គន្លឹះ៥ សំខាន់ៗគួរយល់ដឹងកំឡុងពេលសម្រកទម្ងន់ បើចង់ឃើញលទ្ធផលលឿនគាប់ចិត្ត
- 2021-06-17 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ៥ សំខាន់ៗគួរយល់ដឹងកំឡុងពេលសម្រកទម្ងន់ បើចង់ឃើញលទ្ធផលលឿនគាប់ចិត្ត
នារីគ្រប់រូបតែងប្រាថ្នាចង់បានរូបសម្បតិ្តស្អាត សមរូបសមរាង ហើយក្នុងនោះក៏មានការថែរក្សារាងឱ្យបានស្អាតផងដែរ ពោលគឺមិនធាត់លើសកំណត់ពេល។ ដើម្បីឱ្យការប៉ងនេះបានសម្រេច នារីខ្លះជ្រើសរើសយកនូវវិធីសម្រកទម្ងន់ដែលផ្តល់នូវលទ្ធផលលឿន ដោយគាត់មិនដឹងទេថាវានឹងផ្តល់ផលប៉ះពាល់យ៉ាងណាខ្លះនៅពេលខាងមុខ។ ហេតុដូចនេះហើយ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗក្នុងការរួមចំណែកជួយឱ្យការសម្រករាងរបស់អ្នកបានសម្រេច ហើយមិនប៉ះពាល់ដល់សុខភាព៖
១. បំពេញជាតិប្រូតេអុីន
ប្រូតេអុីនគឺជាសារជាតិដែលអ្នកត្រូវការបំផុតកំឡុងពេលសម្រកទម្ងន់ ពីព្រោះកាលណារាងកាយមានផ្ទុកជាតិប្រូតេអុីនគ្រប់គ្រាន់ វានឹងមិនសូវទទួលយកនូវអាហារផ្សេងៗទៀតឡើយ។ រីឯអាហារដែលសម្បូរទៅដោយប្រូតេអុីន ហើយ ច្រើនទទួលបាននូវការពេញនិយមពីសំណាក់អ្នកធ្វើលំហាត់ប្រាណជាប្រចាំនោះគឺ សាច់ដើមទ្រូងមាន់ និង ពងទា។
២. ពន្យាពេលញុំា
ប្រសិនបើជាធម្មតា អ្នកទម្លាប់ញុំាអាហារពេលព្រឹកម៉ោង៨ អ្នកអាចសាកល្បងពន្យាដល់ម៉ោង៩សិមញុំា ព្រោះវាអាចជួយឱ្យអ្នកលែងសូវឃ្លាន ហើយ ពេលញុំាចូលគឺឆ្អែតបានរយៈពេលយូរទៀតផង។ ពេលអ្នករាងកាយរបស់អ្នកឆ្អែតបានយូរបែបនោះនឹងធ្វើឱ្យអ្នកកាត់បន្ថយនូវការញុំារបបអាហារបន្ទាប់តិចជាងមុន។
៣. កាត់បន្ថយជាតិម្សៅ និង ស្ករ
កត្តា២ ចម្បងដែលងាយធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនគឺ ជាតិម្សៅនិងស្ករ។ បើអ្នកកំពុងព្យាយាមសម្រេចសេចក្តីប៉ងប្រាថ្នាក្នុងការសម្រកទម្ងន់នោះដំបូងបង្អស់អ្នកគួរតែរៀនកាត់បន្ថយនូវប្រភេទធាតុផ្សំទាំង២មុខនេះ។
៤. គួរហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណគឺជារឿងសំខាន់ក្នុងការសម្រេចនូវការសម្រកទម្ងន់។ នារីអាចជ្រើសរើសក្បាច់ហាត់ប្រាណបែប Cardio ឬ យោហ្គា ព្រោះវាជួយឱ្យខ្លាញ់នៅក្នុងរាងកាយស្រកបានលឿន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយពន្លាតភាពតឹងណែននៅក្នុងសាច់ដុំ និង សរសៃ ដែលជួយឱ្យរាងកាយរឹងមាំ បំបាត់នូវការស្ពឹករោយនានា។
៥. គេងឱ្យបានគ្រប់គ្រាន់
មុននឹងទទួលបានលទ្ធផលគាប់ចិត្ត អ្នកត្រូវហ្វឹកហាត់រាងកាយឱ្យធ្វើដំណើរការបានល្អជាមុនសិន។ ការគេងគ្រប់គ្រាន់ជួយឱ្យរាងកាយមានភាពប្រក្រតី ហើយជួយកាត់បន្ថយនូវការស្រ្តេស ដែលស្រេ្តសក៏ជាមូលហេតុដែលធ្វើឱ្យប្រព័ន្ធរាងកាយមានសភាពឡើងចុះមិនទៀង៕
អានបន្ត៖ ៤ វិធីលើកទឹកចិត្តខ្លួនឯងឲ្យទៅហាត់ប្រាណ បន្ទាប់ពីចេញធ្វើការ