ប៉ះ​សំនួរ​ពិបាក សួ​រ​ថា​ស្ដាយ​អី​គេ​ជាង​គេ​ក្រោយ​លែង​លះ Zhao Li Ying ឆ្លើយ​យ៉ាង​អេម

  • 2021-06-14 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​អ្នក​កាសែត​ដែល​ដាក់​សំនួរ​​ដល់ កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying ត្រូវ​គេ​វាយ​តម្លៃ​ថា គ្មាន​វិជ្ជាជីវៈ​ក៏​ពិត​មែន តែ​សិល្បការិនី​នេះ​នៅ​តែ​អាច​ឆ្លើយ​បាន​យ៉ាង​រលូន។

ខុស​ពី​មនុស្ស​ស្រី​ដទៃ​ដែល​ក្រោយ​ពេល​លែងលះ​ប្ដី​ តែង​មាន​អារម្មណ៍​ពិបាក​ចិត្ត និង​មិន​ចង់​ចេញ​ក្រៅ​នោះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Li Ying មាន​តែ​ទទួល​ការងារ​ច្រើន​ជាង​មុន ធ្វើ​ការ​គ្មាន​ពេល​សម្រាក​ទាល់​តែ​សោះ។

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា​មុន​នេះ អ្នក​ម្ដាយ​កូន​១ បាន​មាន​វត្តមាន​​នៅ​ទីក្រុង​សៀងហៃ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​​របស់​ម៉ាក​យីហោ​ដែល​នាង​ជា​អ្នក​តំណាង។ នៅ​ទី​នេះ​ផ្ទាល់ តារា​ស្រី​អាយុ ៣៣​ឆ្នាំ ត្រូវ​អ្នក​កាសែត​ម្នាក់​សួរ​យ៉ាង​កំបុត​ថា៖ តើ​នាង​សោក​ស្ដាយ​អ្វី​ជាង​គេ​ នៅ​ពេល​លែងលះ​ប្ដី? សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​វត្តមាន​ក្នុង​កម្មវិធី​ស្រងាក​ចិត្ត​គ្រប់​គ្នា។

យ៉ាងណាក្ដី តួ​រឿង Legend of Minglan មិន​បង្អង់​យូរ ហើយ​ឆ្លើយ​យ៉ាង​រលូន​ថា៖ ខ្ញុំ​មាន​សមត្ថភាព​ប្រែ​​ខ្លួន​ឯង​ឲ្យ​​ល្អ​ជាង​មុន ដើម្បី​លុប​បំបាត់​នូវ​រាល់​ការ​សោកស្ដាយ​នៅ​ក្នុង​ចិត្ត។ ព្យាយាម​ពង្រឹង​ចិត្ត​គំនិត ធ្វើ​ជា​ម្ចាស់​ខ្លួន​ឯង​ឲ្យ​បាន មាន​តែ​ធ្វើ​បែប​នេះ​ទើប​រស់​នៅ​បាន​ល្អ និង​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​សោកស្ដាយ។

ក្រោយពេល​ចម្លើយ របស់​អ្នក​ម្ដាយ​កូន​១​ត្រូវ​បាន​គេ​ចុះ​ផ្សាយ អ្នក​គាំទ្រ​ជា​ច្រើន​បាន​សរសើរ Zhao Li Ying ថា នាង​ពិត​ជា​មាន EQ ខ្ពស់​មិន​ធម្មតា ព្រោះ​អាច​ឆ្លើយ​នឹង​សំនួរបែប​នេះ​បាន​យ៉ាង​ល្អ ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ត្រូវ​គេ​សួរ​ថា នៅ​ពេល​នេះ​នាង​ហៅ​​តារា​សម្ដែង​ប្រុស Feng Shaofeng ជា​អ្វី នាង​បាន​តប​វិញ​យ៉ាង​ស្រទន់​ថា៖ ហៅ​ថា​មិត្ត។

ការ​ឆ្លើយ​តប​របស់​តារា​សម្ដែង​ស្រី​កើត​ឆ្នាំ ១៩៨៧ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ឃើញ​ថា នាង​មាន​ចិត្ត​នឹងនរ​ខ្លាំង​ណាស់ មិន​ថា​កាលៈទេសៈ​អ្វី​ទេ គឺ​អាច​ប្រឈម​បានទាំង​អស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម