ទម្លាប់ទាំង ១០ ជួយឲ្យជីវិតស្រស់ថ្លា និងល្អប្រសើរបើអនុវត្តជាប្រចាំ

  • 2022-05-05 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆាកជីវិតយើងម្នាក់ៗ គ្មានអ្នកម្នាក់អាចថែរក្សាបានដល់ ១០០ ឆ្នាំនោះទេ ទាំងសម្រស់ រូបរាងកាយ សុខភាព លុយកាកជាដើម។ ប៉ុន្តែអ្វីដែលយើងអាចរក្សា និងអនុវត្តវាជាប្រចាំបាន ដើម្បីឲ្យជីវិតយើងកាន់ប្រសើរឡើងជារៀងរាល់ថ្ងៃនោះ គឺការអនុវត្តរៀនរស់ក្នុងការគិតមួយដល់សមស្រប និងកាលវិភាគច្បាស់លាស់សម្រាប់ខ្លួនឯង។

ថ្ងៃនេះ កញ្ញា លើកយកទម្លាប់ល្អក្នុងការរស់នៅទាំងដប់យ៉ាងដែលអាចជួយធ្វើឲ្យជីវិតមានក្តីសុខ និងកាន់តែប្រសើរឡើងបាន៖

១. កុំទម្លាប់មិនញាំអាហារពេលព្រឹក ព្រោះវាមិនល្អដល់សុខភាពឡើយ ប៉ុន្តែត្រូវកំណត់ម៉ោងណាមួយឲ្យបានច្បាស់លាស់ មិនយឺតឬលើសម៉ោងពេក។

២. ហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ក៏បាន ១ ម៉ោងក្នុងមួយថ្ងៃដែរ ដូចជាយូហ្គា ការដើរ ការរត់ ការវាយសី ជិះកង់ ហែលទឹកជាដើម មិនថាពេលព្រឹក ឬពេលល្ចាចឡើយ។

៣. ញាំទឹកឲ្យបានច្រើន ចំនួន ៥ ដងក្នុងមួយថ្ងៃ ក្នុងបរិមាណ ២ កែវរៀងរាល់ពេលទទួលទានម្តងៗ ទើបផ្ដល់ជាតិទឹកក្នុងខ្លួនបានល្អ ជួយសម្រួលដល់សុខភាពស្បែក សម្រស់ និងការរំលាយអាហារបានល្អ។

៤. ចំអិនអាហារញាំនៅផ្ទះខ្លួនឯង ជាររឿងមួយល្អបំផុតសម្រាប់សុខភាព និងអនាម័យ ហើយអាចជួយអ្នកក្នុងការសន្សំ និងកាត់បន្ថយការចំណាយនៃការចាយខ្ជះខ្ជាយ និងអាចកំណត់ការទទួលទានបានល្អ។

៥. កាត់បន្ថយការលេង Internet រយ:យូរពេក ព្រោះមានពេលខ្លះការចំណាយពេលនៅមួយកន្លែងសម្រាប់ការចុចទូរស័ព្ទ ឬអ៊ីនធឺណែតក៏មានផលប៉ះពាល់ដល់សុខភាពដែរ។ រាងកាយមិនបានធ្វើចលនាប៉ះពាល់ភ្នែក ចុកស្ពឹករាងកាយដោយសារការនៅមួយកន្លែង។ ដូច្នេះប្ដូរទម្លាប់នោះទៅជាការធ្វើម្ហូប ស្តាប់ភ្លេង អានសៀវភៅ រៀបចំការងារក្នុងផ្ទះ ឬបន្ថែមការដាំកូនឈើ ផ្កាជំនួសជាការប្រសើរជាង។

៦. គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ក៏បាន ៨ ម៉ោងក្នុងមួយថ្ងៃដែរ ពីព្រោះការគេងគ្រប់គ្រាន់អាចជួយសុខភាពទាំងរាងកាយ និងសុខភាពផ្លូវចិត្ត ហើយស្មារតីខួរក្បាលមានការគិតវិជ្ជមានជានិច្ច។

៧. កុំទម្លាប់ទុកការងារចោល ជារឿងមួយមិនល្អដែលអ្នកគួររៀនបញ្ចប់ការងារចាស់ ឬការងារដែលកំពុងបំពេញមិនថាតូចតាចឬធំដុំនោះទេ។ គួររៀនធ្វើឲ្យហើយសិន ចាំចាកចេញ ពីព្រោះការទុកអ្វីមួយឲ្យនៅសល់ចាំបន្តធ្វើនៅថ្ងៃស្អែក ឬថ្ងៃណាដែលមានអារម្មណ៍ធ្វើនោះ វាជារឿងមួយមិនល្អសម្រាប់ការរស់នៅក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជាក្នុងសង្គមការងារឡើយ វាមិនសូវទទួលបានភាពជោគជ័យក្នុងជីវិតទេ។

៨. ធ្វើការសមាធិកកាត់បន្ថយភាពតានតឹង ៥ នាទីក្នុងមួយថ្ងៃក៏ល្អ ឬអាចចំណាយពេលទាក់ទងជាមួយមិត្តភក្តិថ្មីចាស់ជជែកគ្នា ចែករំលែកពីបទពិសោធ ផ្លាស់ប្តូរយោបល់ ដើម្បីបំបាត់ស្ត្រេសពីការងារប្រចាំថ្ងៃ ពីព្រោះការសើចសប្បាយក៏អាចកាត់បន្ថយភាពតានតឹងយ៉ាងងាយផងដែរ។

៩. បន្ថែមជាមួយការចិញ្ចឹមសត្វ ជារឿងមួយដែលល្អសម្រាប់ការរស់នៅឲ្យកាន់តែល្អប្រសើរ ដូចជាសត្វឆ្កែ ឆ្មារ ទន្សាយ ឬសត្វចិញ្ចឹមផ្សេងៗទៀត។ ទាំងនោះសុទ្ធតែជាអត្ថន័យល្អមួយសម្រាប់ជីវិតរស់នៅ និងការងារប្រចាំថ្ងៃ។

១០. ចំណាយពេលសម្រាប់ខ្លួនឯង ជាចំណុចមួយដែលល្អ និងសំខាន់បំផុតសម្រាប់ការដែលយើងចង់ឲ្យជីវិតយើងបានល្អប្រសើរ ពីព្រោះការខ្វល់ខ្វាយអំពីខ្លួនឯង មិនថាសុខភាព ការថែរក្សាសម្រស់ ការហាត់ប្រាណ ការដើរផ្សារទិញរបស់ផ្សេងៗ ឬក៏ការផ្តល់អំណោយដល់ខ្លួនឯងនោះទេ វាសុទ្ធសឹងតែជារឿងល្អសម្រាប់ជីវិតរស់នៅ ដូច្នេះគួរតែចំណាយពេលសម្រាប់ខ្លួនឯងឲ្យបានច្រើន និងគិតអំពីអ្វីដែលខ្លួនត្រូវការមុន ទើបជារឿងសំខាន់៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម