បុរស​ដែល​មាន​ប្រពន្ធ​៣៩​នាក់ និង​កូន​៩៤​នាក់ បាន​ទទួល​មរណភាព​ហើយ

  • 2021-06-17 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Ziona Chana ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​មនុស្ស​ប្រុស​ដែល​មាន​ប្រពន្ធ​ និង​កូន​ច្រើន​ជាង​គេ​លើ​លោក​​នោះ បាន​ស្លាប់​ហើយ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន India Express បាន​រាយការណ៍​ថា លោក Ziona Chana ដែល​ជា​មនុស្ស​ប្រកាន់​ខ្ជាប់​ប្រពន្ធ​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​បាន​ទទួល​មរណភាព​ហើយ បន្សល់​នូវ​ប្រពន្ធ​ចំនួន ៣៩នាក់ និង​កូន​៩៤​នាក់។ មេ​គ្រួសារ​អាយុ ៧៦​ឆ្នាំ​រូប​នេះ រស់​នៅ​ក្នុង​ផ្ទះ​តែ​មួយ ដែល​មាន​សមាជិក ២០០​នាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​តាំង​ពី​ថ្ងៃ​ទី ៦ ខែ​មិថុនា និង​មិន​អាច​ញ៉ាំ​អ្វី​បាន​ទាំង​អស់។ លោក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Trinity ទីក្រុង Aizawl កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា ដោយ​សារ​សម្ពាធ​ឈាម​ខ្ពស់ និង​ទឹក​នោម​ផ្អែម។ ក្រៅ​ពី​ចំនួន​ប្រពន្ធ និង​កូន​ដ៏​ច្រើន​ខាង​លើ លោក​ក៏​មាន​កូន​ប្រសារ​ចំនួន ១៤​នាក់ ចៅ​ចំនួន ៣៣​នាក់ និង​ចៅ​​ទួត​ម្នាក់។ អាហារ​ពេល​ល្ងាច​របស់​ពួក​គេ​ត្រូវ​ចំណាយ​មាន់ ៣០​ក្បាល ដំឡូង​បារាំង ៤៥​គីឡូ និង​អង្ករ​១០០​គីឡូ។

ក្រៅ​ពី​នេះ គ្រួសារ​ខាង​លើ​ក៏​ត្រូវ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​ឡើង​ដល់ ១០០​បន្ទប់។ លោក Ziona ចាប់​ផ្ដើម​យក​ប្រពន្ធ​ដំបូង​ តាំង​ពី​លោក​មាន​វ័យ​ទើប​តែ​១៧​មក​ម្ល៉េះ និង​យក​ប្រពន្ធ​ចុង​ក្រោយ​កាល​ពី​ឆ្នាំ ២០១១៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម