អ្នក​គ្រូ​វៀតណាម​ចាក់​វ៉ាក់សាំង​២​ដូស​ជាប់​គ្នា ឃ្លាត​តែ​១០​នាទី រក​ចាក់​ដូស​ទី ៤​ឲ្យ​ហើយ​ទៀត

  • 2021-09-22 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គ្រូ​បង្រៀន​ម្នាក់​មក​ពី​ប្រទេស​វៀតណាម បាន​កុហក​វេជ្ជបណ្ឌិត​​ដើម្បី​ឲ្យ​ខ្លួន​អាច​ចាក់​វ៉ាក់​សាំង​២​ដូស​ជាប់​គ្នា ដោយ​គម្លាត​ពី​ដូស​​ទី ១ ទៅ​ដូស​ទី​២​​គឺ​ឃ្លាត​គ្នា​ត្រឹម​តែ​១០​នាទី​តែ​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក Ngo Duc Van នាយក​មន្ទីរពេទ្យទូទៅ​ខណ្ឌ Le Thuy ខេត្ត Quang Binh ប្រទេស​វៀតណាម​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ក្រោយ​ពេល​អ្នក​គ្រូ​ម្នាក់​ចាក់​វ៉ាក់សាំង​២​ដូស​ជាប់​គ្នា ដោយ​ឃ្លាត​តែ​១០​នាទី​នោះ មិន​ទាន់​ឃើញ​មាន​អាការៈ​អ្វី​ខុស​ប្រក្រតី​នោះ​ឡើយ។

លោក​នាយក​មន្ទីរពេទ្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​ចាក់​២​ដូស​ជាប់​គ្នា​នេះ គឺ​ជា​​ការ​ចេតនា​របស់​អ្នក​គ្រូ​ខាង​លើ ដោយ​អ្នក​គ្រូ​រូប​នេះ​ បាន​បន្លំ​ពេទ្យ​ដើម្បី​បាន​ចាក់​បែប​នេះ។ អ្វី​ដែល​រឹត​តែ​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ នាយក​ពេទ្យ​នៃ​ខណ្ឌ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ក្រោយ​ពេល​ត្រូវ​គេ​ចាប់​បាន​ថា​កុហក​បាន​ស្រែក​មក​វិញ​ថា៖ នាង​ចង់​តែ​ចាក់​៤​ដូស​ឲ្យ​ហើយ​ទៀត​ផង។

វេជ្ជបណ្ឌិត​ដែល​ចាក់​វ៉ាក់សាំង​ឲ្យ​នារី​ខាង​លើ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​ដែល​នាង​ទទួល​នេះ​គឺ វ៉ាក់សាំង AstraZeneca ដោយ​សព្វ​ថ្ងៃ​នាង​គឺ​ជា​គ្រូ​មតេយ្យ​នៃ​សាលា Truong Thuy នៅ​ខណ្ឌ Le Thuy នេះ​ដែរ។ យោង​តាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន គេ​សង្កេត​ឃើញ​ថា ក្រោយ​ពេល​ចាក់​ដូ​សទី​១​រួច នារី​រូប​នេះ បាន​បត់​ក្រដាស​ចាក់​វ៉ាក់សាំង​ទុក ហើយ​ទៅ​អង្គុយ​ចាំ​ចាក់​ដូស​ទី​២​តែ​ម្ដង នៅ​តុ​ផ្សេង​មួយ​ទៀត៕

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម