ម្ចាស់​ផ្ទះ​គាំង​ស្ដី​មិន​ចេញ ពេល​ត្រូវ​ចោរ​ស្រាត​រត់​ពេញ​ផ្ទះ ហើយថា​ខ្លួន​ទើប​ជា​ម្ចាស់ផ្ទះ

  • 2021-06-23 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ចោរ​រូប​នេះ​ត្រូវ​បាន​ប៉ូលិសចាប់​បាន លោក​បាន​ស្រែក​ក្ដែង​ៗ​វិញ​ថា លោក​ទើប​ជា​ម្ចាស់​ផ្ទះ​មួយ​នេះ ហើយ​ម្ចាស់​ផ្ទះ​នេះ​ហើយ ទើប​ជា​ចោរ​ដែល​លួច​ចូល​ផ្ទះ​លោក។

មុន​នេះ​បន្តិច​ បណ្ដាញ​​ព័ត៌មាន CBS បាន​រាយការណ៍ថា បុរស​ម្នាក់​រស់​នៅ​​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ពី​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ឃើញ​ថា ចោរ​ម្នាក់​បាន​លួច​ចូល​ផ្ទះ​របស់​ខ្លួន ហើយ​ស្រាត​ដើរ​ពេញ​ផ្ទះ និង​ចូលហែល​ទឹក​ក្នុង​អាង​របស់​ខ្លួន​ទៀត​ផង។

បុរស​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ Mat Sabz បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មក​ដល់​ផ្ទះ គឺ​លោក​បាន​ឃើញ​ចោរ​រូប​នេះ​រត់​ពេញ​ផ្ទះ​ខ្លួន​រួច​ហើយ ពេល​នោះ​លោក​ក៏​បាន​ទូរសព្ទ​​ប្រាប់​ប្រពន្ធ​ និង​កូន​ពី​រឿង​នេះ។ ម្ចាស់​ផ្ទះ​បាន​ប្រាប់​បន្ថែម​ថា លោក​បាន​ស្រែក​ ហើយ​គិត​ថា ចោរ​នេះ​នឹង​ភ័យ​រត់​ចេញ​ក្រៅ។ តែ​ចោរ​នេះ​បែរ​ជា​មិន​ភ័យ​ ហើយ​ស្រែក​ទៅ​លោក​វិញថា លោក​ទើប​ជា​ចោរ​ចូល​ផ្ទះ​របស់​គេ។

ម្ចាស់​ផ្ទះ និង​ចោរ​ដែល​មាន​ឈ្មោះ Paul Kiyan អាយុ ៣៤​ឆ្នាំ បាន​ប្រតាយប្រតប់​គ្នា មុន​ពេល​ម្ចាស់​ផ្ទះ​រត់​ចេញ​ក្រៅ ហើយ​ប្ដឹង​​ប៉ូលិស។ សំណាង​ល្អ នៅ​ពេល​កើតហេតុ ប្រពន្ធ​ និង​កូនរ​បស់​លោក​មិន​នៅ​ផ្ទះ។

ប៉ូលិស​ក្នុង​តំបន់​បាន​​ឲ្យ​ដឹង​ថា ចោរ​រូប​នេះ​គឺ​ជា​ជន​គ្មាន​ផ្ទះ​សម្បែង ហើយ​បាន​ចូល​លួច​ឥវ៉ាន់​នៅ​ក្នុង​ចំណត​​រថយន្ត តែ​ពេល​ឃើញ​អាង​ហែល​ទឹក​ទំនង​ពេក​ ក៏​ចូលហែល​ទឹក រួច​ស្រាត​ចេញ​ដើរ​ពេញ​ផ្ទះ ស្រប​​ពេល​ម្ចាស់​ផ្ទះ​មក​ដល់។ ប៉ូលិស​ក៏​បន្ថែម​​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ឡើយ​ដែល​លោក​ចូល​ផ្ទះ​អ្នក​នៅ​ក្នុង​តំបន់​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម