ជីវិត​កំពុង​ទាល់​ច្រក​ឬ? ឃ្លា​ទាំង​នេះ​អាច​ជួយ​ឲ្យ​អ្នក​ពុះពារ​ទៅ​មុខ​បន្ត​ទៀតបាន

  • 2018-07-19 02:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

មនុស្ស​សម័យ​ថ្មី មិន​ត្រូវ​ការ​ទេ​មនុស្ស​ដទៃ​សម្រាប់​ជួយ​ខ្លួន​ឯង បើ​ដួល​គឺ​ត្រូវ​ងើប​ឡើង​វិញ​ដោយ​ខ្លួន​ឯង។ តែ​ក៏​មាន​ពេល​ខ្លះ​យើង​ធ្លាក់​ទឹក​ចិត្ត​ដល់​ថ្នាក់ ចង់​បោះបង់​ចោល​អ្វី​ៗ​គ្រប់​យ៉ាង។ បើ​សិន​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ សូម​អាន​ឃ្លា​ទាំង​នេះ ដើម្បី​យក​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​បន្ត​ដើរ​ទៅ​មុខ​ទៀត ព្រោះ​ជីវិត​នៅ​វែង​ឆ្ងាយ នៅ​មាន​រឿង​សប្បាយ​ជាច្រើន​ទៀត​កំពុង​រង់​ចាំ​យើង​នៅ​ខាង​មុខ។

១. អ្នក​មាន​គុណ​ទោះ​បី​ជា​វេទនា​ប៉ុណ្ណា តោកយ៉ាក​ប៉ុណ្ណា​ក៏​មិន​ដែល​បោះបង់​យើង​ចោល ហេតុ​អី​ខ្ញុំ​មិន​អាច​តស៊ូ​ដូច​ពួក​លោក​បាន?

២. ព្យាយាម​សិន​ទៅ ពេល​ណា​លុយ​នៅ​ក្នុង​គណនី​សន្សំ​មាន​តួ​លេខ​ច្រើន​ដូច​លេខ​ទូរសព្ទ​ចាំ​គិត​​ចង់​សម្រាក។

៣. ព្យាយាម​រហូត​ក៏​មិន​ប្រាកដ​ថា​ជោគជ័យ តែ​បើ​ហ៊ាន​តែ​បោះបង់​គឺ​ប្រាកដ​ជា​បរាជ័យ

៤. ពេល​នេះ​មិន​ប្រឹង​សង្វាត ថ្ងៃ​ក្រោយ​សូម្បី​តែ​ខោអាវ​ថ្ងៃ​រៀបការ​ខ្លួន​ឯង ក៏​ដើរ​ខ្ចី​គេ​ដែរ។

៥. បើ​សិន​ជា​ការ​ប្រកួត​ណា​ក៏​មាន​អ្នក​ឈ្នះ​តែ​ម្នាក់ ម្នាក់​នោះ​ក៏​អាច​ជា​រូប​ខ្ញុំ​ដែរ។

៦. ដោយ​សារ​តែ​មិន​ចង់​ឮ​ពាក្យ​ថា មនុស្ស​ស្រី​គ្មាន​បាន​ការ ទើប​បាន​ខំ​ប្រឹង​ដល់​ថ្នាក់​នេះ។

៧. ជីវិត​គឺ​មិន​មែន​មាន​ត្រឹម​ថ្ងៃ​នេះ​ទេ នៅ​វែង​ឆ្ងាយ​ទៀត។ បើ​ថ្ងៃ​នេះ​មិន​ប្រឹង ថ្ងៃ​ក្រោយ​សូម្បី​តែ​ទិញ​​ខោអាវ​ឲ្យ​ឪពុកម្ដាយ ក៏​ត្រូវ​គិត​ច្រើន​ដែរ។ បើ​ថ្ងៃ​នេះ​ព្យាយាម ថ្ងៃ​ក្រោយ​ចង់​បាន​អី ក៏​មិន​ចាំ​បាច់​លាដៃ​សុំ​គេ​ដែរ។

៨. រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​នោះ​គឺ​មិន​មែន​បរាជ័យ​ទេ តែ​​​ដឹង​ច្បាស់​ថា​ខ្លួន​អាច​ធ្វើ​បាន តែ​មិន​ធ្វើ​ទៅ​វិញ។

៩. ពិភពលោក​ធំ​យ៉ាង​នេះ ជាមួយ​អ្វី​ៗ​ដែល​ប៉ាម៉ាក់​ធ្លាប់​លះបង់​ដើម្បី​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ដើម្បី​ឲ្យ​បាន​ដើរ​ទៅ​នេះ​ ទៅ​នោះ​នឹង​គេ។

១០. ១០​ឆ្នាំ​មុន គេ​ផ្អែក​លើ​ចំណូល​របស់​ប៉ាម៉ាក់​អ្នក​ដើម្បីវាយ​តម្លៃ​អ្នក ១០​ឆ្នាំ​ក្រោយ គេ​ផ្អែក​លើ​ចំណូល​របស់​អ្នក ដើម្បី​វាយ​តម្លៃ​ប៉ាម៉ាក់​អ្នក​វិញ​ម្ដង។

១១. កុំ​រអែង​នឹង​ឆ្លើយ​បើ​គេ​សួរ​សំនួរ​ទាំង​នេះ៖ មាន​ការងារ​ល្អ​អស្ចារ្យណាស់​ឬ មាន​លុយ​អស្ចារ្យ​ណាស់​ឬ ស្អាត​អស្ចារ្យ​ណាស់​ឬ មាន​ប្ដី​ល្អ​អស្ចារ្យ​ណាស់​ឬ? ត្រូវ​ឆ្លើយ​ទៅវិញ​ថា ពិត​មែន​ហើយ អស្ចារ្យ​ណាស់។ អ្នក​មិន​ដឹង​ដោយ​សារ​អ្នក​អត់​មាន​ដូច​ខ្ញុំ។

១២. ដោយ​សារ​តែ​ចង់​ឲ្យ​ថ្ងៃ​ក្រោយ បើ​សិន​ជា​ប៉ាម៉ាក់​មាន​ផលពិបាក​អ្វី អាច​ប្រាប់​ខ្ញុំ​មុន​គេ។ ទី​១​ដោយ​សារ​តែ​ខ្ញុំ​ជា​កូន​របស់​គាត់ ហើយ​ទី​២​គឺ​ដោយសារ​ខ្ញុំ​មាន​លទ្ធភាពជួយ​គាត់។

១៣. នៅ​ពេល​ឈរ​ចំពោះ​មុខ​បុរស​ដែល​ខ្ញុំ​ចាប់​ចិត្ត អាច​និយាយ​ជាមួយ​គេ​ដោយ​ក្ដី​ជឿជាក់ មិន​ខ្លាច​ក្រែង។

១៤. ហេតុ​អ្វី​ត្រូវ​ជោគជ័យ? ព្រោះ​ថ្ងៃ​ក្រោយ​ អាច​ត្រូវ​ប៉ះ​ជាមួយ​គូ​សត្រូវ ហើយ​ជឿជាក់​ថា​ យើង​ឈរ​នៅ​លើ​គេ មិន​មែន​នៅ​ក្រោយ​គេ​ឡើយ។

១៥. ខំ​ប្រឹង​រហូត​ទាល់​តែ នៅ​ពេល​អង្គុយ​តុ​មូល ពេល​ខ្ញុំ​ចាប់​ម្ហូប គ្មាន​អ្នក​ណា​ហ៊ាន​បង្វិល​តុ​ទៅ​កន្លែង​ផ្សេង។

១៦. ដើម្បី​​ទៅ​ថ្ងៃ​អនាគត រស់​ដោយ​មិ​ន​ចាំ​បាច់​មើល​ទឹក​មុខ​អ្នក​ដទៃ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel