បុរស​ឥណ្ឌា​ស្ដាយ​ពេល​ត្រូវ​ឆ្នោត​៣​លាន​ដុល្លារ ព្រោះ​គេ​សុំ​លុយ​ច្រើន​ពេក

  • 2022-10-04 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា សង្ឃឹម​ថា​ខ្លួន​មិន​ដែល​ត្រូវ​ឆ្នោត ដោយ​សារ​ចំនួន​អ្នក​ទូរសព្ទ​មក​សុំ​ជំនួយ​ធ្វើ​ឲ្យ​លោក​ហត់នឿយ។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន BBC បាន​រាយការណ៍​ថា បុរស​ម្នាក់​ឈ្មោះ Anoop រស់​នៅ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា បាន​ឈ្នះ​ឆ្នោតជាតិ​នៃ​រដ្ឋ​ដែល​លោក​កំពុង​រស់​នៅ​ដោយ​រង្វាន់​ឡើង​ដល់ ៣​លាន​ដុល្លារ នេះ​ក៏​ជា​តួរលេខ​ធំ​ជាង​គេ​សម្រាប់​ឆ្នោត​រដ្ឋ​នេះ​ដូច​គ្នា។

យ៉ាងណាក្ដី ក្រោយ​ឈ្នះ​ឆ្នោត​លេខ​១​នេះ លោក​បាន​ប្រាប់​ថា ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​លេខ​៣​ដែល​មាន​ប្រាក់​រង្វាន់​តិច​ជាង ប្រហែល​ជា​ប្រសើរ​ជាង​នេះ។ ជាក់​ស្ដែង លោក​បាន​ទិញ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា មួយ​ថ្ងៃ​មុន​ពេល​លោក​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​ការ។

លុយ​ឈ្នះ​ឆ្នោត បាន​ជួយ​ឲ្យ​លោក​សង​បំណុល និង​មាន​ជីវភាព​ប្រសើរ​ជាង​មុន។ បាន​សប្បាយ​មិន​ទាន់​ប៉ុន្មាន ១​សប្ដាហ៍​ក្រោយ​ឈ្នះ​ឆ្នោត លោក​បាន​បង្ហោះ​វីដេអូ​សូម​អង្វរ​ជន​ប្លែក​មុខ​ឈប់​ទូរសព្ទ​​មក​លោក​សុំ​ជំនួយ​ត​ទៀត ព្រោះ​លោក​ហត់​នឹង​លើក​ទូរសព្ទ​ខ្លាំង​ណាស់។

បុរស​រូប​នេះ បាន​បន្ថែម​ថា ក្រោយ​ឈ្នះ​ឆ្នោត លោក​មិន​អាច​ទៅ​ណា​ទាំង​អស់ សូម្បី​តែ​ពេល​​កូន​លោក​ឈឺ​ក៏​លោក​មិន​អាច​ជូន​កូន​ទៅ​ពេទ្យ​បាន​ដែរ ព្រោះ​មាន​អ្នក​ចាំ​ជួប​លោក​ច្រើន​ពេក។ លោក​ក៏​ត្រូវ​អ្នក​ជិត​ខាង​រិះគន់ ដោយ​សារ​មាន​អ្នក​ចាំ​នៅ​មុខ​ផ្ទះ​ច្រើន​ពេក​រាល់​ថ្ងៃ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel