អ៊‍ីចឹង​សោះ បាន​លាប​ក្រចក​មិន​ដែល​ស្អាត​ដូចគេ

  • 2019-07-10 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លាប​ក្រចក​ជា​អ្វី​ដែល​មនុស្ស​ស្រី​ចូល​ចិត្ត​បំផុត​ដើម្បី​ឱ្យ​ម្រាមដៃ និង​ម្រាមជើង​របស់​ពួកគេ​មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ។ ប៉ុន្តែ​ស្រ្តី​ភាគ​ច្រើន​តែ​មាន​កំហុស​ឆ្គង​ក្នុង​ពេល​លាប​ក្រចក​ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​ពេញ​ចិត្ត ហើយ​គិត​ថា​ហេតុអ្វី​បាន​ជា​លាប​ក្រចក​មិន​ដែល​ស្អាត​ដូច​គេ​អ៊‍ីចឹង។

តោះ​ចង់​ដឹង​កំហុស​ឆ្គង​ទាំង​នោះ​មាន​អ្វីខ្លះ​សូម​ពិនិត្យ​មើល​ចំណុច​ខាង​ក្រោម​នេះ៖

១. លាប​ក្រចក​នៅ​ពេល​ដែល​ក្រចក​មាន​សភាព​គគ្រិច អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​លាង​សម្អាត​ដៃ​របស់​អ្នក​ឱ្យ​បាន​ស្អាត។ ធូលីដី ភាព​សើម និង​ថ្នាំ​ក្រចក​ដែល​លាង​មិន​ទាន់​ជ្រះ​នឹង​ធ្វើ​ឱ្យ​ការ​លាប​ថ្នាំ​ក្រចក​របស់​អ្នក​ជាប់​មិន​បាន​ល្អ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​អ្នក​ត្រូវ​តែ​លាង​សម្អាត​ក្រចក​ដៃ​របស់​​អ្នក​ដោយ​ប្រើ​ច្រាស​ជាមួយ​នឹង​សាប៊ូ​រួច​ដុស​សម្អាត​ក្រចក​ដៃ​របស់​អ្នក​ឱ្យ​ស្អាត​ជា​មុន​សិន។

២. មិន​បាន​សម្អាត​ក្រចក​ជា​មុន មុន​ពេល​ដែល​អ្នក​លាប​ក្រចក អ្នក​ត្រូវ​សម្អាត​ក្រចក​របស់​អ្នក​ដោយ​យក​សំឡី​ជ្រលក់​ជាមួយ​នឹង​ទឹក​លាង​ក្រចក​រួច​ជូត​សម្អាត​ថ្នាំ​ក្រចក និង​ធូលីដី​ដែល​មាន​ជាប់​នៅ​លើ​ក្រចក​របស់​អ្នក។

៣. មិន​បាន​លាប​ទឹក​រលោង​ជា​មុន ស្រទាប់​ដំបូង​បង្អស់​នឹង​ធ្វើ​ឱ្យ​ថ្នាំ​ក្រចក​ជាប់​ពណ៌​បាន​ល្អ។ ម្យ៉ាង​វិញ​ទៀត ការ​សិក្សា​បាន​បង្ហាញ​ថា​ទឹក​រលោង​មាន​សភាព​ជាប់​ល្អ​ជាង​ថ្នាំ​លាប​ក្រចក​ធម្មតា។

៤. លាប​ក្រចក​មិន​ត្រូវ​តាម​ក្បួន អ្នក​ត្រូវ​លាប​ថ្នាំ​ក្រចក​ជា​បី​ផ្នែក​ផ្សេង​គ្នា។ ដំបូង​អ្នក​ត្រូវ​លាប​នៅ​ផ្នែក​កណ្ដាល​នៃ​ក្រចក​របស់​អ្នក បន្ទាប់​មក​លាប​ផ្នែក​ទាំង​សង​ខាង។ អ្នក​ត្រូវ​ចាំ​រយៈពេល​២​នាទី​ មុន​នឹង​លាប​ស្រទាប់​ទី​ ២។ អ្នក​ត្រូវ​ចាំ​ថា​អ្នក​មិន​ត្រូវ​លាប​ច្រើន​ស្រទាប់​ពេក​នោះ​ទេ ព្រោះ​ថា​កាល​ថា​អ្នក​លាប​ច្រើន​ស្រទាប់​ពេក វា​នឹង​ធ្វើ​ឱ្យ​ថ្នាំ​ក្រចក​របស់​អ្នក​ងាយ​នឹង​របក​មក​ទាំង​ផ្ទាំង​តែ​ម្ដង។

៥. មិន​បាន​លាប​ទឹក​រលោង​ជា​លើក​ចុង​ក្រោយ នៅ​ពេល​ដែល​ការ​លាប​ថ្នាំ​ក្រចក​របស់​អ្នក​ត្រូវ​បាន​បញ្ចប់​អ្នក​ត្រូវ​តែ​លាប​ទឹក​រលោង​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​រក្សា​ពណ៌​ក្រចក​របស់​អ្នក​ឱ្យ​ជាប់​ពណ៌​បាន​យូរ។ ទឹក​រលោង​ដែល​ឆាប់​ស្ងួត​មិន​ស័ក្ដិសម​នឹង​ប្រើ​នៅ​ពេល​នេះ​ទាល់​តែ​សោះ ព្រោះ​ថា​កាល​ណា​អ្នក​ប្រើ​វា​នៅ​ពេល​អ្នក​លាប​ថ្នាំ​ក្រចក​ទើប​នឹង​រួច វា​អាច​ធ្វើ​ឱ្យ​មាន​សភាព​រលុប។ អ្វី​ដែល​អ្នក​គួរ​តែ​ជ្រើស​រើស​មក​លាប​នៅ​ពេល​នេះ​គឺ​ទឹក​រលោង​ដែល​ស្ងួត​យឺត​ព្រោះ​ថា​វា​អាច​ឱ្យ​ថ្នាំ​ក្រចក​របស់​អ្នក​ជាប់​បាន​ល្អ និង​មិន​ងាយ​រលុប។

៦. ធ្វើ​ការងារ​ដោយ​មិន​បាន​គិតគូ​ពី​ក្រចក​របស់​អ្នក ស្ដាប់​មើល​ទៅ​វា​ហាក់​ដូច​ជា​មិន​មែន​ជា​បញ្ហាចោទ​ប៉ុន្មាន​ទេ។ ប្រសិន​បើ​អ្នក​លាង​ចាន និង​ឆ្នាំង​អ្នក​ត្រូវ​តែ​ពាក់​ស្រោម​ដៃ​ដើម្បី​កុំ​ឱ្យ​ខូច​ក្រចក។ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​អ្វី​ដែល​នឹង​អាច​ធ្វើ​ឱ្យ​ថ្នាំ ក្រចក​របស់​អ្នក​រលុប ឬ​របក។ ដើម្បី​ធ្វើ​ឱ្យ​ថ្នាំ​ក្រចក​របស់​អ្នក​នៅ​ជាប់​បាន​យូរ អ្នក​ត្រូវ​តែ​លាប​ទឹករ​លោង​ចំនួន​មួយ​ស្រទាប់​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ធ្វើ​ឱ្យ​ក្រចក​រក្សា​ពណ៌​បាន​យូរ៕

​ចុចអាន៖ ​​ ចង់​ផាត់​ភ្នែក​ស្អាត​ដូច​តារា​ស្រី​កូរ៉េ ត្រូវ​គូរ eyeliner ឲ្យ​ស្ដើង​ដូច​ជា​អត់​គូរ

ប្រភព៖ Goodhousekeeping ប្រែសម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម