រាជិនី​សន្សំ មួយ​ថ្ងៃ​ចាយ​ជាង​១​ដុល្លារ មី​មួយ​កញ្ចប់​ចែក​ជា​៣​ អាយុ​៣៣​ឆ្នាំ សល់​ផ្ទះ​៣​ខ្នង

  • 2021-06-07 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មី Udon មួយ​កញ្ចប់ នារី​ជប៉ុន​រូប​នេះ​ចែក​ចេញ​ជា​៣​ពេល បន្លែ​ទាល់​តែ​បញ្ចុះ​តម្លៃ​៥០​%​ទើប​នាង​ទិញ។ ក្រោយ​ពេល​សន្សំ​១៥​ឆ្នាំ នាង​បាន​សល់​ផ្ទះ​៣​ខ្នង។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Mashable បាន​រាយការណ៍​ពី​នារី​ជប៉ុន​មួយ​រូប​មាន​ឈ្មោះ​ថា Saki រស់​នៅ​ទីក្រុង Tokorazawa ខេត្ត Saitama និង​ដាក់​រហស្សនាម​ឲ្យ​នាង​ថា​រាជិនី​សន្សំ​លុយ​របស់​ប្រទេស​មួយ​នេះ។ ខុស​ពី​មិត្ត​របស់​ខ្លួន​ដែល​អាយុ​១៨​ឆ្នាំ​នៅ​តែ​សុំ​លុយ​​ឪពុក​ម្ដាយ​ចាយ​នោះ នាង​បាន​ចេញ​ធ្វើ​ការ ហើយ​មាន​គោលដៅ​ដ៏​ធំ​នោះ​គឺ ត្រូវ​តែ​មាន​ផ្ទះ​៣​ខ្នង​នៅ​អាយុ​៣៤​ឆ្នាំ។

​ការ​គិត​នោះ​បា​ន​ក្លាយ​ជា​ការពិត ដោយ​នៅ​ខែ​ឧសភា​ឆ្នាំ២០១៩ នៅ​ពេល​នោះ​ នាង​មាន​អាយុ​៣៣​ឆ្នាំ បាន​ទិញ​ផ្ទះ​ទី​៣​របស់ខ្លួន​ក្នុង​តម្លៃ ២៧​ម៉ឺន​ដុល្លារ។ បណ្ដាញ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វ័យ​២៧​ឆ្នាំ នាង​បាន​ទិញ​ផ្ទះ​ដំបូង​របស់​ខ្លួន​ដែល​មាន​តម្លៃ​១១​ម៉ឺន​ដុល្លារ។ ផ្ទះ​ទី២​​របស់​នាង​ទិញ​នៅ​ពេល​នាង​មាន​អាយុ​២៩​ឆ្នាំ មាន​តម្លៃ​១៦​ម៉ឺន​ដុល្លារ។ នាង​បាន​ដាក់​ផ្ទះ​ទាំង​២​នេះ​ឲ្យ​ជួល​ទាំង​អស់​ដើម្បី​រក​ចំណូល​បន្ថែម។

សាមី​ខ្លួន​បាន​ចែក​រំលែក​ថា មួយ​ថ្ងៃ​នាង​ចាយ ១.៨​ដុល្លារ សម្រាប់​អាហារ។ ដើម្បី​ត្បៀត​ចំណាយ​មួយ​នេះ នាង​បំបែក​មី Udon មួយ​កញ្ចប់​ជា៣ និង​ស្រុះ​ជាមួយ​បន្លែ​ដែល​គេ​បញ្ចុះ​តម្លៃ​៥០​%​រួច​ហើយ។ នាង​បាន​បន្ថែម​ថា៖ ខ្ញុំ​ញ៉ាំ​អី​មិន​សំខាន់​ទេ ឲ្យ​តែ​ឆ្អែត​ពោះ​គឺ​បាន​ហើយ។ នៅ​ក្នុង​ទូទឹក​កក​របស់​នាង គឺ​សុទ្ធ​តែ​ជា​របស់​បញ្ចុះ​តម្លៃ​ហើយ​ទាំង​អស់។ នាង​ប្រាប់​ថា បើ​មិន​បញ្ចុះ​តម្លៃ​គឺ​នាង​មិន​ទិញ​ឡើយ។

និយាយ​ពី​សម្លៀក​បំពាក់​វិញ គឺ​នាង​ពាក់​ស្បែក​ជើង​ដែល​ម្ដាយ​សល់​ឲ្យ និង​ខោអាវ​​ដែល​គេ​បរិច្ចាគ។ កាល​ពី​អាយុ​២៩​ឆ្នាំ នាង​បាន​កាត់​សក់​របស់​ខ្លួន​ឯង​ហើយ​លក់​ក្នុង​តម្លៃ​៦០​ដុល្លារ។ និយាយ​ពី​រឿង​កម្សាន្ត​អារម្មណ៍​វិញ នាង​បាន​ប្រាប់​ថា នាង​ចូលចិត្ត​មើល​ជាង​គេ​គឺ​ពាណិជ្ជកម្ម​អចលនទ្រព្យ។ ជាមួយ​នឹង​ចំណូល​២៥០០​ដុល្លារ ពី​ផ្ទះ​២​ដែល​នាង​ដាក់​ជួល​នោះ នាង​បាន​យក​មក​ទិញ​ផ្ទះ​ទី​៣។ ​ផ្ទះ​ទី​៣​នេះ គឺ​នាង​នៅ​មួយ​ជាន់ និង​២​ជាន់​ទៀត​គឺ​ឲ្យ​ជួល​ដូច​គ្នា។ គួបផ្សំ​ប្រាក់​ខែ​ជា​ភ្នាក់​ងារ​អចលនទ្រព្យ និង​ផ្ទះ​ជួល​ទាំង​៣​របស់​ខ្លួន នាង​មាន​ចំណូល​៤០០០​ដុល្លារ ហើយ​សន្សំ​បាន ៣៩០០​ដុល្លារ​ក្នុង​១​ខែ។

និយាយ​ពី​តិចនិក​សល់​លុយ​ទិញ​ផ្ទះ​របស់​ខ្លួន Saki បាន​ឲ្យ​ដឹង​ថា​នោះ​គឺ​មក​ពី​​ការ​ធ្វើ​ការ​ដ៏​ព្យាយាម និង​សន្សំ​បាន​ច្រើន​បំផុត តាម​ដែល​​អាច​ធ្វើ​ទៅ​បាន។ ក្រៅ​ពី​នេះ នាង​កំពុង​បង្កើន​ចំណូល​ដោយ​បើក​ហាង​កាហ្វេ​ឆ្មា នៅ​លើ​ដំបូល​ផ្ទះ​រប់ស​ខ្លួន ហើយ​ឆ្មា​ទាំង​អស់​សុទ្ធ​តែ​ជា​ឆ្មា​គេ​បោះបង់​ចោល៕

ប្រភព៖ cafef.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម