អត់​លុយ​បង់​ថ្លៃ​ពេទ្យ ឆក់​ប្រពន្ធ​ដល់​ស្លាប់ ហើយ​ប្រុងសម្លាប់​ខ្លួន​តាមក្រោយ

  • 2022-09-27 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រពន្ធ​ឈឺ​ធ្ងន់ អត់​មាន​លទ្ធភាព​រក​ថវិការ ជា​ច្រើន​លើក​ច្រើន​សារ​បាន​សុំ​ស្លាប់ តែ​បុរស​មក​ពី​វៀតណាម​នៅ​តែ​ព្យាយាម​បន្ត​ព្យាបាល​រហូត​ដល់​តែ​អស់​សមត្ថភាព។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Vnexpress បាន​រាយការណ៍​ថា បុរស​ម្នាក់​អាយុ ៥៦​ឆ្នាំ​ មក​ពី​​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ត្រូវ​បាន​តុលាការ​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធគារ​៧​ឆ្នាំ​ពី​បទ​សម្លាប់​មនុស្ស​។

តាម​នោះ​ដែរ បុរស​ឈ្មោះ Huynh Quang Dat និង​លោក​ស្រី Tran Thi Ngoc Uyen គឺ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា។ ជា​ច្រើន​ឆ្នាំ​មក​នេះ ភរិយា​របស់​លោក​ ឈឺ​សម្រាក​នៅ​ពេទ្យ លោក​គឺ​ជា​អ្នក​មើល​ថែ។ យ៉ាងណាក្ដី ដោយ​សារ​តែ​ជីវភាព​ខ្វះខាត ប្រពន្ធ​របស់​លោក ជា​ច្រើន​លើក​ច្រើន​សារ បាន​ប្រាប់​ប្ដី​របស់​ខ្លួន​ថា ឈប់​បន្ត​មើល​ទៀត​ទៅ គឺ​លោក​ស្រី​សុខ​ចិត្ត​ស្លាប់។

ដល់​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បុរស​ជា​ប្ដី​បាន​ទិញ​ខ្សែ​ភ្លើង​មក​ឆក់​ប្រពន្ធ​៤​វិនាទី ហើយ​ប្រពន្ធ​លោក​ក៏​ស្លាប់​ទៅ។ ក្រោយ​ឃើញ​ប្រពន្ធ​ស្លាប់ លោក​ក៏​រៀប​យក​ខ្សែ​ភ្លើង មក​ឆក់​ខ្លួន​ឯង តែ​មិន​ទាន់​បាន​សម្រេច​ក៏​ត្រូវ​បាន​គ្រួសារ​អ្នក​ជំងឺ​ផ្សេង​ ប្រទះ​ឃើញ​ហើយ​ហៅ​គេ​មក​ជួយ​ទាន់។

នៅ​តុលាការ លោក​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​ឈឺ​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​លោក​ជា​អ្នក​មើល​ថែ។ ដោយ​ឃើញ​ពី​តថភាព​ជាក់​ស្ដែង តុលាការ​បាន​បន្ថយ​ទោស ហើយ​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធគារ​៧​ឆ្នាំ៕

ប្រភព៖ Tin.vn ប្រែ​សម្រួល៖ Caramel