សញ្ញា​៨យ៉ាង​​របស់​មនុស្ស​ដែល​ត្រូវ​ស្ពាយទុក្ខជាប់ខ្លួនអស់មួយជីវិត

  • 2017-11-23 03:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​រឿង​រ៉ាវ​ទុក្ខ​សោក​របស់​មនុស្ស ​រមែង​តែង​តែ​កើត​មាន​ក្នុង​ជីវិត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ ជាក់​ស្តែង​ឥរិយាបថ​នៃ​ការ​រស់​នៅ​នោះ​ឯង ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​ទុក្ខ ​ហើយ​បើ​អ្នក​មិន​ចេះ​សម្រួល​កាយ​ចិត្ត​ឱ្យ​ជ្រះ​ថ្លា​ទេ ​អ្នក​នឹង​ស្ពាយ​តែ​ទុក្ខ​ជាប់​ពេញ​មួយ​ជីវិត​ហើយ​។ ខាង​ក្រោម​នេះ​គឺ​ជា​ចំនុច​ទាំង​ ៧​ យ៉ាង​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ដេក​ឱប​ទុក្ខ​គ្មាន​ថ្ងៃ​ស្រាក​ស្រាន្ត៖

១. អង្គុយ​ស្ងៀម​មិន​ហ៊ាន​ផ្លាស់​ប្តូរ​ជីវិត​៖ មនុស្ស​ភាគ​ច្រើន​ដែល​មាន​ទម្លាប់​បែប​នេះ​ ច្រើន​តែ​ជា​មនុស្ស​ដែល​ចំណាយ​ពេល​រង់​ចាំ​អព្ភូត​ហេតុ ​ជា​ជាង​ការ​សាក​ល្បង​អ្វី​ថ្មី​ៗ​។ ពួក​គេ​មិន​ត្រឹម​តែ​ភ័យ​ខ្លាច​ចំពោះ​ការ​សាកល្បង​ទេ ​ហើយ​ថែម​ទាំង​ភ័យ​ខ្លាច​ចំពោះ​អនាគត​ដែល​ជិត​មក​ដល់​ទៀត​ផង​។ ទុក្ខ​ប្រភេទ​នេះ​អាច​រំលត់​បាន​ប្រសិន​បើ​អ្នក​រៀន​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​ ហើយ​ជម្រុញ​ខ្លួន​ឯង​ឱ្យ​មាន​កម្លាំង​ចិត្តឆ្ពោះ​ទៅ​មុខ​ជានិច្ច​។

រូបតំណាង

**២. គិត​តែ​រឿង​លុយ​ពេក​៖** ពិត​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​លុយ​ដើម្បី​រស់​ តែ​កុំ​ភ្លេច​ខ្លួន​ដល់​ថ្នាក់​រស់​ដើម្បី​លុយ​វិញ​។ ត្រង់​នេះ​ក៏​មិន​សំដៅ​ឱ្យ​អ្នក​រក​បាន​ប៉ុន​ណា​ក៏​ប៉ុន​ហ្នឹង​ទេ​ តែ​ក៏​កុំ​មើល​ឃើញ​លុយ​ឱ្យ​ហួស​ពី​សមត្ថភាព​ពេក​ដែរ។​ សន្សឹម​ៗ​កុំ​បំបោល​ ធ្វើ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​បន្តិច​ម្តង​ៗ​ពី​តូច​ទៅ​ធំ​។

៣. ទុក​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ​៖ នេះ​បញ្ជាក់​ថា​អ្នក​កំពុង​មើល​ស្រាល​ខ្លួន​ឯង​ហើយ​ ជា​ជន​រង​គ្រោះ​មាន​ន័យ​ថា​គ្មាន​សមត្ថភាព​ប្រឈម​មុខ​នឹង​ហេតុការណ៍​ដែល​នៅ​ចំពោះ​មុខ​បាន​។ បញ្ឈប់​គំនិត​នេះ​ហើយ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ឡើង​វិញ​ទៅ​ ថាមពល​អស្ចារ្យ​របស់​អ្នក​នឹង​ជួយ​បំបាត់​ទុក្ខ​សោក​ព្រម​ទាំង​ភាព​ភ័យ​ខ្លាច​ទាំង​ឡាយ​។

រូបតំណាង

៤. គេច​ពី​បញ្ហា​៖ គ្រប់​យ៉ាង​លើ​លោក​គ្មាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ​ទេ​ រៀន​ទទួល​កំហុស​ខ្លួន​ឯង​ហើយ​ចាត់​ទុក​វា​ជា​មេរៀន​នៅ​ថ្ងៃ​ក្រោយ​។ ប្រឈម​មុខ​នឹង​កំហុស​ឬ​បញ្ហា​ផ្សេង​ៗ​ធ្វើ​ឱ្យ​អ្នក​ពិបាក​តែ​មួយ​រយៈ​ទេ ​តែ​បើ​អ្នក​ព្យាយាម​គេច​វេស​អ្នក​នឹង​ដេក​ឱប​វិប្បដិសារី​អស់​មួយ​ជីវិត​មិន​ខាន​។

៥. សំកុក​តែ​ក្នុង​ផ្ទះ​៖ នៅ​តែ​ម្នាក់​ឯង​ គិត​តែ​ម្នាក់​ឯង ​កើត​ទុក្ខ​ក៏​ម្នាក់​ឯង​ដែរ​។ គួរ​ចំណាយ​ពេល​ខ្លះ​ចេញ​ទៅ​ក្រៅ​ផ្ទះ​ស្វែង​រក​អ្វី​ដែល​ថ្មី កុំ​នៅ​ស្មុគ​កន្លែង​ដដែល​ ឃើញ​របស់​ដដែល​ៗ​ច្រើន​ពេក​។

៦. គិត​ច្រើន៖ ជា​ការ​ល្អ​ហើយ​ដែល​អ្នក​ចេះ​គិត ​និង​វិភាគ​បាន​ជ្រៅ​ជ្រះ​ ប៉ុន្តែ​ទុក្ខ​ក៏​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​គិត​និង​វិភាគ​ច្រើន​ពេក​ដែរ​។ កុំ​ព្យាយាម​គិត​អ្វី​យោង​តាម​ការ​ប៉ាន់​ស្មាន​ច្រើន​ពេក​ មនុស្ស​ភាគ​ច្រើន​កើត​ទុក្ខ​ដល់​ថ្នាក់​ស្លាប់​ខ្លួន​ដោយ​សារ​ទង្វើ​បែប​នេះ​ហើយ​។

រូបតំណាង

៧. ស្មុគ​ស្មាញ​ព្រោះ​អ្វី​មិន​ទាន់​មក​ដល់​៖ ពួក​គេ​យក​ការ​គិត​ច្រើន​មក​ធ្វើ​ជា​បន្ទុក​សម្រាប់​ខ្លួន​ឯង​ព្រោះ​តែ​រឿង​ដែល​មិន​ទាន់​មក​ដល់​។ ត្រូវ​ចាំ​ថា​អ្នក​មិន​អាច​ដើរ​តាម​អ្វី​ដែល​ជា​ការ​គ្រោង​ទុក​របស់​ខ្លួន​បាន​មួយ​រយ​ភាគ​រយ​ទេ ​ដូច្នេះ​កុំ​គិត​អ្វី​ដែល​ស្មុគ​ស្មាញ​ច្រើន​ពេក​ អ្វី​ដែល​ត្រូវ​កើត​វា​គង់​នឹង​កើត​។

៨. ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ​៖ និយាយ​ហើយ​ថា​មនុស្ស​រស់​នៅ​ក្នុង​ស្ថាន​ភាព​ខុស​គ្នា​ ជីវិត​ក៏​ខុស​គ្នា​។ ទៅ​រក​ក្តី​សុខ​មក​ពី​ណា​បាន​បើ​មួយ​ថ្ងៃ​ៗ​យក​ខ្លួន​ទៅ​ប្រៀប​ធៀប​នឹង​គេ រួច​តាំង​មក​អង្គុយ​តូច​ចិត្ត​ព្រោះ​វាសនា​តូច​ទាប​ជាង​គេ​។ ឈប់​បាន​ឈប់​ទៅ​ ត្រូវ​រស់​នៅ​ជា​ខ្លួន​ឯង​ទើប​អ្នក​អាច​រក​សុភមង្គល​ពិត​ប្រាកដ​ឃើញ​៕

ចុចអាន៖​មាន​តែ​អ្នក​ជួប​ទុក្ខ​លំបាក​ច្រើន​ទេ​ ទើប​អ្នក​យល់​ច្បាស់​ពី​មេរៀន​ជីវិត​ទាំង​នេះ

ប្រភព៖ bornrealist ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម