ដើមហេតុចម្បងៗ ដែលនាំឱ្យមនុស្សស្រីពិបាកមានផ្ទៃពោះ
- 2021-07-28 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមហេតុចម្បងៗ ដែលនាំឱ្យមនុស្សស្រីពិបាកមានផ្ទៃពោះ
រៀបការហើយមិនទាន់មានផ្ទៃពោះ សម្រាប់ប្ដីប្រពន្ធខ្លះមិនមែនមកពីពួកគេមិនទាន់ចង់បានកូនទេ។ ផ្ទុយទៅវិញ មានកត្តាច្រើនដែលអ្នកមិនសូវចាប់អារម្មណ៍ ហើយបណ្ដាលឱ្យខាងស្រីមិនអាចមានកូនបាន ឬអាចមានដែរ តែក្នុងភាគរយទាបខុសពីអ្នកផ្សេង។
ដំណាក់កាលក្រោយរៀបការដើម្បីអាចមានកូនបាន មិនត្រឹមតែស្ត្រីខ្លួនឯងទេដែលត្រូវយកចិត្តទុកដាក់ បុរសជាស្វាមីក៏ត្រូវជួយមើលថែប្រពន្ធឱ្យបានដិតដល់ផង ជាពិសេសត្រូវជៀសវាងកំហុសឆ្គងមួយចំនួនដូចខាងក្រោមដើម្បីឱ្យភរិយារបស់អ្នកមានឱកាសបង្កកំណើតកូនជាទីស្រលាញ់ដូចដែលអ្នកប៉ងប្រាថ្នា។ អ៊ីចឹងតើកត្តាអ្វីខ្លះទៅដែលអាចនាំឱ្យនារីពិបាកមានផ្ទៃពោះ?
១. ហាត់ប្រាណហួសកម្រិត៖
ការហាត់ប្រាណពិតជានាំសុខភាពល្អដល់រាងកាយយើងប្រាកដមែន ប៉ុន្តែបើអ្នកហាត់ប្រាណ ឬបញ្ចេញកម្លាំងខ្លាំងហួសកម្រិត វាអាចបង្កគ្រោះថ្នាក់ទៅដល់រាងកាយទៅវិញដែរ ជាពិសេសសម្រាប់នារី អាចរំខានទៅដល់សមត្ថភាពបង្កកំណើត។ តាមការស្រាវជ្រាវក្នុងឆ្នាំ ២០១២ បានធ្វើការសិក្សាលើស្ត្រីជាង ៣ពាន់នាក់ ដែលបានចូលក្លឹបហាត់ប្រាណ ឬហាត់ប្រាណនៅកន្លែងផ្សេងដើម្បីឱ្យរាងស្អាត ឬហេតុផលផ្សេង។ លទ្ធផលបានបង្ហាញថា ស្ត្រីដែលហាត់ប្រាណលើសពី ៥ម៉ោង ក្នុងមួយសប្ដាហ៍មានលទ្ធភាពមានផ្ទៃពោះទាបជាងស្ត្រីដែលហាត់ប្រាណតិចម៉ោងជាងនេះ។
ផ្ទុយទៅវិញ បើអ្នកមិនបានហាត់ប្រាណឱ្យបានគ្រប់គ្រាន់ រាងកាយរបស់នារីមួយចំនួនក៏នឹងទន់ខ្សោយមិនមានកម្លាំងក្នុងការបង្កកំណើតដូចគ្នា។ ដូច្នេះ ចូរធ្វើលំហាត់ប្រាណជាប្រចាំ តែត្រូវក្នុងកម្រិតដែលរាងកាយអាចទ្រាំទ្របាន។
២. ស្ត្រេស៖
ថ្វីដ្បិតមិនទាន់មានការសន្និដ្ឋានផ្លូវការថា ស្ត្រេសគឺជាកត្តាដែលបង្កឱ្យស្ត្រីមិនអាចមានផ្ទៃពោះបាន តែក្រុមអ្នកស្រាវជ្រាវ និងក្រុមគ្រូពេទ្យជាច្រើនជឿជាក់ថា ការប៉ះពាល់ផ្លូវអារម្មណ៍ធ្ងន់ធ្ងរ អារម្មណ៍តានតឹងហួសកម្រិត មិនថាព្រោះតែការងារ បន្ទុកគ្រួសារ ឬរឿងអ្វីផ្សេងឡើយ វាបានចូលទៅរំខានដល់ការបង្កកំណើតរបស់ស្ត្រី។ មិនតែប៉ុណ្ណោះ អារម្មណ៍ស្ត្រេសនេះក៏អាចរំខានដល់វដ្ដរដូវរបស់ស្ត្រី និងការលូតលាស់របស់នាងផងដែរ។
៣. ស្គមឬធាត់ជ្រុល៖
ការដែលមានទម្ងន់ខ្លួនស្គមឬធាត់ជ្រុលពេកសុទ្ធតែជាមូលហេតុដែលនាំឱ្យមិនអាចមានផ្ទៃពោះបាន។ ហេតុផលគឺថា កាលណារាងកាយមិនមានសុខភាពល្អ កម្រិតអរម៉ូននៅក្នុងរាងកាយក៏មានបញ្ហា ដែលជាហេតុនាំឱ្យការបង្កកំណើតមិនបានធ្វើទៅបានល្អ រដូវក៏មកមិនទៀងទាត់ ឬពេលខ្លះអាចមានផ្ទៃពោះដែរ តែអាចមានករណីរលូតកូនក៏ថាបាន។ ដូច្នេះដើម្បីបញ្ចៀសបញ្ហាដ៏គួរឱ្យខ្លាចនេះ អ្នកត្រូវធ្វើយ៉ាងណាថែរក្សាទម្ងន់រាងកាយឱ្យនៅថេរ ដោយញ៉ាំបន្លែផ្លែឈើ ទឹក និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។
៤. អាយុកាន់តែច្រើន៖
ពិតណាស់ កត្តាអាយុក៏ប៉ះពាល់ទៅដល់សមត្ថភាពពពោះបានដែរ។ តាមការស្រាវជ្រាវវេជ្ជសាស្ត្រ ស្ត្រីដែលមានវ័យ២០ឆ្នាំ លទ្ធភាពដែលអាចមានកូនបានគឺពី ២៥%-៣៥% ក្នុងមួយខែៗ ប៉ុន្តែបើកាលណាអាយុរបស់អ្នកឈានចូលដល់ខ្ទង់៤០ឆ្នាំ លទ្ធភាពដែលអាចមានកូនបានត្រូវធ្លាក់មកនៅត្រឹម ៥% ប៉ុណ្ណោះ។ ហេតុផលមួយទៀត កាលណាអាយុកាន់តែចាស់ សមត្ថភាពផ្លូវភេទក៏បានចុះខ្សោយ ហើយសម្រាប់អ្នកដែលត្រូវធ្វើការ ឬប្រើខួរក្បាលច្រើន វាកាន់តែធ្វើឱ្យភាគរយនៃការពពោះត្រូវធ្លាក់ចុះទៅតាមនោះដែរ៕
ចុចអាន៖ កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត