មូលហេតុ ដែលទម្លាប់នៃការគិតអវិជ្ជមាន អាចធ្វើឲ្យឆាកជីវិតរបស់អ្នកមានការលំបាក

  • 2022-05-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងឆាកជីវិតរស់នៅគ្មាននរណាម្នាក់ដែលចង់ឲ្យជីវិតរស់នៅរបស់ពួកគេមានភាពស្មុគស្មាញនោះទេ បើមានមែនក៏មានតិចខ្លាំងណាស់។ ឧបសគ្គដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកជួនកាលគឺជាទម្លាប់ផ្លូវចិត្ត ឬហៅថាទម្លាប់នៃការគិត ជាទូទៅគឺទៅលើភាពអវិជ្ជមាន និងរឿងអាក្រក់ៗជាដើម។

អំណាចនៃការគិតគឺមានឥទ្ធិពលខ្លាំងណាស់ចំពោះបុគ្គលម្នាក់ៗ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ អ្វីដែលអ្នកនិយាយ អារម្មណ៍របស់អ្នក និងការជឿទៅលើអ្វីមួយ។ ប្រសិនបើអ្នកប្រើការគិតនោះទៅលើផ្លូវវិជ្ជមាន វានឹងល្អសម្រាប់ជីវិតរស់នៅ ប៉ុន្តែប្រសិនបើអ្នកប្រើការគិតទាំងនោះទៅលើរឿងអវិជ្ជមានវិញ អ្នកនឹងអាចជួបតែរឿងអាក្រក់ៗនៅក្នុងឆាកជីវិតរបស់អ្នក។ នេះមានន័យថាទម្លាប់ផ្លូវចិត្ត «​ការគិត» អាក្រក់ៗដែលអ្នកបានអនុវត្តអាចប៉ះពាល់ខ្លាំងជាងទម្លាប់ដែលអ្នកធ្វើសកម្មភាពទៅទៀត។

ខាងក្រោមនេះគឺជាទម្លាប់នៃការគិតមិនល្អបីយ៉ាងដែលអាចធ្វើឲ្យឆាកជីវិតរស់នៅរបស់អ្នកមានការលំបាកខ្លាំងបំផុត៖

១. ការគិតទៅលើភាពឥតខ្ចោះ ចាំថាសូម្បីតែមនុស្សដែលមានភាពជោគជ័យក៏ពួកគេធ្វើខុសដែរ ការចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​នឹងនាំឲ្យ​មាន​ទម្លាប់​អាក្រក់​ខាង​ផ្លូវ​ចិត្ត​ និងប៉ះពាល់ដល់ការគិតរបស់អ្នកដូច​ជា៖

  • ការ​រំពឹង​ទុក​ខ្ពស់​ពេក​ពី​អ្នក​ដទៃ ដែល​បង្ក​ឲ្យ​មាន​ការ​អាក់អន់ចិត្ត
  • ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​លើ​ការ​វិនិច្ឆ័យ​របស់​អ្នក​ដទៃ និង​របៀប​ដែល​គេ​មាន​ទស្សនៈ​ចំពោះ​អ្នក
  • ការថប់បារម្ភមានកម្រិតខ្ពស់ ទទួលរងជំងឺធ្លាក់ទឹកចិត្ត និងរោគសញ្ញាផ្លូវចិត្តមួយចំនួនទៀត
  • អសមត្ថភាពក្នុងការកែលម្អ ឬរៀនសូត្រពីកំហុសរបស់ខ្លួនពីអតីតកាល
  • ការថយចុះនៃការឲ្យតម្លៃលើខ្លួនឯងដោយសារតែការរំពឹងទុកដែលមិនបានសម្រេចដូចបំណង

២. ការផ្គាប់ចិត្តអ្នកដទៃ ការ​ចង់​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​គឺ​ជា​រឿង​ដ៏ល្អ​ប្រសើរ ប៉ុន្តែការព្យាយាមផ្គាប់ចិត្តមនុស្សជុំវិញខ្លួនគឺជាទម្លាប់អាក្រក់ និងគ្រោះថ្នាក់បំផុតមួយសម្រាប់អារម្មណ៍ផ្លូវចិត្តខ្លួនឯង រួមមានដូចជា៖

  • អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នក
  • មានទំនាក់ទំនងមិនល្អជាច្រើន និងការទាក់ទងជាមួយបុគ្គលដែលមិនល្អ
  • មានការព្រួយបារម្ភជានិច្ចអំពីអ្វីដែលមនុស្សនឹងគិតមកលើអ្នក
  • អារម្មណ៍ធ្លាក់ចុះជានិច្ចដោយ​សារ​តម្រូវ​ការ​តាមផ្គាប់ចិត្តមនុស្សជុំវិញខ្លួន

៣. ការភ័យខ្លាចចំពោះការបរាជ័យ នៅពេលដែលអ្នកខ្លាចបរាជ័យ អ្វីដែលបានកើតឡើងគឺអ្នកនឹងមិនអាចប្រឈមមុខដោះស្រាយ ឬធ្វើការកែលម្អឲ្យបានប្រសើរឡើយ តែវានឹងប៉ះពាល់ទៅដល់ការគិតរបស់អ្នក៖

  • បដិសេធ​មិន​ទទួល​យក​ការបរាជ័យ ឬហានិភ័យបើទោះ​បី​ជា​អ្នកជាមនុស្សពូកែខ្លាំងក៏ដោយ
  • មិនរៀនអំពីកំហុស និងភាពបរាជ័យពីអតីតកាល ដើម្បីបង្កើនឱកាសជោគជ័យនាពេលអនាគតឡើយ
  • ការបោះបង់ចោល ឬបញ្ឈប់មុនពេលដែលអ្នកអាចដឹង ឬមើលឃើញអំពីលទ្ធផលណាមួយ

គ្មានវិធីណាដែលធ្វើឲ្យមនុស្សលោកល្អឥតខ្ចោះនោះទេ ផ្ទុយទៅវិញវាផ្ដល់ផលប៉ះពាល់ដល់សុខភាពវិញទេ ទម្លាប់នៃការគិតមិនល្អទាំងនេះអាចបំផ្លាញសុខុមាលភាពរាងកាយដោយធ្វើឲ្យអ្នកងាយនឹងទទួលរងជំងឺសម្ពាធ​ឈាម​ខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺ​សរសៃឈាម​បេះដូង និងអាចឈានទៅដល់ការធ្វើអត្តឃាតទៀតផង។ ដូច្នេះការយល់ដឹងអំពីទម្លាប់អាក្រក់ទាំងនោះមុន អាចជាជំហានដំបូងក្នុងការការពារ និងអាចជួយអ្នករកវិធីដោះស្រាយក្នុងជីវិតរស់នៅបាន៕

ចុចអានបន្ត៖ ប្រភេទមនុស្សទាំង ៥ យ៉ាងនេះដែលអាចនឹងឆក់យកសុភមង្គលពីអ្នកបាន

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម