វិធី ៧ យ៉ាង ជួយឲ្យស្បែកម៉ដ្ឋរលោងមិនងាយជ្រីវជ្រួញ
- 2022-05-13 22:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី ៧ យ៉ាង ជួយឲ្យស្បែកម៉ដ្ឋរលោងមិនងាយជ្រីវជ្រួញ
ដើម្បីទទួលបានស្បែកស្អាតទាំងមុខនិងដងខ្លួន គួរព្យាយាមមានទម្លាប់ល្អៗ ដែលបានណែនាំដោយអ្នកជំនាញ។ ស្បែកម៉ដ្ឋរលោងមិនងាយចាស់ និងមានសុខភាពល្អ មិនមែនផ្តោតសំខាន់តែលើការលាបឡេមួយមុខឡើយ ប៉ុន្តែត្រូវយកចិត្តទុកនិងដឹងពីវិធីថែទាំឲ្យបានល្អជាប្រចាំ។
១. មិនងូតទឹកយូរពេក
តាមការអះអាងរបស់អ្នកជំនាញ បានបញ្ជាក់ថា ដើម្បីការពារមិនឲ្យប៉ះពាល់ដល់ស្បែក អ្នកគួរងូតទឹកចន្លោះពី ៥-១០នាទី គ្រប់គ្រាន់ហើយ។ អ្នកអាចនឹងយល់ច្រឡំថា ការងូតទឹកក្នុងរយៈពេលយូរ ជួយផ្តល់សំណើមដល់ស្បែក ផ្ទុយទៅវិញវាធ្វើឲ្យស្បែកបាត់បង់ជាតិប្រេងធម្មជាតិ និងកាន់តែស្ងួតទៅវិញទេ។ សម្រាប់អ្នកដែលចូលចិត្ត ត្រាំក្នុងអាង (ពិសេសទឹកក្តៅ) អាចបណ្តាលឲ្យសរសៃឈាមនៅក្រោមស្បែកខ្វះអុកស៊ីហ្សែន ជាហេតុនាំឲ្យស្បែកមានសភាពមិនទន់ស្រស់ថ្លា។
២. ងូតទឹកក្តៅខ្លាំងពេក
ការងូតទឹកក្តៅអាចជួយឲ្យអារម្មណ៍ធូរស្រាល ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ងូតជាប្រចាំ ឬងូតក្នុងកម្រិតក្តៅខ្លាំងពេក ប្រៀបបានដូចជាអ្នកកំពុងតែបំផ្លាញស្បែក ធ្វើឲ្យស្បែកកាន់តែស្ងួតនិងជ្រីវជ្រួញ។
៣. មិនប្រើសាប៊ូដុំដែលមានជាតិកាត់សម្លាប់មេរោគខ្លាំងពេក
សាប៊ូដុំដែលមានសារធាតុសម្លាប់មេរោគខ្លាំង ធ្វើឲ្យស្បែកបាត់បង់ប្រេងធម្មជាតិដែលស្ថិតនៅផ្ទៃខាងលើ។ ហេតុនេះហើយទើបបានជាអ្នកជំនាញណែនាំអ្នកឲ្យប្រើសាប៊ូដុំចំពោះកន្លែងណាចាំបាច់ដូចជាដៃឬជើងជាដើម រីឯកន្លែងមួយចំនួនទៀត ដែលឆាប់រងប្រតិកម្មដូចជាមុខ ក...គួរសាប៊ូទឹកសម្រាប់ដុសខ្លួន។
៤. កុំភ្លេចផ្តល់សំណើមដល់ស្បែក
បើគិតថាស្បែករបស់អ្នកមានសភាពស្ងួត គួរព្យាយាមផ្តល់សំណើមឲ្យបានគ្រប់គ្រាន់។ ជាពិសេសបន្ទាប់ពីងូតទឹករួច ឬក្នុងរដូវរងា ស្បែកនឹងកាន់តែស្ងួតបែកស្រកា ដូច្នេះគួររកប្រភេទឡេដែលមានសារធាតុ Ceremide ទើបអាចជួយឲ្យស្បែកមានសំណើម ទន់រលោង ការពារជ្រួញ និងភ្លឺចេញពីខាងក្នុងតែម្តង។
៥. ផឹកទឹកឲ្យបានគ្រប់គ្រាន់
រាងកាយរបស់មនុស្សគ្រប់គ្នា ត្រូវការជាតិទឹកយ៉ាងហោចណាស់ ១,៥-២ លីត្រក្នុងមួយថ្ងៃ។ ការផឹកទឹកបានគ្រប់គ្រាន់មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសម្រស់ប៉ុណ្ណោះទេ ហើយក៏ល្អសម្រាប់សុខភាពផងដែរ។
៦. ផ្តល់សារធាតុបំប៉នដល់រាងកាយ
រាងកាយអាចរឹងមាំមិនងាយឈឺថ្កាត់និងមិនឆាប់ចាស់មុនវ័យ លុះត្រាតែអ្នកបានផ្តល់សារធាតុបំប៉នល្អៗ ជារៀងរាល់ថ្ងៃ។ គួរញ៉ាំអាហារដែលមានផ្ទុក វីតាមីន A,C និង E...រួមទាំងសារធាតុសំខាន់ៗជាច្រើនទៀត ដែលមាននៅក្នុងបន្លែផ្លែឈើជាដើម។
៧. ស្លៀកសម្លៀកបំពាក់ការពារឲ្យបានត្រឹមត្រូវពេលចេញទៅខាងក្រៅ
ពេលដែលអ្នកចេញទៅខាងក្រៅ គួរស្លៀកសម្លៀកបំពាក់ដែលអាចការពារពន្លឺព្រះអាទិត្យ ជាពិសេសកុំភ្លេចពាក់មួកម៉ាស់ ឬស្រោមដៃ ដើម្បីការពារពីផ្សែង ធូលី កាំរស្មី UV ដែលអាចធ្វើឲ្យស្បែកខ្មៅដុំៗមិនស្មើគ្នា និងជ្រីវជ្រួញមុនវ័យផងដែរ៕
ចុចអានបន្ត៖ អ្នកខ្ជិលតែចង់ស្អាត មកសាកវិធីសម្រកក្បាលពោះ ៧ ថ្ងៃនេះទៅ