ទម្លាប់ទាំងនេះហើយ ដែលធ្វើអោយគូស្នេហ៏ស្រលាញ់គ្នារាប់ឆ្នាំបែកគ្នាទាំងមិនស្រណោះ

  • 2021-05-11 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាមិនចង់អោយចំណងរាប់ឆ្នាំ ត្រូវរលាយសាបសូន្យទៅទេនោះ គួរតែកែប្រែទម្លាប់ទាំងនេះដាច់ខាត៖

១. រអ៊ូរទាំមិនឈប់

ជីវិតមនុស្សរស់នៅសព្វថ្ងៃនេះអាចនឹងស្មុគស្មាញគ្រប់គ្រាន់ទៅហើយ សម្រាប់មនុស្សភាគច្រើន មនុស្សដែលខ្លួនស្រលាញ់គឺជាមនុស្សម្នាក់ដែលអាចជួយអោយគេអាចភ្លេចបានមួយរយៈនូវរឿងរ៉ាវមិនល្អទាំងនោះ ហើយក៏ជាកម្លាំងចិត្តមួយផ្នែកដែរ ដែលជួយអោយគេពុះពារជម្នះទាំងមិនខ្លាចនឿយហត់។ ផ្ទុយទៅវិញ បើសិនជាមនុស្សដែលគេរំពឹងចង់បានសេចក្ដីស្ងប់សុខពី ចេះតែរអ៊ូ រទាំង ធ្វើនេះមិនត្រូវ ធ្វើនោះក៏ខុស គេអាចនឹងចាប់ផ្ដើមគិតសារឡើងវិញមិនខាន ថាទំនាក់ទំនងមួយនេះប៉ះពាល់ខ្លាំងយ៉ាងណាដល់សេចក្ដីសុខនៃជីវិតគេ។

២. ចង់ដឹងគ្រប់គន្លុកគន្លៀតនៃជីវិតគេ

ទោះជាចិត្តដែលស្រលាញ់ តែទាមទារអោយអ្នកចំនាយពេលក្បែរគេច្រើនយ៉ាងណាក្ដី តែក៏មិនមែនមានន័យថា ការចំនាយពេលជាមួយគ្នាសុទ្ធតែអាចធ្វើអោយទំនាក់ទំនងមនុស្សពីរ កាន់តែរឹងមាំនោះទេ។ ត្រូវចាំថា ក្រៅពីអ្នកគេក៏មានជីវិតផ្ទាល់ខ្លួន មានការងារ មានគ្រួសារ មិត្តភក្តិបងប្អូនដែលត្រូវយកចិត្តទុកដាក់ គិតគូរផងដែរ។ ព្រោះតែការទាមទារហួសហេតុនេះហើយ ធ្វើអោយមនុស្សប្រុសភាគច្រើនខ្លាចរអារ និង ប្រញាប់ដាក់មេប្រ៉ូចយ៉ាងរហ័ស។

៣. ប្រច័ណ្ឌខុសរឿង

ចិត្តដែលប្រចណ័្ឌនេះ អាចកើតមានឡើង ព្រោះតែការមិនទុកចិត្តរវាងគ្នា។ ការសួរនាំ តាមដាន គ្រប់សកម្មភាព និង មនុស្សដែលគេប្រាស្រ័យទាក់ទងជាមួយនេះ អាចជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនទាន់ចាស់ទុំគ្រប់គ្រាន់ក្នុងការសេពគប់គ្នាបែបមនុស្សធំនៅឡើយទេ។

៤. ចេះតែព្យាយាមកែប្រែ ដើម្បីសម្របតាមចិត្តគេ

ទោះជាក្ដីស្រលាញ់សំខាន់ខ្លាំង ក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ បើសិនជាអ្នកចេះតែបន្តកែប្រែ ឬ សម្ដែងថាខ្លួនឯងយល់ព្រម និង ពេញចិត្តទាំងក្នុងចិត្តនេះ មិនយល់ស្របទាល់តែសោះនោះ មិនមែនតែគេដែលអាចចាប់អារម្មណ៏ដឹងនោះទេ សូម្បីតែអ្នកខ្លួនឯងក៏អាចចាប់ផ្ដើមមានអារម្មណ៏ថានឿយហត់ដែរ។

៥. អារម្មណ៏ប្រែប្រួលមិនឈប់

តាំងតែពីតូចៗមក មនុស្សយើងភាគច្រើនតែងតែមិនសូវបានអើរពើរ និង ការឆ្លើយតបទៅនឹងអារម្មណ៏ផ្ទាល់ខ្លួននោះទេ បែបនេះហើយទើបពេលដែលមានរឿងមិនសមបំណងកើតឡើង មិនដឹងថាត្រូវគ្រប់គ្រងអារម្មណ៏ខ្លួនឯងដោយរបៀបណានោះទេ។ មិនត្រឹមតែជាគូស្នេហ៏នោះទេ សូម្បីតែមនុស្សរាប់អានគ្នាធម្មតាក៏ចង់នៅឆ្ងាយពីអ្នកដែរ បើមួយភ្លែតអារម្មណ៏ មួយភ្លែតនៅក្បែរមិនបាននោះទេ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម