Song Hye Kyo និង Jun Ji Hyun សម្រុកថតរឿងត្រៀមចាក់ផ្សាយចុងឆ្នាំ

  • 2021-06-23 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ចុង​ឆ្នាំ​នេះ កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ​ជា​ច្រើន នឹង​ត្រលប់​​​មក​បង្ហាញ​ខ្លួន​នៅ​កញ្ចក់​ទូរទស្សន៍​វិញ ដោយ​នៅ​ក្នុង​នោះ​មាន សិល្បការិនី​ជួរ​មុខ​ដូច​ជា Song Hye Kyo, Jun Ji Hyun, Han Hyo Joo និង Han Chae Young ជា​ដើម។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​ឲ្យ​ដឹងថា ក្រោយ​បាត់​មុខរយៈ​ពេល​បី ឆ្នាំ ត្បិត​រឿង​ភាគ​ចុង​ក្រោយ​របស់​នាង គឺ​រឿង  Encounter ត្រូវ​បាន​ថត​តាំង​ពី​ឆ្នាំ ២០១៨។ ត្រលប់​ចូល​សិល្បៈ​វិញ​លើក​នេះ រាជិនី​សម្រស់​កូរ៉េ មាន​រឿង​ដល់​ទៅ ២​​គឺ I’m Breaking Up Now និង The Glory។

I’m Breaking Up Now ត្រូវ​បាន​សរសេរ​សាច់​រឿង​ដោយ​កវីនិពន្ធ​ល្បី​ឈ្មោះ Jane Kang ដែល​មុន​នោះ​បាន​ជោគជ័យ​ខ្លាំង​ជាមួយ​រឿង The World of the Married។ នៅ​ក្នុង​រឿង​នេះ​ដែរ អតីត​ប្រពន្ធ​របស់ Song Joong Ki សម្ដែង​ជា​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រុមហ៊ុន​សម្លៀកបំពាក់​មួយ និង​ស្រលាញ់​គ្នា​ជាមួយ​សិស្ស​ប្អូន​ដែល​មាន​វ័យ​តិច​ជាង​ខ្លួន ១១​ឆ្នាំ សម្ដែង​ដោយ តារា​សម្ដែង​ប្រុស Jang Ji Young។

ក្រៅ​ពី​នោះ The Glory ក៏​ត្រូវ​បាន​គេ​ទន្ទឹង​រង់​ចាំ​មិន​ធម្មតា​ដែរ ដោយ​យក​សាច់​រឿង​បែប​សងសឹក​គ្នា សាច់​រឿង​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា នឹង​មាន​ឈុត​ឆាក​រន្ធត់​ជាង​រឿង​ខាង​លើ។ រឿង​ទាំង​២​របស់ ស្រី​ស្អាត​៣៩​ឆ្នាំ សុទ្ធ​តែ​ត្រូវ​គ្រោង​ចាក់​បញ្ចាំង​ពី​ខែ​តុលា ដល់​ចុង​ឆ្នាំ​ទាំង​អស់។

តទល់​មួយ​​នឹង​មួយ​ជាមួយ Song Hye Kyo គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​​ស្រី​ស្អាត​លំដាប់ A Jun Ji Hyun នោះ​ឡើយ ដោយ​សិល្បការិនី​អាយុ ៣៩​ឆ្នាំ​នេះ នឹង​មាន​រឿង​២​ចាក់​ផ្សាយ​ដូច​គ្នា​គឺ Kingdom 3 និង Mount Jirisan។

Kingdom 3 គឺ​ជា​សាច់​រឿង​ត​ពី ២​វគ្គ​ខាង​មុន​ដែល​ជោគជ័យ​ខ្លាំង​នៅ​លើ​ Netflix។ នៅ​ក្នុង​វគ្គ​៣​នេះ រឿង​ដែល​បង្វែរ​អារម្មណ៍​ទស្សនិកជន​​មក​ផ្ដោត​លើ​តួ​អង្គ​របស់ Jun Ji Hyun វិញ​ម្ដង។ នេះ​គឺ​ជា​ការ​ត្រលប់​មក​ថត​រឿង​ទូរទស្សន៍​វិញ ក្រោយ​បាត់​មុខ​៥​ឆ្នាំ របស់​អ្នក​ម្ដាយ​កូន២​​នេះ ត្បិត​រឿង​ចុង​ក្រោយ​របស់​នាង Legend of the Blue Sea ចាក់​ផ្សាយ​តាំង​ពី​ឆ្នាំ ២០១៦។

បន្ថែម​ពី​រឿង​នេះ គឺរឿង Mount Jirisan ចូល​រួម​សម្ដែង​ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស Joo Jihoon និយាយ​ពី​ដំនើរ​ផ្សេង​ព្រេង​របស់​អ្នក​ឡើង​ភ្នំ តែ​បែរ​ជា​ជួប​រឿង​ឃាត​កម្ម​ទៅ​វិញ។

នេះ​គឺ​ជា​រឿង​ចៃដន្យ ព្រោះ​កំពូល​តារា​ស្រី​ទាំង​២​បាន​​ស្ងាត់​មុខ​យូរ តែ​នៅ​ពេល​ត្រលប់​មក​វិញ គឺ​ជាន់​គ្នា​ទាំង​២​រឿង​តែ​ម្ដង ត្បិត​ស្នាដៃ​របស់​ពួក​គេ​គឺ​គ្រោង​ចាក់​ផ្សាយ​នៅ​ចុង​ឆ្នាំ​ទាំង​អស់។ ទន្ទឹម​នឹង​តារា​ទាំង​២ ស្រី​ស្អាត​ជួរ​មុខ​២​នាក់​ទៀត​ក៏​គ្រោង​ត្រលប់​មក​វិញ​ចុង​ឆ្នាំ​ដែរ រួម​មាន Han Hyo Joo និង Han Chae Young៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម