ដាក់​ខ្នោះ​ដៃ​គ្នា​ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់ បាន​៤​ខែ​សុំ​កាត់​ចោល​ព្រោះបែក​គ្នា​វិញ

  • 2021-06-22 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូ​ស្នេហ៍​ពី​​ប្រទេស​ Ukraine ធ្លាប់​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង នៅ​ពេល​ពួក​គេ​ហ៊ាន​ដាក់​ខ្នោះ​ដៃ​គ្នា​ដើម្បី​បាន​នៅជាប់​គ្នា​គ្រប់​ពេល ពេល​នេះ​បាន​សុំ​ឲ្យ​គេ​កាត់​ខ្នោះ​ចោល ព្រោះ​ចង់​ដើរ​ផ្លូវរៀង​ខ្លួន​ហើយ។

កាល​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ឆ្នាំ​នេះ នាង Viktoria Pustovitova និងលោក Alexander Kudlay មក​ពី​ប្រទេស​ Ukraine បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​គូ​សង្សារ​នេះ បាន​ហ៊ាន​ដាក់​ខ្នោះ​ដៃ​គ្នា ដើម្បី​កុំ​ឲ្យ​ឃ្លាត​ឆ្ងាយ​គ្នា​ ១​វិនាទី​ណា​ទាំង​អស់។ ពួក​គេ​បាន​រស់​នៅ​ដោយ​រួម​មាន ការ​ផ្លាស់​ខោអាវ គេង ញ៉ាំ និង​ទៅ​បន្ទប់ទឹក​ជាមួយ​គ្នា​ជាង ៤​ខែ​មក​ហើយ។

យ៉ាងណាក្ដី ​គូ​ស្នេហ៍​មួយ​នេះ ទ្រាំ​លែង​បាន​ហើយ ទើប​កាល​ពី​មុន​នេះ​បន្តិច ពួក​គេ​បាន​មក​ទីក្រុង Kharkov ដើម្បី​ពឹង​គេ​ឲ្យ​កាត់​ខ្នោះ​ដៃ​នេះ​ចេញ។ ពួក​គេ​បាន​ធ្វើ​សកម្មភាព​នេះ នៅ​មុខ​កាមេរ៉ា​ជា​ច្រើន និង​ត្រូវ​អ្នក​កាសែត​សួរ​សំនួរ​ផង​ដែរ។

តំណាង​របស់ Guiness ប្រទេស​ខាង​លើ​ក៏​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​គឺ​ជា​គូ​ស្នេហ៍​ដែល​បាន​ពាក់​ខ្នោះ​ជាមួយ​គ្នា​បាន​យូរ​ជាង​គេ។ យ៉ាងណាក្ដី​ អ្នក​ទាំង​២​ខាង​លើ​ មិន​ត្រឹម​តែ​កាត់​ខ្នោះ​ចេញ​ពី​គ្នា​នោះ​ឡើយ គឺ​ពួក​គេ​បាន​សម្រេច​ចិត្ត​ថា នឹង​បែក​គ្នា​ ចែក​ផ្លូវ​គ្នា​ដើរ ពី​ពេល​នេះ​តទៅ នឹង​មិន​មើល​មុខ​គ្នា​ទៀត​ឡើយ។ អ្នក​ទាំង​២​ក៏​បាន​បង្ហាញ​ការ​រំភើប​ជា​ខ្លាំង នៅ​ពេល​បាន​កាត់​ខ្នោះ​ដៃ​នេះ​ចោល។

ខាង​ស្រី​បាន​បង្ហាញ​ប្រាប់​ថា នាង​បាន​រង់​ចាំ​ថ្ងៃ​ត្រលប់​ទៅ​រស់​នៅ​បែប​ធម្មតា​នេះ​យូរ​មក​ហើយ ​នាង​សង្ឃឹម​ថា នេះ​គឺ​ជា​មេរៀន​ដែល​គូស្នេហ៍​ប្រទេស Ukraine នា​នា​អាច​មើល និង​កុំ​ជាន់​ដាន​របស់​នាង។ ឯ​ខាង​ប្រុស​វិញ បាន​វាចា​ថា អ្នក​ទាំង​២​មិន​ទាន់​ស្វែង​យល់​ពី​គ្នា​ច្បាស់ ដូច​នេះ​ហើយ ពេល​រស់​នៅ​ជាមួយ​គ្នា ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​មាន​ការ​គិត​ខុស​គ្នា។ អ្នក​ទាំង​២​នឹង​យក​​ខ្នោះ​ដៃ​នេះ​ទៅ​ដេញ​ថ្លៃ ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ទឹក​ប្រាក់ ១១​ម៉ឺន​ដុល្លារ៕

ប្រភព៖ Danviet ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម