គន្លឹះ​ថែ​ទាំ​ប្រអប់​ដៃ​ឱ្យ​មាន​សំណើម​ ទោះ​លាង​ដៃ​ញឹកញាប់​យ៉ាង​ណា​ក៏​គ្មាន​បញ្ហា

  • 2021-10-11 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ធំ​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ការ​ថែរក្សា​ប្រអប់ដៃ​ឡើយ ទាំង​ដែល​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​ញឹក​ញាប់។ យ៉ាង​ណា​មិញ ក្រោយ​មាន​ផ្ទុះ​ឡើង​នៅ​ជំងឺ​រាតត្បាត​ COVID-19 ម្នាក់ៗ​ចាប់​ផ្តើម​អនុវត្ត​តាម​វិធី​បង្ការ​​ខ្លួន​ដោយ​ការ​រស់​នៅ​ស្អាត ​ដោយ​ក្នុង​នោះ​​រួម​មាន​​ ការ​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជា​ប្រចាំ​ជាមួយ​សាប៊ូ​យ៉ាង​ហោច​ណាស់ ២០ វិនាទី ឬ ការ​លាង​ដៃ​ជា​មួយ​ជែល​លាង​ដៃ​មាន​ជាតិ​អាល់កុល​សម្លាប់​មេរោគ​ជាដើម។

រូបតំណាង

ស្រប​ពេល​នឹង​ការ​លាង​សម្អាត​ដៃ​​នេះ​ផង​ដែរ វា​ក៏​ងាយ​ធ្វើ​ឱ្យ​ស្បែក​ដៃ​របស់​អ្នក​មាន​សភាព​ស្ងួត​ដោយ​ការ​ប៉ះពាល់​នឹង​ជាតិ​សាប៊ូ និង​អាល់កុល​ច្រើន​លើស​កំណត់។ យ៉ាង​ណា​មិញ បើ​អ្នក​ចេះ​ថែទាំ​ប្រអប់​ដៃ​ឱ្យ​បាន​ត្រឹម​ត្រូវ នោះ​ស្បែក​ដៃ​របស់​អ្នក​នឹង​គ្មាន​សភាព​ស្ងួត រមាស់ ឬ បែក​ស្រកា​ឡើយ ទោះ​ជា​អ្នក​ឧស្សាហ៍​លាង​ដៃ​យ៉ាង​ណា​ក៏​ដោយ។ គន្លឹះ​​នៃ​ការ​រក្សា​ប្រអប់​ដៃ​ឱ្យ​មាន​សំណើម​រួម​មាន៖

រូបតំណាង
  • គន្លឹះ​ទី ១៖ ក្រោយ​ពេល​​លាង​ដៃ​រួច អ្នក​គប្បី​យក​ក្រដាស​​មក​ផ្ដិត​ទឹក​នៅ​លើ​ដៃ​ថ្នមៗ តែ​កុំ​​ឱ្យ​ស្ងួត​ពេក​ ដើម្បី​ឱ្យ​ស្បែក​ស្រូប​យក​សំណើម​ខ្លះ​ពី​ទឹក​ដែល​នៅ​សល់។ ម៉្យាង​វិញ​ទៀត ចៀសវាង​ការ​យក​​ក្រដាស​មក​ជូត​លើ​ដៃ ហើយ​អូស​ចុះ​ឡើង​លើ​ស្បែក​ឱ្យ​ស្ងួត​គ្មាន​ជាតិ​ទឹក ​ព្រោះ​អាច​ធ្វើ​ឱ្យ​ស្បែក​ឡើង​រមាស់​បាន។
រូបតំណាង
  • គន្លឹះ​ទី ២៖ ក្រោយ​លាង​ដៃ​ហើយ​ភ្លាម អ្នក​គប្បី​លាប​​នូវ​គ្រីម​លាប​ដៃ​ដែល​ផ្តល់​សំណើម​ខ្លាំង​​ដល់​ស្បែក និង គ្មាន​ជាតិ​កាត់ ឬ ​រមាស់​។ គួរ​បញ្ជាក់​ផង​ថា អ្នក​អាច​ប្រើ​ជា​ឡេ​លាប​ខ្លួន​ជំនួស​ក៏​បាន គ្រាន់​តែ​វា​មាន​ប្រសិទ្ធភាព​ទាប​ជាង​គ្រីម​លាប​ដៃ​ផ្ទាល់។​

  • គន្លឹះ​ទី ៣​៖ គប្បី​ជ្រើស​រើស​​សាប៊ូ​លាង​ដៃ​ដែល​មិន​សូវ​មាន​ជាតិ​កាត់​ និង ​ក្លិន​ក្រអូប​ខ្លាំង​ ព្រោះ​ស្បែក​ដៃ​ក៏​ងាយ​ប្រតិកម្ម​នឹង​ជាតិ​ទាំង​នេះ​ផង​ដែរ។

ក្រៅ​ពី​ចំណុច​សំខាន់ៗ​ទាំង ៣​ ក្រុម​គ្រូពេទ្យ​ផ្នែក​សើ​ស្បែក​ក៏​បាន​ណែ​នាំ​គ្រប់​គ្នា​ឱ្យ​​​​ព្យាយាម​លាប​គ្រីម​​​​លើ​ប្រអប់​ដៃ​ក្នុង​បរិមាណ​ច្រើន​ មុន​ចូល​គេង​ជា​រៀង​រាល់​យប់​ ព្រោះ​ជា​ពេល​ដែល​ស្បែក​របស់​អ្នក​បាន​សម្រាក​ខ្លះ​ពី​ការ​ប៉ះ​ពាល់​នូវ​​ជាតិ​ទឹក សាប៊ូ ឬ អាល់កុល៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ អាហារ ៤ ប្រភេទ នារីមិនគួរបរិភោគ ដើម្បីចៀសវាងបញ្ហាមុខមុន

ប្រភព៖ Time ប្រែសម្រួល៖ Siyou tang

អត្ថបទពេញនិយម