៥​វិធី​ជួយ​ឲ្យ​ជោគជ័យ​សម្រាប់​អ្នក​​​ស្រឡាញ់​​បុរស​វ័យ​កណ្ដាល​

  • 2017-09-05 06:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​លួច​ស្រឡាញ់​បុរស​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន​អត់? ហើយ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​​យក​ឈ្នះ​ចិត្ត​គាត់​បាន? នារី​ស្រឡាញ់​បុរស​មាន​វ័យ​ច្រើន​ជាង​ខ្លួន​គឺ​ជា​រឿង​ធម្មតា​ណាស់​ទៅ​ហើយ តែ​បើ​គាត់​មាន​អាយុ​បង​​យើង​ច្រើន​ឆ្នាំ យើង​ក៏​គួរ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ច្រើន​ដូច​គ្នា។ ថ្ងៃ​នេះ Kanha មាន​តិចនិក​មួយ​ចំនួន​សម្រាប់​ប្រិយមិត្ត​នារី​ៗ​ដែល​កំពុង​លួច​ស្រឡាញ់​​​បុរស​ដែល​មាន​វ័យ​ច្រើន​ជាង​ខ្លួន​ ដែល​នឹង​​ជួយ​ឲ្យ​ឆាប់​បាន​ជោគជ័យ៖

១. សួរ​ខ្លួន​ឯង​ថា​​គាត់​ជា​មនុស្ស​ដែល​​យើង​ស្រឡាញ់​មែន​ឬ​យ៉ាង​ណា?

បើ​គិត​ថា​នឹង​ចាប់​ផ្ដើម​ស្រឡាញ់​នរណា​ម្នាក់ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ល្អ គិត​ឲ្យ​បាន​ល្អិតល្អន់​ថា​គេ​គឺ​ជា​មនុស្ស​ដែល​សក្ដិសម​សម្រាប់​យើង​ឬ​ក៏​អត់ ហើយ​បើ​ស្រឡាញ់​បុរស​ដែល​មាន​អាយុ​បង​យើង​ច្រើន​ឆ្នាំ​ទៀត​គឺ​កាន់​តែ​ត្រូវ​គិតឲ្យ​បាន​ច្បាស់ ព្រោះ​គេ​ប្រាកដ​ជា​មិន​ចូលចិត្ត​ទំនាក់ទំនង​បែប​លេង​សើច ងាយ​ៗ​ បែប​យុវវ័យ​​ទេ។ គាត់​អាច​នឹង​កំពុង​​សម្លឹង​រក​មើល​គូ​ជីវិត​ពិត​ប្រាកដ ដូច្នេះ​បើ​អ្នក​មិន​គិត​ថា​​ប្រាកដ​ប្រជា​ជាមួយ​គាត់​ដល់​ថ្នាក់​នេះ​ទេ គួរ​កុំ​យក​ខ្លួន​ទៅ​​ច្របូកច្របល់​ជាមួយ​គាត់​អី ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ខូច​អារម្មណ៍​ទាំង​សង​ខាង និង​ខាត​ពេល​វេលា​ទទេៗ។

២. ស្គាល់​​គោលដៅ

នៅ​ពេល​យើង​សម្រេច​ចិត្ត​បាន​ហើយ​ថា​ម្នាក់​នេះ​គឺ​ជា​មនុស្ស​ដែល​យើង​ស្រឡាញ់​ពិត​ប្រាកដ វា​ក៏​ដល់​ពេល​​​ត្រូវ​បញ្ចេញ​សកម្មភាព​ហើយ។ ​ត្រូវ​ចាប់​ផ្ដើម​ស្វែង​យល់​ពី​គាត់​ ស្គាល់​គាត់​ឲ្យ​បាន​កាន់​តែ​ច្រើន ព្រោះ​ការ​ដែល​យើង​ស្គាល់​គាត់​កាន់​តែ​ច្បាស់ វា​នឹង​កាន់​តែ​ងាយ​សម្រាប់​យើង​ក្នុង​ការ​​យក​ឈ្នះ​ចិត្ត​របស់​គាត់​។ អាច​ស៊ើប​មើល​ពី Lifestyle ចំណង់​ចំណូល​ចិត្ត របស់​គាត់​តាម​រយៈ​បណ្ដាញ​សង្គម​ ឬ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់ ថា​គាត់​ជា​មនុស្ស​បែប​ណា ចូលចិត្ត​បែប​ណា​ជា​ដើម​។

៣. កុំ​សម្ដែង​អារម្មណ៍​ចេញ​ខ្លាំង​ពេក

កុំ​បង្ហាញ​​ថា​អ្នក​ត្រូវការ​គាត់ ឬ​ស្រឡាញ់​គាត់​​ខ្លាំង​ពេក​ ព្រោះ​នឹង​ធ្វើ​​ឲ្យ​គាត់​មើល​មក​យើង​ថា​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ គាត់​ចង់​ហៅ​យើង​ពេល​ណា ចង់​បាន​អ្វី​ ក៏​យើង​នឹង​តាម​ចិត្ត​គាត់​គ្រប់​ពេល។ ត្រូវ​រក្សា​ខ្លួន​យើង​ជា​ខ្លួន​យើង កុំ​ឲ្យ​អ្នក​ណា​មក​ផ្លាស់​ប្ដូរ​យើង​បាន ព្រោះ​បើ​សិន​យើង​​មិន​ស្រឡាញ់​អ្វី​ដែល​ខ្លួន​ឯង​មាន​ហើយ​ ក៏​កុំ​សង្ឃឹម​ថា​មាន​អ្នក​ណា​មក​ស្រឡាញ់​យើង។ ជាមួយ​បុរស​វ័យ​កណ្ដាល ត្រូវធ្វើជា​មនុស្ស​ស្រី​ដែលចេះ​លាក់​អារម្មណ៍​ខ្លះ​ទើប​ល្អ។

៤. អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ល្អ

ចំណុចល្អ​នៅ​ពេល​យើង​លួច​ស្រឡាញ់​នរណា​ម្នាក់​នោះ​គឺ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ជំរុញ​ចិត្ត​​ឲ្យ​ប្រឹងប្រែង​ធ្វើ​អ្វី​ៗ​ឲ្យ​កាន់​តែ​ល្អ ជា​ពិសេស​បើ​ស្រឡាញ់​មនុស្ស​វ័យ​ចាស់​ជាង​ យើង​អាច​យក​គាត់​មក​ធ្វើ​ជា​គំរូ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ឲ្យ​មាន​តម្លៃ​​គួរ​​នឹង​គាត់​ជ្រើសរើស ទាំង​បុគ្គលិកលក្ខណៈ មុខ​តំណែង​ការងារ និង​ចិត្ត​គំនិត​ចាស់​ទុំ។

៥. កុំ​ធ្វើ​​ជា​មនុស្ស​គួរ​ឲ្យ​រំខាន

កុំ​តាម​គេ​គ្រប់​ជំហាន​ បែប​នេះ​ធ្វើ​ឲ្យ​គេ​កាន់​តែ​​មួម៉ៅ​​ជាមួយ​យើង។ ជឿ​ទៅ​ថា​គ្មាន​បុរស​ណា​ចូលចិត្ត​នារី​រឿង​ច្រើន​នោះ​ទេ។ ត្រូវ​ផ្ដល់​ភាព​ឯកជន​ឲ្យ​គាត់​ខ្លះ មិន​មែន​ទៅ​ណា​ក៏​ទៅ​តាម មាន​រឿង​អី​ក៏​តេ​រក​ទេ។ ការ​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​គឺ​ជា​រឿង​ល្អ តែ​គួរ​កុំ​តាម​គេ​ស្អិត​ខ្លាំង​រហូត​ក្លាយ​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់ កុំ​ធ្វើ​ឲ្យ​យើង​នៅ​តែ​ជា​កូន​ក្មេង​មិន​ទាន់​ដឹង​ក្ដី​​ក្នុង​កែវ​ភ្នែក​របស់​គេ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម