នេះហើយគំនិតល្អជួយស្រ្តីខ្មែរឲ្យមានសមត្ថភាពខ្លាំង លុយចាយខ្លួនឯងពេញៗដៃ

  • 2019-07-13 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ស្ត្រី​ខ្មែរ​បាន​តស៊ូ​ពុះពារ ​កសាង​សមត្ថភាព រហូត​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​ចូលរួម​ជាមួយ​បុរស​ ជំរុញ​សេដ្ឋកិច្ច​គ្រួសារ ជាតិ និង​ការអភិវឌ្ឍន៍​នានា​នៅ​ជុំវិញ​ពិភពលោក។

កន្លង​ទៅ​មាន​ទស្សនៈ​មួយ​ចំនួន ហាក់​មាន​ភាព​ចាស់​គំរឹល​ ដែល​បាន​ដាក់​បន្ទុក និង​បន្ទច់បង្អាក់​ បិទ​ឱកាស​ស្ត្រី​ ដូចជា៖ ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ឬ​ស្ត្រី​មិន​ចាំ​បាច់​ចេះ​ដឹង​ ឬ​ពូកែ​រក​លុយ​ពេក​ទេ យ៉ាងណា​ក៏​គង់​តែ​ក្លាយ​ជា​ប្រពន្ធ​គេ និង​ម្ដាយ​គេ​ដដែលៗ។

រូបតំណាង

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ស្ត្រី​សម័យ​ថ្មី ​បាន​ងាក​មក​ចាប់​អារម្មណ៍​រឿង​លុយ​កាក់ ឬ​ហៅ​ថា​សេរីភាព​ហិរញ្ញវត្ថុ ដើម្បី​អាច​សម្រេច​បំណង​ប្រាថ្នា​សម្រាប់​ជីវិត និង​ចូលរួម​សកម្មភាព​សង្គម​​​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។

បច្ចុប្បន្ន​ ស្ត្រី​ខ្មែរ​ដែល​មាន​​សមត្ថភាព ភាគច្រើន​មាន​ចំណេះដឹង​ជ្រៅជ្រះ និង​មាន​លំនឹង​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ឬ​ហៅថា​សេរីភាព​លុយកាក់។ ក្រៅ​ពី​ជួយ​ខ្លួនឯង ស្ត្រី​ទាំង​នោះ​បាន​ក្លាយ​ជា​បង្គោល​ដ៏​រឹងមាំ​សម្រាប់​គ្រួសារ និង​ជា​អ្នក​ម្ដាយ​ដ៏​ឆ្លាតវៃ ដោយ​មិន​ចាំបាច់​ចាំ​តែ​លា​ដៃ​សុំ​លុយ​ប្ដី​ចាយ​វាយ ឬ​រស់នៅ​ស្ថិត​ក្រោម​សំពាធ​លុយ​កាក់​ទៀត​ទេ។

រូបភាពផ្តល់ឲ្យ ដោយ៖ លោកស្រី ឡុង ទេពធីតា

ជា​ស្ត្រី​សម័យ​ថ្មី​មួយ​រូប​ដែល​មាន​ទាំង​សមត្ថភាព ការ​តាំង​ចិត្ត​ខ្ពស់ និង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត លោកស្រី ឡុង ទេពធីតា ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Decoration Partner Co.LTD បាន​ប្រាប់​ កញ្ញា​ថា សេរីភាព​ហិរញ្ញវត្ថុ​ជា​ចំណែក​​សំខាន់​ជំរុញ​ស្ត្រី​ឲ្យ​មាន​ឱកាស​​ល្អ​សម្រេច​គោលដៅ​ជីវិត អាច​មាន​សម្ភារៈ​ទាន់សម័យ Brand Brand ដែល​ខ្លួន​ស្រឡាញ់ និង​ថែម​ទាំង​អាច​ចែករំលែក​ធនធាន​ទៅ​កាន់​សង្គម​ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន។

រូបតំណាង

មុន​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ និង​ទាន់​សម័យ ជា​បទពិសោធន៍​លោកស្រី ឡុង ទេពធីតា ដែល​មាន​ជំនួញ​ក្នុង​ដៃ​មួយ​រូប​ផង សូម​លើក​ទឹក​ចិត្ត​ស្ត្រី​ត្រូវ​ហ៊ាន​បង្កើត​ក្ដី​ស្រមៃ​ឲ្យ​ធំ ដុះ​ខាត់​សមត្ថភាព​ ជំនាញ​ឲ្យ​ខ្លាំង និង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​សម្រេច​ផែនការ​ជីវិត​ទាំងនោះ។

រូបភាពផ្តល់ឲ្យ ដោយ៖ លោកស្រី ឡុង ទេពធីតា

លោកស្រី​បន្ត​ថា ចំពោះ​ស្ត្រី​ដែល​មាន ដែល​ស្វាមី និង​កូន​ៗ គឺ​រឹតតែ​សំខាន់ មិន​គួរ​បិទ​ឱកាស​ខ្លួនឯង​ដោយ​គិត​ថា​ស្រីៗ ​គួរ​នៅ​តែ​ផ្ទះ​មើល​កូន ប៉ុន្តែ​និង​ត្រូវ​ពង្រឹង​ខ្លួន​ឯង​ តាមរយៈ​ការ​ចូលរួម​សកម្មភាព​សង្គម​ឲ្យ​ច្រើន​ ដូចជា ចូល​កម្មវិធី​ស្ដី​ពី​សហគ្រិន​ស្ត្រី និង​វគ្គ​ខ្លី​ៗ​នានា​ស្ដី​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ជាដើម។

របាយការណ៍​ស្ដី​ពី​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​០៣​ និង​ផែនការ​យុទ្ធសាស្ត្រ​ទី​០៤​ របស់​ក្រសួង​កិច្ចការ​នារី​ បាន​លើកកម្ពស់​ការ​យល់​ដឹង​សង្គម​ក្នុង​ការ​ផ្ដល់​ភាព​ក្លាហាន​ផ្នែក​សេដ្ឋកិច្ច​ ដល់​ស្ត្រី​។ វា​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ តាម​រយៈ​ការ​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ​ ហើយ​ស្ត្រី​ក៏​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​សង្គម​ជាតិ​។

លោក  ង៉ែត  ជូ

លោក  ង៉ែត  ជូ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច  និង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ ហៅ​កាត់ (EMC) បាន​មាន​ប្រសាសន៍​ថា សេរីភាព​ហិរញ្ញវត្ថុ​ពិតជា​មាន​ប្រយោជន៍​សំខាន់​សម្រាប់​ស្ត្រី ព្រោះ​ស្ត្រី​ជា​ទូទៅ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​កូន​ជាង​បុរស​ជា​ប្ដី។

បើ​សិន​ជា​ស្ត្រី​មាន​លំនឹង​រឿង​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន មិន​ចាំបាច់​ធ្វើ​ការងារ​ពេញ​ម៉ោង​ នោះ​ស្ត្រី​អាច​មាន​ពេល​មើល​ថែទាំ​ និង​អប់រំ​កូន​ៗ​បាន​យ៉ាង​ល្អ។ ម្យ៉ាង​វិញ​ទៀត វា​អាច​ជួយ​ស្ត្រី​ឲ្យ​ពេល​វេលា​សម្រាប់​ខ្លួនឯង និង​ការ​អភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម​សកម្មភាព​សង្គម។

គិត​ត្រឹម​ឆ្នាំ​២០១៦ នៅ​ប្រទេស​កម្ពុជា​ ចំនួន​ស្ត្រី​មាន​ប្រមាណ ៥១% នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ប្រទេស នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​សភា​កម្ពុជា។

មាន​ទស្សនៈ​យល់ឃើញ​ខុស​ៗ​គ្នា​ទាក់ទង​នឹង​ស្ត្រី​មាន​សេរីភាព​ហិរញ្ញវត្ថុ ឬ​លុយកាក់​នេះ។ មនុស្ស​មួយ​ចំនួន ហាក់​យល់​ច្រឡំ​នឹង​និយមន័យ​សេរីភាព​ហិរញ្ញវត្ថុ ។ អ្នកខ្លះ​យល់​ថា ទាល់​តែ​មាន​លុយ​វាល់​លាន​ដុល្លារ ដូច​សេដ្ឋី ឬ​អ្នក​មាន​ៗ។ អ្នក​ខ្លះ​ទៀត មិន​សូវ​ចាប់​អារម្មណ៍​រឿង​សន្សំ គឺ​ចាយ​សល់ ទើប​នឹក​ឃើញ​ទុក​ខ្លះ។ ហើយ​ខ្លះ ចេះ​ឆ្ងល់​ថា ខំ​ប្រឹង​នឹង​គេ​ដែរ មិន​មាន​បាន​សោះ?

ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច លោក  ង៉ែត  ជូ បាន​ពន្យល់​បន្ត​ថា វា​មាន​និយមន័យ​ខុស​ៗ​ច្រើន ទៅ​តាម​បុគ្គល​ម្នាក់​ៗ។ សេរីភាព​ហិរញ្ញវត្ថុ​គឺ​ជា​លទ្ធភាព​នៃ​ការ​រស់ ឬ​ប្រកប​មុខរបរ ធ្វើអ្វី​ដែល​ខ្លួន​ស្រឡាញ់ និង​នៅ​ដោយ​រីករាយ ហើយ​មិន​ស្ថិត​ក្រោម​សំពាធ​ផ្នែក​ហិរញ្ញវត្ថុ។ ក្នុង​ន័យ​នេះ​លោក ង៉ែត ជូ បាន​បញ្ជាក់​ថា​វា​សំដៅ​ដល់​ការ​មាន​ប្រាក់​ទ្រទ្រង់​នានា ទៅ​តាម​ចំណេះដឹង និង​វិន័យ​ហិរញ្ញវត្ថុ​ទៅ​តាម​បុគ្គល​ម្នាក់​ៗ​មាន។

មាន​មតិ​ខ្លះ​ទៀត​ថា រឿង​លុយកាក់​ជា​បន្ទុក​របស់​ស្ត្រី ប្រុស​ៗ​មិនបាច់​ខ្វល់​ទេ។ ទាល់​តែ​លំដាប់​សេដ្ឋី​ចាយ​លុយ​លែង​អស់ ទើប​រាប់​ថា​អ្នក​មាន​សេរីភាព​ហិរញ្ញវត្ថុ។ អ្នក​ខ្លះ​ទៀត​ថា​ ត្រឹម​អ្នក​ធម្មតា ទោះ​រក​យ៉ាង​ណា​ក៏​ត្រឹម​តែ​មួយ​រស់​ៗ មិនបាច់​ប្រឹង​ពេក​ទេ បើ​ពេល​ខ្វះខាត​អាច​រត់​រក​ខ្ចី​ធនាគារ​បាន បង់​តែ​ការ​ប្រាក់​គេ​ទៅ។

កញ្ញា រ៉ុន សុ​ភី

ឆ្លើយតប​នឹង​មតិ​ខាងលើ កញ្ញា រ៉ុន សុ​ភី ជា​ស្ត្រី​ខ្មែរ​ម្នាក់​ល្បី​ឈ្មោះ​តាម​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​មាន​ប្រវត្តិ​ជីវិត​តស៊ូ​រស់នៅ​លើ​គំនរ​សំរាម មិន​គាំទ្រ​ទេ។

ទោះ​មាន​ប្រវត្តិ​ជីវិត​លំបាកលំបិន​បែប​ណា សុ​ភី ដែល​ជា​ក្មេង​ស្រី​​ដំបូង​សម្រាប់​អង្គការ CCF ​ដែល​ទទួល​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា​នៅ​សាកល​វិទ្យាល័យ​មែល​ប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​តែ​មាន​ការ​គិត​វិជ្ជមាន និង​ចង់​ឲ្យ​ស្ត្រី​គួរ​មាន​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ល្អ។

បើ​បក​ទៅ​អតីតកាល សុភី​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​នាង​ធ្លាប់​មាន​ប្រវត្តិ និង​វិបត្តិ​រឿង​បំណុល​ច្រើន​ពេក​ ហើយ​គ្មាន​លទ្ធ​ភាព​សង ដែល​នេះ​ជា​មេរៀន​ជីវិត​ដែល​គួរ​ចងចាំ។

តាម​រយៈ​បទពិសោធន៍​នេះ សុភី​ចង់​ចែករំលែក​ និង​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ទាំងអស់ ទោះ​រស់នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ត្រូវ​មាន​ផែនការ​សន្សំ បង្កើន​ភាព​ក្លាហាន និង​យល់​ដឹង​ពី​សេរីភាព​ហិរញ្ញវត្ថុ ដើម្បី​សម្រេច​គោលដៅ​ជីវិត។

មួយ​វិញ​ទៀត យើង​ត្រូវ​មាន​ការ​បែង​បែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​រឿង​តម្រូវការ និង​ភាព​ចង់​បាន។ សុភី​ថា តម្រូវ​ការ​គឺ​ជា​រឿង​សំខាន់ អត់​មិន​បាន​សម្រាប់​ជីវិត ដូចជា​ការ​សិក្សា ដើម្បី​ពង្រឹង​សមត្ថភាព។ ចំណែក​ឯ ភាព​ចង់​បាន គ្រាន់​តែ​ជា​អារម្មណ៍​ចង់​បាន​អ្វី​មួយ ដូចជា​សម្ភារៈ​ក្រៅ​ខ្លួន ឬ​របស់​ណា​មិន​សូវ​ចាំបាច់ គួរ​កុំ​ចំណាយ​តែ​ម្ដង។ មួយវិញទៀត បើ​វា​មិនមែន​ជា​រឿង​ចាំ​បាច់​ខ្លាំង ហើយ​យើង​ក៏​មិន​មាន​ស្ថិរភាព​ចំណូល យើង​មិន​ក៏​គួរ​ឆាប់​ទទួល​សេវា​កម្ចី​ពី​ធនាគារ​ទេ ព្រោះ​វា​អាច​នាំ​បញ្ហា​ធំ។

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ ទាក់ទង​នឹង​ការ​ទទួល​សេវា​កម្ចី​នានា​ នាយក​ប្រតិបត្តិ​​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ ​លោក យុន សុវណ្ណា បាន​លើក​ឡើង​​ប្រាប់ Sabay ​ថា​ ការ​ប្រើ​ប្រាស់​កម្ចី​មាន​ប្រសិទ្ធិ​ភាព អ្នក​ខ្ចី​ត្រូវ​ប្រើ​កម្ចី​ក្នុង​គោល​ដៅ​ច្បាស់​លាស់​ដូច​ជា​ ប្រើ​ប្រាស់​កម្ចី​សម្រាប់​បង្កើត​ចំណូល ឬ​បន្ថែម​ចំណូល​ជាដើម​។​ លោក​ឲ្យ​ដឹង​ថា​បើ​ប្រ​ជា​ពល​រដ្ឋ​ដែល​មានគំនិត​ធ្វើអាជីវកម្ម តែ​នៅ​មាន​មន្ទិល​​លើ​គំនិត​របស់​ខ្លួន​ ដូច្នេះ​អ្នក​គួរ​រក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​ដែល​មាន​ផ្ដល់​សេវា​ប្រឹក្សា​យោបល់ មុន​នឹង​ខ្ចី​សម្រាប់​បង្កើត​អាជីវកម្ម។

បើ​តាម​របាយការណ៍​ធនាគារ​ជាតិ​ ក្នុង​ឆ្នាំ២០១៧ ចំនួន​អ្នក​ដាក់​ប្រាក់​សន្សំ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​៧ មាន ​១,៨លាន​នាក់។

ជា​ការ​ពិត រាល់​កម្ចី​គឺ​ជា​បន្ទុក​មួយ​កម្រិត ដែល​ត្រូវ​បង់​ការ​ប្រាក់​ត្រលប់​តាម​កំណត់ និង​ទៀងទាត់ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​ និង​ច្បាស់​គោលដៅ​ជា​មុន​សិន​ ទើប​អាច​បង្កើន​សេដ្ឋកិច្ច គេច​ចេញ​ពី​បំណុល​វន្ត ក។ មនុស្សមិនសូវចេះសន្សំ តែចូលចិត្តខ្ចីគេ។

រូបតំណាង

យើង​អាច​សង្កេត​ឃើញ​អ្នក​មាន​ផ្នត់​គំនិត​បែប​នេះ​ច្រើន​ជួប​បញ្ហា​លុយ​កាក់ ដែល​វា​​ពិត​ជា​រឿង​ដ៏​ស្មុគស្មាញ​បំផុត ប្រសិន​បើ​អ្នក​មិន​បាន​រៀបចំ​វា។ យើង​អាច​មើល​ឃើញ​តាម Status Facebook មិន​ថា​អ្នក​ស្គាល់​គ្នា​ជិត​ដិត ឬ​ស្គាល់​គ្នា​លំ​ៗ តែង​ប្រឈម​នឹង​រឿង​លុយ​កាក់ តាម​រយៈ​ការ​ខ្ចី ទាំង​មាន​ការ និង​គ្មាន​ការ​ប្រាក់ ឬ​បង្ខំ​ចិត្ត​ជួយ​ដោយសារ​តែ​ទើស​ទាល់​ចិត្ត​។ បន្ទាប់​មក​គេ​ឃើញ​មាន​ម្ចាស់​បំណុល​មួយ​ចំនួន និយម​បង្ហោះ​សារ​រំលឹក ឬ​ទារ​លុយ​អ្នក​ជំពាក់ ឬ​សារ​ព្រមាន​ទៅ​កាន់​អ្នក​ស៊ី​ដាច់​លុយ​ទាំង​ដើម​ទាំង​ការ​ជាដើម។

នា​ពេល​បច្ចុប្បន្ន​មនុស្ស​ខ្លះ​​និយម​ការ​រាប់​អាន​គ្នា បង្កប់​នូវ​គោល​បំណង​ដើម្បី​ផល​ប្រយោជន៍ ពោល​គឺ​លួច​មាន​កូន​ចិត្ត​ចង់​ពឹង​ ឬ​ទុក​គ្រាន់​ខ្ចី​លុយ។ ចំណុច​នេះ ជា​ហេតុ​ផល​ដែល​មាន​បញ្ហា​ដដែល​ៗ ស៊ាំ​ញ៉ាំ និង​ជាប់​ប្រទាក់​ដូច​សំឡេង​កំពឹស ប៉ះ​ពាល់​ដល់​កិត្តិយស​ទាំង​សងខាង រហូត​រក​អ្នក​ទទួល​ខុស​ត្រូវ​មិន​ឃើញ​​មាន​ជា​ហូរហែ។

រូបតំណាង

កាន់​តែ​ធ្ងន់ធ្ងរ​ធ្លាប់​មាន​ករណី​ខ្លះ ដោយសារ​តែ​រឿង​ខ្ចី​លុយ​មិត្តភ័ក្ដិ មាន​ដល់​ថ្នាក់​កាប់​សម្លាប់​គ្នា​ក៏​មាន។ ទីបំផុត​មិត្ត​ភាព​ក៏​បង់ ថង់​ក៏​ដាច់ អ្នក​ស្លាប់​ត្រូវ​គេ​ទុក​រៀប​ចំ​ធ្វើ​បុណ្យ​ឲ្យ រីឯ​អ្នក​ល្មើស​នៅ​រស់​ តែ​ត្រូវ​ប្រឈម​គុក​ច្រវាក់។ ដោយសារ​តែ​បញ្ហា​ទាំង​នេះ ទើប​អ្នក​ជំនាញ​សេដ្ឋកិច្ច ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​រឿង​មាន​សេរីភាព​ហិរញ្ញវត្ថុ។

សម្រាប់​មនុស្ស​សម័យ​ថ្មី​មាន​បញ្ហា​មួយ​ចំនួន​តែង​រាំង​ស្ទះ​ដល់​ការ​មិន​អាច​មាន​សេរីភាព​ហិរញ្ញវត្ថុ គឺ​អាច​មក​ពី​រឿង​ខុស​ៗ​គ្នា។ ហេតុផល​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំងនោះ អាច​មក​ពី​សម្ភារៈ​និយម ខណៈ​ខ្លួន​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់។ តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?

ចំណុច​នេះ​ត្រូវ​បាន​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ខាងលើ​ គឺ​លោក  ង៉ែត  ជូ បាន​ផ្ដល់​គន្លឹះ​សំខាន់ ៤​ចំណុច ដើម្បី​ឲ្យ​យើង​មាន​ដូចជា៖

១. មាន​ចំណេះដឹង​ទូលំទូលាយ៖ មាន​ចំណេះដឹង និង​ស្វែង​យល់​ពី​លុយ ​កុំ​ធ្វើ​អ្វី​ដើម្បី​តែ​លុយ​មួយ​មុខ

២. ស្វែង​យល់​ពី​សច្ចៈ​ភាព​នៃ​ជីវិត និង​យល់​ពី​​បុព្វហេតុ​នៃ​ជីវិត​មាន​បេសកកម្ម​ច្បាស់​លាស់ មិនមែន​គិត​លុយ​ជា​ធំ គឺ​ធ្វើ​អ្វី​ៗ​ក៏​ត្រូវ​គិត​ពី​ប្រយោជន៍​រយៈ​ពេល​វែង​ឆ្ងាយ

រូបតំណាង

៣. ចេះ​ជ្រើសរើស​បរិយាកាស​រស់នៅ៖ សំដៅ​ដល់​សង្គម​ដែល​នៅ​ជុំវិញ​ខ្លួន ប្រសិន​បើ​អ្នក​ជ្រើស​រើស​មិត្តភ័ក្ដិ​ដែល​ជា​មនុស្ស​សម្ភារៈ​និយម នោះ​យើង​ចាំបាច់​នឹង​ប្រឹង​អួត​សំញែង​គេ​ឯង។ ផ្ទុយ​មក​វិញ បើ​អ្នក​ចេះ​ជ្រើសរើស​អ្នក​ដើរ​ជាមួយ​ដែល​យល់​ពី​សច្ចៈ​ភាព​នៃ​ជីវិត និង​មាន​បេសកកម្ម​ច្បាស់លាស់​នោះ​អ្នក​នឹង​មាន​អារម្មណ៍ល្អ និង​សន្តិភាព​ផ្លូវចិត្ត

៤. មាន​ផែន​ការ​សន្សំ និង​វិនិយោគ៖ ការ​សន្សំ​លុយ​​គឺ​ជា​រឿង​ល្អ​មួយ​ ដូចជា​ដាក់​ក្នុង​ធនាគារ​ ឬ​មីក្រូហិរញ្ញវត្ថុ​ជាដើម។ ចំណែក​ឯ​ការ​វិនិយោគ គឺ​កាន់​តែ​ល្អ និង​ជួយ​យើង​អាច​បង្កើន​ចំណូល​លឿន និង​សេរីភាព​លុយកាក់ ប៉ុន្តែ​ចំណុច​នេះ គឺ​ទាមទារ​ចំណេះដឹង​ហិរញ្ញវត្ថុ និង​វិនិយោគ​ខ្ពស់ មិនមែន​ចេះ​តែ​វិនិយោគ​ផ្អើល​តាម​គេ​តាម​ឯង មួយ​ឆាវ​ៗ នោះ​ទេ៕

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម