ធ្លាប់​តែ​ឡើង​ឆាក​២​ម៉ែត្រ ពេល​នេះ Fan Bingbing វិល​មក​អង្គុយ​កៅអី​ជួរ​មុខ អង្គរក្ស​ជាង​១០​នាក់

  • 2021-05-11 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សកម្មភាព​នៅ​ក្នុង​វិស័យ​ភាពយន្ត​មិន​ទាន់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ទាំង​ស្រុង​មែន​ពិត តែ​នៅ​ក្នុង​វិស័យ​ហ្វេសសិន​វិញ កំពូលតា​រា​សម្ដែង​ស្រី​ចិន Fan Bingbing នៅ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ជា​និច្ច។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ក្រោយ​ត្រូវ​រិះគន់​ច្រើន​កាល​ពី​ខែ​មុន ព្រោះ​ចូលរួម​ក្នុង​កម្មវិធី​ដែល​មាន​ឆាក​ប្រវែង​ត្រឹម​២​ម៉ែត្រ​នោះ នៅ​ពេល​នេះ​បាន​ចូល​រួម​កម្មវិធី​ធំ​វិញ​ហើយ។

ជាក់​ស្ដែង ស្រី​ស្អាត​វ័យ ៣៩​ឆ្នាំ ​បាន​មាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ ដើម្បី​ចូលរួម​កម្មវិធី​​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ធំ​មួយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ តួ​រឿង​មហិច្ឆិតា​អ៊ូម៉ីនាង​ ត្រូវ​បាន​គេ​រៀប​ឲ្យ​អង្គុយ​នៅ​កៅអី​ជួរ​មុខ ជាប់​បុគ្គល​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​វិស័យ​ហ្វេសសិន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នៅ​ពេល​ចុះ​ពី​លើ​ឡាន​ឈាន​ចូល​សាល​ខាង​ក្នុង រាជិនី​កម្រាល​ព្រំ​ក្រហម​ក៏​ត្រូវ​បាន​អម​ដំណើរ​ដោយ​កង​អង្គរក្ស​ជាង​១០​នាក់។

រូបភាព​នេះ​គឺ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ ពី​រូបភាព​ដែល​កាល​ពី​ខែ​មុន ស្រី​ស្អាត​ខាង​លើ​ចូលរួម​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឆាក​ត្រឹម​តែ ២​ម៉ែត្រ​ប៉ុណ្ណោះ។ តាម​នេះ​ដែរ គេ​អាច​ឃើញ​ថា ទោះ​បី​ជា​ក្រោយ​រឿង​គេច​ពន្ធ កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​ភាពយន្ត​មិន​ទាន់​បាន​ល្អ​ដូច​មុន​មែន​ពិត តែ​​កេរ្តិ៍​ឈ្មោះ​នាង​ក្នុង​វិស័យ​សម្លៀកបំពាក់ មិន​សូវ​ត្រូវ​ប៉ះពាល់​ឡើយ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម