ជីវិតប្តីប្រពន្ធថ្មោងថ្មីងាយបែកគ្នាបំផុត បើឆ្លងមិនផុត៣ដំណាក់កាលនេះបាន

  • 2022-08-15 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ស្រលាញ់​គ្នា​ក្បាល​ក្រាប​ដល់​កន្ទេល​ក៏​ដោយ ​ជីវិត​ប្តី​ប្រពន្ធ​ងាយ​រង​ការ​ប៉ះ​ទង្គិច​បំ​ផុត ​រហូត​អាច​ឈាន​ដល់​ការ​លែង​លះ​បាន នៅ​ដំណាក់​កាល​ទាំង​៣​នេះ។

១. ឆ្នាំដំបូងក្រោយរៀបការ

​ពេល​មនុស្ស​២​នាក់​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ ​ទាំង​ចំណុច​ខ្សោយ​និង​ខ្លាំង​របស់​​​ដៃ​គូ​ម្នាក់​ៗ​ត្រូវ​បាន​លាត​ត្រដាង មិន​ថា​អត្តចរិត ​របៀប​រស់​នៅ ទស្សនៈ​ផ្សេង​ៗ ​គឺ​​អាច​ខុស​ពី​ការ​រំពឹង​ទុក​ទាំង​អស់។ ​ប្រសិន​បើ​អ្នក​រំពឹង​ខ្លាំង​ពេក​លើ​ដៃគូ​ក្រោយ​រស់​នៅ​​ជាមួយ​គ្នា​ ​អាច​នឹង​មាន​រឿង​ខ្លះ​ខក​​ចិត្ត ដោយសា​រតែ​វា​មិន​ដូច​ការ​គិត​ទាំង​អស់​នោះ​ទេ។ ​ក្រៅ​ពី​នេះ ​ឆ្នាំ​ដំបូង គូស្វាមី​ភរិយា​ថ្មី​ថ្មោង​តែង​​មាន​បញ្ហា​ខ្លះ​ៗ​ពី​ហិរញ្ញវត្ថុ ​ហេតុ​នេះ​ពេល​ខ្លះ​អាច​​​កើត​ជម្លោះ ឬ​ឈាន​ដល់​ការ​លែង​លះ​ទៀត​ក៏​ថា​បាន។

​២. ឆ្នាំ​ដំបូង​ក្រោយ​ផ្តល់​កំនើត​កូន​រួច

​អំឡុង​ពេល​ភរិយាកំពុង​ពពោះ ជា​ពេល​ដែល​ស្វាមិ​មួយ​ចំនួន​ឆ្លៀត​ឱកាស​រក​ក្រៅ​ដោយ​សារ​តែ​ប្រពន្ធ​មិន​អាច​បំពេញ​តម្រូវ​ការ​ផ្លូវ​ភេទ​បាន​។ ​ក្រោយ​​ផ្តល់​កំនើត​កូន​រួច ​ភរិយា​រវល់​ថែ​ទាំ​កូន ​ហើយ​មិន​សូវ​មាន​ពេល​ច្រើន​ជាមួយ​ស្វាមី​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​រឿង​មិន​យល់​ចិត្ត​គ្នា​អាច​កើត​ឡើ​ង​អំឡុង​ពេល​នេះ។ ​ម្យ៉ាង​ទៀត ​ភរិយា​តែង​ចង់​ឲ្យ​ស្វាមី​ជួយ​មើល​កូន​តូច​ដែរ តែ​​​បុរស​ខ្លះ​មិន​សូវ​អើ​ពើ​ទេ​ដោយ​គេ​គិត​ថា​នេះ​ជា​ភារកិច្ច​របស់​​ប្រពន្ធ ។ មិន​តែ​ប៉ុណ្ណោះ ​នៅ​ពេល​មាន​កូន​តូច ​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​គ្រួសារ​ក៏​លើស​មុន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួសារ​ខ្លះ​ប្រែ​ជា​មិ​ន​យល់​ចិត្ត​គ្នា។​

​៣. ៧​ឆ្នាំ ក្រោយ​រៀប​ការ

អ្នក​ជំនាញ​និយាយ​ថា អំឡុង​ពេល​រៀប​ការ​បាន​៧​ឆ្នាំ​ហើយ ​ដំណាក់​ការ​លំបាក​នឹង​ចូល​មក​ម្តង​ទៀត ហើយ​បើ​ស្វាមីភរិយា​មិន​ដឹង​ពី​ដំណោះ​ស្រាយ​ទេ ​ផ្លូវ​បំបែក​ងាយ​ទៅ​រក​ណាស់។ ​ហេតុ​ផល​ដោយសារ​ពួក​គេ​ស្គាល់ចរិត​គ្នា​ច្បាស់​ពេក ហើយ​ទម្លាប់​ប្រចាំ​ថ្ងៃ​អាច​ដដែរៗ គួរ​ឲ្យ​ធុញ។ ឆ្លង​កាត់​រយៈ​ពេល​៧​ឆ្នាំ ​រឿង​ឈ្លោះ​គ្នា​ក៏​ច្រើន​ដោយសារ​បញ្ហា​កូន​ៗ ​សេដ្ឋកិច្ច ការងារ ឬ​​ផ្លូវ​ភេទ​ជា​ដើម។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​គូ​ស្វាមី ភរិយា គួរ​រក្សា​ចិត្ត​ ​រឬ​ម្ងាប់​ចិត្ត​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​មួយ​នេះ​ ដោយ​ចេះ​លំហែ​កាយ​​នាំ​កូន​ៗ​ទៅ​ដើរ​លេង ​មើល​កុន បង្កើត​បទ​ពិសោធន៍​អ្វី​ថ្មី​ៗ ឬ​និយាយ​ពី​​ផែន​ការ​ជីវិត​គ្រួសារ​ម្តង​ទៀត​ជាមួយ​ប្តី​និង​ប្រពន្ធ​ឲ្យ​បាន​ច្បាស់៕​​​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម