ស្បែក​អត់​ភ្លឺ​ថ្លា​មែន? ​សាក​ល្បង​វិធី​ខាត់​ស្បែក​បែប​ធម្មជាតិ​នេះ​មើល៍ អត់​ខូច​ស្បែក​ទេ

  • 2018-01-12 03:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​រលោង​ភ្លឺ​ថ្លា​គឺ​ជា​ក្ដី​ស្រមៃ​របស់​នារី​គ្រប់​រូប។ មាន​ផលិតផល​ខាត់​ស្បែក​ជា​ច្រើន​ដែល​បាន​ដាក់​លក់​លើ​អនឡាញ​ ហើយ​មិត្ត​នារី​យើង​ក៏​មិន​តិច​នាក់​ដែរ​ដែល​បាន​សាកល្បង​ អ្នក​ខ្លះ​ក៏​បាន​ផល​គាប់ចិត្ត អ្នក​ខ្លះ​ក៏​ខក​ចិត្ត​ទៅ​វិញ។ ដោយសារ​ផលិតផល​ដែល​ផ្សំ​ឡើង​ពី​សារធាតុ​ធ្វើ​ឱ្យ​ស​ទាំង​នោះ​ភាគច្រើន​មាន​បញ្ចូល​សារធាតុ​គីមី​ដែល​ចូល​ទៅ​កាត់​ភាព​ខ្មៅ​ពី​ក្នុង​ស្បែក ទើប​វា​អាច​ប៉ះពាល់​ទោះ​មិន​ច្រើន​ក៏​តិច​តួច​ដែរ​សម្រាប់​ស្បែក​។ ថ្ងៃ​នេះ​ វិបសាយ​កញ្ញា​ចង់​ណែនាំ​ឱ្យ​មិត្ត​នារី​មក​សាកល្បង​វិធី​ធម្មជាតិ​វិញ​ ដែល​អាច​ទទួល​បាន​លទ្ធផល​ហើយ មិន​ភ័យ​រឿង​ប៉ះពាល់​សុខភាព។ ប៉ុន្តែ​វិធី​ធម្មជាតិ​ទាំង​នេះ​អាច​ត្រូវ​ការ​ពេល​យូរ​បន្តិច​ដើម្បី​ឃើញ​លទ្ធផល។

១- សណ្ដែក​ក្រហម​និង​ទឹក​ដោះ​ស្រស់

សណ្ដែក​ក្រហម​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ជាតិ​ដែក ហ្វៃប៊ើ​ វីតាមីន​ C, E, B1, និង​ B6 ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​។ ប្រសិទ្ធភាព​របស់​ល្បាយ​សណ្ដែក​ក្រហម​គឺ​វា​អាច​ចូល​ទៅ​លុប​បំបាត់​ស្នាម​ជាំ​ខ្មៅ ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​ភ្លឺ​រលោង និង​ស​ឡើង​វិញ។

កិន​សណ្ដែក​ក្រហម​ឱ្យ​ម៉ត់​ជា​ម្សៅ​ហើយ​លាយ​ជាមួយ​ទឹក​ដោះ​ស្រស់​បន្តិច បង្កើត​ជា​ល្បាយ​ខាប់ៗ​សម្រាប់​លាប​លើ​ដង​ខ្លួន​មុន​ពេល​ងូត​ទឹក​ រួច​ទុក​ចោល​ប្រមាណ​១៥​នាទី​ សឹម​ងូត​ទឹក​លាង​សម្អាត​ចេញ​។ ធ្វើ​បែប​នេះ​១​ទៅ​២​ដង​ក្នុង​សប្ដាហ៍​ ស្នាម​មុន​លើ​ខ្នង និង​ស្នាម​ខ្មៅ​មាន​លើ​ស្បែក​អាច​នឹង​រលុប​បាត់​បន្តិច​ម្ដងៗ​ជា​មិន​ខាន។

ក្រៅ​ពី​នេះ សម្រាប់​ស្ត្រី​ដែល​កើត​មុន​លើ​មុខ ក៏​អាច​ប្រើ​ម្សៅ​សណ្ដែក​ក្រហម​លាយ​ជាមួយ​ស៊ុត លាប​២​ទៅ​៣​ក្នុង​មួយ​សប្ដាហ៍​ ទុក​ចោល​ប្រហែល​២០​នាទី នោះ​មុន​និង​ស្នាម​ជាំ​លើ​មុខ​ក៏​អាច​ជ្រះ​បាត់​ដែរ។

២- ​ទឹក​ដោះ​ស្រស់​ជាមួយ​កាក​កាហ្វេ

ក្រៅ​ពី​ជួយ​ធ្វើ​ឱ្យ​ស្បែក​ដង​ខ្លួន​ភ្លឺ​ថ្លា អ្នក​ក៏​អាច​ប្រើ​វិធី​នេះ​លើ​ស្បែក​មុខ​បាន​ដូចគ្នា​។ ដំបូង​យក​កាក​កាហ្វេ​មក​លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់​​កូរ​ចូល​គ្នា​រហូត​ក្លាយ​ជា​សាច់​តែ​មួយ​។ បន្ទាប់​មក​យក​មក​លាប​លើ​ដង​ខ្លួន​ ឬ​លាង​មុខ​ឱ្យ​ស្អាត​មុន​លើ​ល្បាយ​នេះ​លើ​ផ្ទៃ​មុខ ទុក​ចោល​២០​នាទី​ សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឱ្យ​ស្បែក​រលោង​និង​តឹង​ណែន​ជាង​មុន​។ អាច​ធ្វើ​វា​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ អ្នក​នឹង​ឃើញ​លទ្ធផល​ជា​ទី​គាប់​ចិត្ត​។

៣- ទឹក​ដោះ​គោ​ស្រស់​និង​ដំឡូង​បារាំង

ទឹក​ដោះ​គោ​ស្រស់​មាន​បណ្ដុំ​វីតាមីន​ច្រើន​ប្រភេទ​និង​សារធាតុ​ខនិជ​ដែល​មាន​ប្រយោជន៍​សម្រាប់​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ធ្វើ​ឱ្យ​ស្បែក​រលោង​ដូច​កូន​ក្មេង​។ ចំណែក​ដំឡូង​បារាំង​ក៏​មាន​វីតាមីន​ច្រើន​មុខ​ដូច​គ្នា និង​បេតាការូទីន​ដែល​ចាំ​បាច់​សម្រាប់​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក។ ហេតុ​នេះ​ការ​បញ្ចូល​សមាសភាគ​ទាំង​ពីរ​ចូល​គ្នា​ គឺ​ជា​គ្រឿង​ផ្សំ​ដ៏​ល្អ​មួយ​សម្រាប់​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ។ លាប​ល្បាយ​នេះ​មុន​ងូត​ទឹក​ដើម្បី​ខាត់​យក​កោសិកា​ចាស់​ចេញ​ ទុក​ចោល​ប្រមាណ​២០​នាទី រួច​លាង​សម្អាត​ចេញ​។ អ្នក​គួរ​ធ្វើ​វា​ត្រឹម​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ ព្រោះ​ស្បែក​មិន​អាច​ទទួល​យក​សារធាតុ​ចិញ្ចឹម​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ និង​ញឹកញាប់​ពេក​បាន​ទេ៕

ចុចអាន៖

ប្រភព៖ onegreenplanet ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម