះចោល​​ទម្លាប់​អាក្រក់​ទាំង​នេះ​សិន។

១. ប្រើ​ស្រ្កាប់​ខាត់​មុខ​ញឹកញាប់ពេក

ពេល​​អ្នក​ប្រើ​ស្រ្កាប់​ដើម្បី​ដុស​ខាត់​មុខ​ញឹក​ញាប់​ពេក មិន​ត្រឹម​តែ​បំផ្លាញ​ស្រទាប់​ស្បែក​ខាង​លើ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​ប្រេង​ធម្មជាតិ​នៅ​លើ​ស្បែក​មុខ បណ្តាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្ងួត​ និង​ឆាប់​​ចេញ​មុន។

២. លាប​​គ្រីម​ការពារ​ជ្រួញ​តែ​មួយ​មុខ

ស្នាម​ជ្រួញ​​ដែល​កើត​មាន​នៅ​លើ​មុខ​ហើយ​ មិន​អាច​បាត់​ទៅ​វិញ​ទាំង​ស្រុង​ឡើយ ប៉ុន្តែ​​មាន​វិធី​ពន្យា​ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​ឆាប់​លេច​ចេញ​ស្នាម​ជ្រួញ​លឿន​ពេក​។ ការ​ប្រើ​ប្រាស់​គ្រីម​​ទប់​ស្កាត់​ជ្រួញ​តែ​មុខ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​សំណើម និង​ប្រើប្រាស់​ផលិតផល​ឲ្យ​ត្រឹម​ត្រួវ​តាម​​​ដំណាក់កាល​​រាល់​ថ្ងៃ។

៣. ប្រើ​កន្សែង​ជូត បន្ទាប់​ពី​លាង​មុខ

ការ​ប្រើ​កន្សែង​មក​ជូត​សម្ងួត​ខ្លាំង​ៗ​​ បន្ទាប់​ពី​លាង​មុខ​រួច​ អាច​បំផ្លាញ​ស្បែក​​យ៉ាង​ខ្លាំង​។ វិធី​ល្អ​បំផុត គួរ​​ជូត​ថ្នម​ៗ​​ផ្តិត​តិចៗ​និង​​ទុក​​ឲ្យ​ស្ងួត​​ដោយ​ឯងៗ។ ជាពិសេស ត្រូវ​ប្រើ​កន្សែង​​សាច់​ទន់ សម្រាប់​ស្បែក​មុខ​ មិន​ឡូកឡំ​ជាមួយ​កន្សែង​ជូត​ខ្លួន​។

៤. ទម្លាក់​សក់​ចុះ នៅ​ពេល​គេង

​សក់​របស់​អ្នក​​មាន​ជាប់​ជាមួយ​ជាតិ​ប្រេង និង​ជាតិ​កខ្វក់​ច្រើន​ខ្លាំង​ណាស់​ ដូច្នេះ​ហើយ​វា​អាច​បំផ្លាញ​ស្បែក​បាន​យ៉ាង​ងាយ។ ពេល​គេង គួរ​លើក​សក់​ទៅ​លើ​ឡើង​​ឲ្យ​ផុត​ស្រឡះ​ពី​សាច់​មុខ។

៥. មិន​ផ្លាស់​ប្តូរ​ស្រោម​ខ្នើយ​ញឹកញាប់

នៅ​លើ​ស្រោម​ខ្នើយ មាន​ជាប់​កោសិកា​ងាប់ៗ​ ធូលី និង​ជាតិ​កខ្វក់​គ្រប់​បែប​យ៉ាង​ ដូច្នេះ​ត្រូវ​ផ្លាស់​ប្តូរ​ យ៉ាង​ហោច​ណាស់​មួយ​សប្តាហ៍​ម្តង។

៦. មិន​ប្រើ​ម៉ាស់​ភក់

ម៉ាស់​ភក់ (Clay Mask) ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល​លោក​ថា ពិត​ជា​ល្អ​សម្រាប់​ស្បែក​គ្រប់​ច្រើន​ប្រភេទ​។ វា​មាន​តួនាទី ជួយ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់​ថ្លា ​កម្ចាត់​មុន​ និង​ផ្ចិត​រន្ធ​រោម​ផង​ដែរ។

៧. មិន​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​គ្រប់​គ្រាន់

បន្លែ​ផ្លែ​ឈើ​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​ក្រៃ​លែង​ចំពោះ​សុខភាព​ស្បែក ក្នុង​នោះ​មាន​ដូច​ជា៖

  • ផ្កា​ខាត់ណា​​បៃ​តង​៖ ជួយ​កាត់​បន្ថយ​អាការៈ​ស្បែក​ហើម​ក្រហម ក្រោយ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង។

  • ប៉េងប៉ោះ និង ផ្លែ​អា​ព្រី​ខុ​ត (Apricot)៖ ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​​នៃ​ពន្លឺ​ព្រះ​អាទិត្យ។

  • ការ៉ុត​និង​ផ្លែ​ប៉េះ​៖ ញ៉ាំ​ជា​ប្រចាំ​ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ពី​ខាង​ក្នុង។

៨. គិត​តែ​បិតបាំង​ មិន​រក​វិធី​ព្យាបាល​ពី​ខាង​ក្នុង

ពេល​កើត​មុន​ឬ​នៅ​សល់​ស្នាម​មុន បើ​អ្នក​គិត​តែ​ប្រើ​ម្សៅ​មក​បិត​បាំង​ជា​ប្រចាំ​នោះ​ វា​មិន​ល្អ​សោះ​ឡើយ។ ដើម្បី​ស្រោច​ស្រង់​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា​ឡើង​វិញ​ គួរ​​​ទៅ​ជួប​អ្នក​ជំនាញ ឬ​វិធី​ព្យាបាល​ណា​ដែល​មាន​ប្រសិទ្ធិភាព​ទើប​ល្អ។

តើ​អ្នក​មាន​ទម្លាប់​ដូច​​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​ ប៉ុន្មាន​​ចំណុច​ដែរ? បើ​មាន​​មែន​ ត្រូវ​ព្យាយាម​បោះ​ចោល​ឲ្យ​អស់ ទើប​ស្បែក​មិន​ឆាប់​ចាស់​ជ្រីវជ្រួញ៕

ចុចអានបន្ត៖ ប្រយ័ត្នស៊យធំ! កុំលាបពណ៌សក់ឱ្យសោះបើអ្នកកំពុងមានបញ្ហាទាំង៤នេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម