មានដុងសិល្បៈផ្នែកតន្ត្រីតាំងពីតូច យុវតីវ័យក្មេងហ្វឹកហាត់រៀនហ្គីតាដោយខ្លួនឯង ជម្នះការលំបាកគ្រប់យ៉ាង

  • 2022-03-18 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទី សុគន្ធធារី ជា​យុវតី​វ័យ​១៨​ឆ្នាំ ​ដែល​ស្រលាញ់​ផ្នែក​តន្រ្តី ពិសេស ​ហ្គីតា ហើយ​កញ្ញា​ក៏​មានជំនាញ​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា ​ច្រៀង និង​សរសេរ​បទ​ចម្រៀង​ដោយ​ប្រើ​ហ្គីតា​បាន​។ ​តាម​រយៈ​ការ​ស្រលាញ់ ​យុវតី​រូប​នេះ ​បាន​ហ្វឹក​ហាត់​រៀន​ហ្គីតា​ដោយ​ខ្លួន​ឯង​ពី​បណ្តាញ​អ៊ីន​ធឺណេត ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន ​តែ​មិន​រាថយ។

និស្សិត​ផ្នែក​សិក្សា​អន្តរជាតិ​រូប​នេះ​បន្ថែម​ថា ធ្លាប់​លេង​ហ្គីតា​រហូត​ដល់​របក​ស្បែក​ម្រាម​ដៃ និងត្រូវ​ជម្នះ​ឧបសគ្គ​ដោយ​ខ្លួន​ឯង​នៅពេល​ខ្សែ​ហ្គីតា​រលុង ​ឬ​​ទាក់​ទង​នឹង​បច្ចេក​ទេស​ណា​មួយ ដែល​ជួន​កាល​ធ្វើ​ឲ្យ​ធារី​ត្រូវ​ជួប​អារម្មណ៍​ខក​ចិត្ត​ច្រើន​ដង​ដែរ។ ​ក្រៅ​ពី​នេះ ​ធារី ​អាចលេង​ឧបករណ៍​តន្រ្តី​ដូច​ជា ព្យាណូ​​ខ្លះ​ៗ​ផង​ដែរ។ ដោយសារតែ​តន្រ្តី​ក្លាយជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុងជីវិត​របស់សមាជិក​ម្នាក់​ក្នុង​ក្រុម (.WAV) នេះ​ទៅ​ហើយ ដូច្នេះ​ធារី​ចង់ពង្រីកសមត្ថភាព​ខ្លួន​ឯង​ដោយ​ការ​ចង់​រៀន​ឧបករណ៍​បុរាណ​ដូច​ជា៖ ​រនាត និង​ទ្រ​ថែម​ទៀត ។ 

តន្រ្តី ​ជា​អ្វី​ដែល​ជម្រុញ​ចិត្ត​ឲ្យ​ធារី​រីកចម្រើន​ ក្លាយ​ជា​មនុស្ស​ម្នាក់​មិន​​ងាយ​រា​ថយ រហូត​ដល់​កញ្ញា​មិន​អាច​ពណ៍នា ​ឬ​ឲ្យ​និយម​ន័យ​​តន្រ្តី​​សម្រាប់​នាង ត្រឹម​តែ​ពីរបីពាក្យទេ។ ​សម្រាប់ យុវតី​ដ៏​រឹង​មាំ​ម្នាក់​នេះ​បាន​សង្កត់​​ថា ​នាង​បាន​រៀន​យល់​ពី​អ្វី​ដែលជាភាសាអង់គ្លេស " Compassion”, “Empathy” និង "Liberation ”  ឬមានន័យថា  ៉ មេត្តា ការយល់ចិត្ត និង ផ្តល់សេរីភាពដល់ខ្លួនឯង ”  តាម​រយៈ​តន្រ្តី​ និង​សិល្បៈ។ ម្យ៉ាង​វិញ​ទៀត ធារី​ក៏​​ចេះ​ផាត់​រូប គូររូប ដែល​ជួយ​បង្ហាញ​អារម្មណ៍​តាម​រយៈសិល្បៈ​បាន។ ​​កាន់​តែ​ពិសេស​ទៀត​នោះ ធា​រី​បាន​សរសេរ​បទ​ចម្រៀងមួយ នឹងគ្រោងបញ្ចេញវីដេអូចម្រៀង​​គឺ " សុបិន" ដែល​សរសេរ​ឡើង​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​ការងារ​​ម្នាក់​ទៀត រួមទាំង​ការ​ជួយ​ជ្រោមជ្រែង​ពី TSI និង ទូតសុឆន្ទៈរបស់វគ្គ .WAV គឺកញ្ញា ចិត្ត កញ្ចនា ​ព្រម​ទាំង​មតិ​កែលម្អ​ពី​សិស្ស​នារីទាំង​ ១២ នាក់​នៃវគ្គ .WAV  ​ផងដែរ។ ​ក្រៅ​ពី​សមិទ្ធិផល​មួយ​នេះ ​ធារី​នៅ​មាន​គម្រោង​ចម្រៀង​មួយ​ទៀត ​ដែល​ធ្វើការ​នៅ​ក្នុងវគ្គនេះ  ​ជាមួយ​សិស្ស​ម្នាក់​ទៀត​ផង​ដែរ ដែល​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ធារី​​មិន​អាច​បំភ្លេច​បាន។

ថ្វីដ្បិត ធារី​បាន​សម្រេ​​ច​លើ​ការងារ​ខ្លះ​ៗ​ផ្នែក​តន្រ្តី​នេះ​មែន តែ​ទន្ទឹម​នឹង​នេះ ​កញ្ញា​ក៏​​​ធ្លាប់​រង​នូវ​អារម្មណ៍​ខក​ចិត្ត ដោយ​គេ​និយាយ​ថា ​ការងារ​ក្នុង​​វិស័យ​តន្រ្តី​មិន​មែន​ជា​ការងារ​ពិត​ឡើយ ​ឬ​ឲ្យធារី​ចាត់​ទុក​តន្រ្តីជាការងារ​លេង​ៗ​បានហើយ។ យ៉ាង​នេះ​ក្តី ធារី​ជឿ​ថា គ្រប់​គ្នា​នឹង​រៀន​​យល់​ដឹង ព្រម​ទាំង​អប់រំ​​ខ្លួន​ឯង​នៅ​ថ្ងៃ​ខាង​មុខ​ទៅ​លើ​បញ្ហា​សង្គម​បែប​នេះ ដែល​អាច​នឹង​ជួយ​ជម្រុញ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​កាន់​តែ​ប្រសើរ​ឡើង។

សម្រាប់​យុវតី ទី សុគន្ធធារី ចង់​លើក​ទឹក​ចិត្ត​យុវជន ពិសេស​យុវនារី​និង​កុមារី​ថា ពួក​គេ​អាច​​ក្លាយជា​​អ្វី​ក៏​ដោយ ​មិន​ថា​សង្គម​និយាយ​អ្វី​នោះ​ទេ ព្រោះ​វា​ជា​ជីវិត​របស់​គេ​ដែល​រស់​នៅ​សម្រាប់​ខ្លួន​គេ ​​មិន​មែន​សម្រាប់​អ្នក​ដទៃ​នោះ​ទេ ដោយ​គ្រាន់​តែ​គោរព​តាម​ក្រមសីលធម៍ ​និង​តម្លៃ​សីលធម៍​ត្រឹម​ត្រូវ។ ​នេះ​ជា​អ្វី​ដែល​​ធារី ​ចង់​បង្ហាញ​តាម​រយៈ​តន្រ្តី​ដែល​​កញ្ញា​នឹង​ខិត​ខំ​ប្រឹងប្រែង​បន្ត​ផ្តល់​ក្តីសង្ឃឹម និង​ការ​លើក​ទឹក​ចិត្ត​ដល់ពួកគេ។​

ដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីរបស់ធារី រួមជាមួយសិស្សទាំងអស់របស់វគ្គ .WAV អង្គការ The Sound Initiative បានសហការជាមួយផលិតកម្មរណ្តំ ដោយមានការគាំទ្រដោយ USAID, PACT និង គម្រោង WE Act នឹងមានការប្រគុំតន្រ្តីហៅថា SOUND.WAV ថ្ងៃសុក្រ ២៥ មីនា ឆ្នាំ២០២២ ឆាប់ៗនេះ ដើម្បីប្រារព្ធការបញ្ចប់វគ្គសិក្សារបស់ពួកគាត់។ ទស្សនាការសម្តែងដោយសេរី ចាប់ផ្តើមវេលាម៉ោង ៦កន្លះល្ងាច ដល់ម៉ោង ៩ល្ងាច នៅ Factory Phnom Penh ដោយមានការចូលរួមសម្តែងពីតារាកិត្តិយសពិសេសគឺកញ្ញា ចិត្ត កញ្ចនា កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និង Sam Rocker ជាដើម។ 

តាមដានពត៍មានបន្ថែមលើទំព័រហ្វេកប៊ុករបស់ The Sound Initiative ចុចត្រង់នេះ https://www.facebook.com/TheSoundInitiativeCambodia

អត្ថបទ៖ លឹម សុនា