ក្រុមអ្នកតទុយោទឹកនៅមន្ទីរពេទ្យជប៉ុន ទើបរកឃើញថាអស់ពេល២៨ឆ្នាំ ឲ្យអ្នកប្រើប្រាស់ផឹកទឹកទុកចាក់បង្គន់

  • 2021-10-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មន្ទីរ​ពេទ្យ​សកលវិទ្យាល័យ Osaka ទើប​តែ​រក​ឃើញ​ថា ខ្លួន​ត​បណ្ដាញ​ទឹក​ខុស ដោយ​ទឹក​ដែល​ផឹក​២៨​ឆ្នាំ​កន្លង​មក​នេះ តា​ម​ការ​ពិត​គឺ​ត្រូវ​ទុក​ដើម្បី​ចាក់​ក្រោយ​ពេល​បត់​ជើង​រួច​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Yomiuri Shimbun បាន​រាយការណ៍​ថា មន្ទីរ​ពេទ្យ​លំដាប់​ខ្ពស់​របស់​ជប៉ុន​ឈ្មោះ Osaka បាន​ចេញ​មុខ​សូមទោស​មហាជន​ក្រោយ​ពេល រក​ឃើញ​ថា បណ្ដាញ​ទឹក​ដែល​ខ្លួន​តភ្ជាប់​នេះ មាន​បញ្ហា។ តាម​នោះ​ដែរ ពួក​គេ​បាន​ច្រឡំ​ត​ភ្ជាប់​ទឹក​ដើម្បី​ទុក​ចាក់​បង្គន់​ចូល​ក្នុង​ប្រព័ន្ធ​ទឹក​ស្អាត​ដើម្បី​ប្រើប្រាស់​ និង​ទុក​ផឹក។ រីឯ​ប្រព័ន្ធ​ទឹក​ស្អាត​ទុក​ផឹក​នោះ បែរ​ជា​ទុក​ប្រើ​សម្រាប់​ចាក់​បង្គន់​វិញ។

ការ​យល់​ច្រឡំ​ខាង​លើ​ បាន​បណ្ដាល​ឲ្យ​បុគ្គលិក​នៃ​មន្ទីរពេទ្យ និង​អ្នក​ជំងឺ​ផឹក​ទឹក​មិន​ស្អាត​អស់​រយៈ​ពេល​២៨​ឆ្នាំ​មក​ហើយ ដោយ​ប្រព័ន្ធ​ទឹក​នេះ​ត្រូវ​បាន​តម្លើង​តាំង​ពី​ឆ្នាំ ១៩៩៣​មក​ម្ល៉េះ។ ជាក់​ស្ដែង ទឹក​ដែល​ទុក​ចាក់​បង្គន់​នេះ ត្រូវ​បាន​ស្រង់​ពី​ទឹក​អណ្ដូង និង​មិន​ត្រូវ​បាន​ចម្រោះ​ច្រើន​សារ​នោះ​ទេ រីឯ​ទឹក​ទុក​សម្រាប់​ផឹក​គឺ​ត្រូវ​បាន​ឆ្លង​កាត​ចម្រោះ​ជា​ច្រើន​ដង​ទម្រាំ​អាច​ប្រើប្រាស់ និង​ផឹក​បាន។

រហូត​ដល់​មុន​នេះ​បន្តិច នៅ​ពេល​កំពុង​ត្រួតពិនិត្យ​ដើម្បី​សង់​អគារ​ថ្មី ទើប​គេ​រក​ឃើញ​ថា មាន​ទុយោទឹក​ទាំង​អស់​សរុប​១២០​ត្រូវ​បាន​ត​ខុស បណ្ដាល​ឲ្យ​អ្នក​ផឹក​ត្រូវ​ផឹក​ទឹក​មិន​ស្អាត។ តំណាង​របស់​មន្ទីរពេទ្យ​បាន​អោន​ដើម្បី​សូម​ទោស​មហាជន​នូវ​កំហុស​នេះ៕

ប្រភព៖ Thanhnien ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម