មនុស្ស​ស្រី​អាយុ​ជិត​៣០​ឆ្នាំ ចង់​បាន​ចិត្តស្ងប់​ល្អ​ ដឹង​រឿង​ទាំង​នេះ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ

  • 2021-10-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្តចរិត​ក្ដៅ​ក្រហាយ ឆាប់​មួម៉ៅ​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​គ្រប់​រូប តែ​នៅ​ពេល​ដែល​អ្នក​ជិត​ឈាន​ដល់​អាយុ ៣០​ឆ្នាំ​ហើយ នៅ​តែ​រក្សា​ការ​គិត​បែប​នេះ​ទៀត​នោះ អ្នក​នឹង​ពិបាក​រក​ភាព​ស្ងប់​ចិត្ត​បាន​​ណាស់។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​៣​យ៉ាង​ដែល​អ្នក​គួរ​ដឹង​មុន​ពេល​ឈាន​ដល់​អាយុ ៣០​ឆ្នាំ។

១. អំនួត​ខ្លួន​ខ្លាំង​ពេក

នៅ​អាយុ​ជិត​២០​ឆ្នាំ ពួក​យើង​គិត​ថា​ នៅ​ពេល​មាន​វ័យ​ជ្រេ​បន្តិច ពួក​យើង​នឹង​មាន​ចំណេះដឹង​ជ្រៅ​ជ្រះ ហើយ​ចេះ​អ្វី​ៗ​ស្ទើរ​តែ​គ្រប់​យ៉ាង។ យ៉ាងណាក្ដី ធាតុ​ពិតនៅ​ពេល​យើង​ដល់​អាយុ​ដែល​រំពឹង​នេះ ចំណេះដឹង​ក៏​ដូច​ជា​សមត្ថភាព​របស់​យើង​គឺ​នៅ​ស្ដួចស្ដើង​ខ្លាំង​ណាស់។ ដើម្បី​ធ្វើ​ចិត្ត​ចំពោះ​បញ្ហា​នេះ​បាន គឺ​អ្នក​ត្រូវ​ហ៊ាន​បើក​ចិត្ត​ហើយ​ទទួល​យក​ថា ចំណេះ​នៅ​មាន​កម្រិត ហើយ​យើង​មិន​អាច​ចេះបាន​គ្រប់​បែប​យ៉ាង​នោះ​ទេ។ បើ​អ្នក​នៅ​តែ​ប្រកាន់​យក​ថា​ខ្លួន​អស្ចារ្យ​ជាង​អ្នក​ដទៃ ហើយ​មិន​ព្រម​ចាញ់​គេ​នោះ ចិត្ត​អ្នក​នៅ​មិន​ស្ងប់​ឡើយ។

២. ឆាប់​ច្រឡោត​ពេក

មនុស្ស​ឆ្លាត​វៃ និង​មនុស្ស​ឆោត​ខុស​គ្នា​ត្រង់​ នៅ​ពេល​ខឹង​ខ្លាំង​ មនុស្ស​ឆ្លាត​អាច​ទប់​អារម្មណ៍​បាន ឯ​មនុស្ស​ឆោត​នឹង​បង្ហាញ​អារម្មណ៍​ចេញ​មក​ទាំង​ស្រុង។ នៅ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​អារម្មណ៍​ខ្លួន​ឯង​បាន​ទេ នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​អ្នក​នឹង​ចាញ់​គេ​ដែរ។ អាយុ​ជិត​៣០​ឆ្នាំ គឺ​ជា​វ័យ​ដែល​ល្អ​បំផុត សម្រាប់​លត់​ដំ​ចិត្ត​ឲ្យ​ធ្ងន់ កុំ​ឆាប់​ច្រឡោត ឆាប់​ខឹង ទើប​សម្រេច​បាន​ការងារ​ធំ។

៣. មិន​ប្រៀបធៀប​ខ្លួន​នឹង​អ្នក​ដទៃ

សម្រាប់​បុគ្គល​ដែល​ឆាប់​ជោគជ័យ វ័យក្បែរ​៣០​ឆ្នាំ​នេះ គឺ​អាច​មាន​របស់​ផ្ទាល់​ខ្លួន​ជា​ដុំ​កំភួន​ហើយ ដូច​ជា​ផ្ទះ ដី ឬ​ឡាន​ជា​ដើម។ យ៉ាងណាក្ដី អ្នក​ត្រូវ​ចាំ​ថា វិថី​ដែល​មនុស្ស​គ្រប់​រូប​ដើរ គឺ​មិន​ដូច​គ្នា​ឡើយ ហើយ​ចំណុច​ចុង​ក្រោយ​ដែល​សំដៅ​ទៅ​ដល់​ក៏​មិន​ដូច​គ្នា​ដែរ។ កុំ​ឃើញ​ភាព​ជោគជ័យ​ដ៏​ឆាប់​រហ័ស​របស់​គេ ហើយ​អន់​ចិត្ត​នឹង​ខ្លួន​ឯង ព្រោះ​ក្រោយ​ស្រទាប់​វាំងនន​ដ៏​ត្រចះត្រចង់​មួយ​នោះ អ្នក​ក៏​មិន​ដឹង​ដែរ​ថា គេកំពុង​ជួប​ប្រទះ​រឿង​អ្វី​។ មាន​តែ​ការ​មិន​ប្រៀបធៀប​នឹង​គេ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់មិន​កញ្ជ្រោល​ ហើយ​ពុះពារ​ទៅ​មុខ​បាន​ទៀត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម