បវរកញ្ញា​វៀតណាម​ត្រូវ​ប្ដី​បោះបង់​ទៅ​មាន​ស្រី​ថ្មី​ ក្រោយ​មាន​កូន​បាក់​សម្រស់

  • 2021-11-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​គិត​ថា​រក​បាន​សុភមង្គល​ចុង​ក្រោយ​របស់​ខ្លួន​ហើយ បវរកញ្ញា​សមុទ្រ​២០១៦​របស់​វៀតណាម​ប្រកាស​លែងលះ​ប្ដី​មហាសេដ្ឋី ដោយ​គេ​ជឿជាក់​ថា​ដោយ​សារ​តែ​នាង​ធ្លាក់​សម្រស់។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តំណាង​របស់​បវរកញ្ញា​សមុទ្រ​វៀតណាម​ឆ្នាំ​២០១៦ Dang Thu Thao បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Zing ថា​នាង​ ព្រម​ទាំង​ស្វាមី​បាន​លែងលះ​គ្នា​ហើយ។ តាម​នោះ​ដែរ ដំណើរ​ការ​នៃ​ការ​លែងលះ​នេះ​គឺ​ប្រព្រឹត្ត​ទៅ​បាន​​​មួយ​រយៈ​ពេល​ហើយ តែ​ដោយ​សារ​ស្ថានភាព​អារម្មណ៍​របស់​នាង​មិន​ប្រក្រតី​ទើប​នាង​រក្សា​ភាព​ស្ងៀមស្ងាត់។

នៅ​លើ​បណ្ដាញ​សង្គម ស្រី​ស្អាត​អាយុ ៣០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា នាង​ស្មាន​តែ​ខ្លួន​គឺ​ជា​នារី​ដែល​មាន​សុភមង្គល​ជាង​គេ​លើ​លោក​នេះ រហូត​ដល់​មាន​កូន​២​ហើយ ទើប​នាង​ដឹង​ថា អ្វី​ៗ​ទាំង​អស់​គឺ​អាច​រលាយ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក។ បវរកញ្ញា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា សុភមង្គល​គ្រួសារ​របស់​នាង​ចាប់​ផ្ដើម​បាត់បង់​នៅ​ពេល​នាង​មាន​កូន ហើយ​អាក្រក់​ជាង​មុន ទើប​ស្វាមី​មហាសេដ្ឋី​របស់​នាង​ ក៏​ចាប់​ផ្ដើម​លែង​រវីរវល់​នឹង​នាង។

“មនុស្ស​ដែល​ខ្ញុំ​អាច​លះបង់​បាន​គ្រប់​យ៉ាង​ដើម្បី​គេ មនុស្ស​ប្រុស​ដែល​ជា​ឪពុក​របស់​កូន​ៗ​ខ្ញុំ មនុស្ស​ដែល​ខ្ញុំ​គិត​ថា​នឹង​កាន់​ដៃ​គ្នា​ដល់​ចាស់ នៅ​ទីបំផុត​ក៏​បោះបង់​ខ្ញុំ។ ពេល​នោះ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​ខ្លួន​បាន​ធ្វើ​ខុស​អ្វី តែ​ចម្លើយ​ដែល​ច្បាស់​បំផុត​នោះ​គឺ អាច​មក​ពី​ខ្ញុំ​ចំណាយ​ពេល​លើ​គ្រួសារ​ស្ទើរ​ទាំង​អស់ ហើយ​មិន​ចំណាយ​ពេល​ឲ្យ​ខ្លួន​ឯង ទើប​ដល់​ដំណាក់​កាល​នេះ​។ ណ្ហើយ​ចុះ​ ចាត់​ទុក​ជា​មេរៀន​មួយ​ទៅ​ចុះ តែ​មេរៀន​មួយ​នេះ​គឺ​ពិត​ជា​មាន​តម្លៃ​ថ្លៃ​ពេក​ហើយ” បវរកញ្ញា​នេះ​ឲ្យ​ដឹង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​រៀបការ​៣​ឆ្នាំ ស្រី​ស្អាត​រូប​នេះ មាន​កូន​ជាមួយ​អតីត​ស្វាមី​ចំនួន​២​នាក់ តែ​អ្នក​ទាំង​២​បាន​សម្រេច​ចិត្ត​លែងលះ​ដាច់​ស្រេច​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ៕

ប្រភព៖ webtretho ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម