សម្រស់ Zhao Li Ying ក្រោយ​លែងលះ​២​ខែ រូប​មិន​ទាន់​កែកុន ក៏​នៅ​តែ​ខ្ញង់​ស្អាត

  • 2021-06-14 08:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ឈុត​រ៉ូប​វែង​អូស​ដី កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ត្រូវ​បាន​គេ​ប្រដូច​ថា​ស្អាត​ដូច​ព្រះ​នាង​ក្នុង​រឿង​និទាន ទោះ​នាង​ទើប​ឆ្លង​កាត់​រឿង​លែងលះ​ហើយ​ក៏​ដោយ។

បណ្ដាញ​ព័ត៌មាន​ Sina បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី ១២​ ខែ​មិថុនា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Li Ying បាន​មាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​​ប្រេន​នាឡិកា​ដៃ​​ល្បី​ឈ្មោះ​មួយ ដែល​នាង​ជា​អ្នក​តំណាង។

គួរ​បញ្ជាក់​ផងដែរ​ថា នេះ​គឺ​ជា​កម្មវិធី​ធំ​ផ្សព្វផ្សាយ​ទី​១​ ដែល​តួ​រឿង​និស្ស័យស្នេហ៍​ដាវ​ទេព​​ចូល​រួម ក្រោយ​ពេល​លែងលះ​ជាមួយ​អតី​តស្វាមី​ ដែល​ជា​តារា​សម្ដែង​ប្រុស Feng Shaofeng កាល​ពី​២​ខែ​មុន។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់ថា ហាក់​បីដូច ហេតុការណ៍​លែងលះ​អតីត​ស្វាមី​​នេះ មិន​បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​អាយុ​៣៣​ឆ្នាំ​ ប៉ះទង្គិច​ខ្លាំង​ពេក​នោះ​ឡើយ ត្បិត​សម្រស់​របស់​នាង​នៅ​តែ​ផូរផង់ បើ​មិន​ចង់​និយាយ​ថា ស្អាត​ជាង​មុន។

ក្រៅ​ពី​នេះ អ្នក​គាំទ្រ​​របស់​សិល្បការិនី​កើត​ឆ្នាំ ១៩៨៧ មិន​ត្រឹម​តែ​ស្អាត ចំពោះ​រូប​របស់​ក្រុមហ៊ុន​នាង​បញ្ចេញ​ដែល​បាន​ឆ្លង​កាត់​ការ​កែកុន​នោះ​ទេ សូម្បី​តែ​រូប​ដែល​អ្នក​ចូលរួម​កម្មវិធី​ថត​ដោយ​ទូរសព្ទ ហើយ​មិន​បាន​ឆ្លង​កាត់​ការ edit អ្វី​ទាំង​អស់​នៅ​តែ​ស្អាត​ខ្លាំង ធ្វើ​ឲ្យ​គេ​ច្រណែន​គ្រប់​ៗ​គ្នា។ ក្រោយ​លែងលះ​រួច​ Zhao Li Ying នៅ​តែ​បន្ត​សង្វាត​ធ្វើ​ការ ដោយ​ទទួល​គម្រោង​ថ្មី​ឥត​ឈប់ និង​ធ្វើ​ការ​សឹង​តែ​គ្មាន​ពេល​សម្រាក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel