គុណសម្បត្តិច្រើនយ៉ាងចំពោះសុខភាព នៅពេលដែលអ្នកចេះស្រលាញ់ខ្លួនឯង

  • 2021-05-10 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​នា​សម័យ​បច្ចុប្បន្ន ​​ចូល​ចិត្ត​តែ​​ផ្ញើ​អារម្មណ៍​ជាមួយ​នឹង​មាត់​អ្នក​ដទៃ។ ពេល​ខ្វះ​យក​ចិត្ត​ទុក​ដាក់​នឹង​សម្តី​របស់​អ្នក​ផ្សេង​​រហូត​បង្ក​ឲ្យ​មាន​ផល​​ប៉ះពាល់​ដល់​ផ្លូវ​​ចិត្ត​ខ្លួន​ឯង។ យ៉ាង​ណា​កុំ​ភ្លេច​ថា អ្នក​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​ខ្លួន​ឯង​​ដោយ​គ្មាន​លក្ខណ​។ ការ​មើល​​ថែរក្សា​ខ្លួន​​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​ត្រឹម​​តែ​​មាន​ផល​វិជ្ជមាន​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ វា​​ក៏​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ផង​ដែរ។

១. មិន​សូវ​ស្រេ្តស

រូបតំណាង

ភាគ​ច្រើន​អ្នក​​ដែល​តែង​តែ​បន្ទោស​ ​មិន​ពេញ​ចិត្ត​នឹង​​ខ្លួន​ឯង ខ្វល់ខ្វាយ​ពី​នេះ​ពី​នោះ​ច្រើន រាង​កាយ​នឹង​ផលិត​អ័រម៉ូន​ក័រទីសុល​ ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​សម្ពាធ​និង​ស្រ្តេស​កាន​តែ​ខ្លាំង​ឡើង​ៗ។ ហេតុ​នេះ​ហើយ​ប្រសិន​បើ​អ្នក​អាច​រស់​នៅ​ជាមួយ​គំនិត​វិជ្ជមាន ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ចេះ​ផ្តល់​ឱកាស​​​ ចេះ​អត់​ឱន ​និង​រក​ដំណោះ​ស្រាយ​តាម​តាម​លំដាប់លំដោយ​ ពេល​ដែល​ជួប​​បញ្ហា​ នោះ​អ្នក​​​នឹង​មិន​សូវ​​ស្រ្តេស ហើយ​ក៏​មិន​បំផ្លាញ​អារម្មណ៍​ល្អ​​ក្នុង​ខ្លួន​​ដោយ​ងាយ​ដែរ។​​

២. ​ចង្វាក់​បេះ​ដូង​ដើរ​ក្នុង​កម្រិត​ត្រឹម​ត្រូវ

នៅ​ពេល​ដែល​អ្នក​បណ្តោយ​ឲ្យ​ខ្លួន​ឯង​កើត​ទុក្ខ​ ខឹង​មួម៉ៅ​មិន​ឈប់ វា​ពិត​ជា​ប៉ះ​​ពាល់​ដល់​​សុខភាព​បេះ​ដូង​ខ្លាំង​ណាស់​។ ដរាប​ណា​អ្នក​​អាច​​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួល​យក​អ្វី​ដែល​​​ជា​ខ្លួន​ឯង​ នោះ​ចង្វាក់​បេះ​ដូង​​រួម​ទាំង​​សម្ពាធ​ឈាម នឹង​មាន​ដំណើរ​ការ​ល្អ ដែល​ជួយ​ទ្រទ្រង់​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​។

រូបតំណាង

៣. ជំរុញ​មុខ​ងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​កាន់​តែ​រឹង​មាំ

បើ​អ្នក​រវល់​តែ​ស្ត្រេស​ច្រើន​រហូត​ភ្លេច​គិត​ពី​ខ្លួន​ឯង ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាង​កាយ​ក៏​ចុះ​អន់​ថយ​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ​បើ​អ្នក​រីក​រាយ​នឹង​ជីវិត​ ពេញ​ចិត្ត​នូវ​អ្វី​​ដែល​​ខ្លួន​មាន​ ប្រព័ន្ធ​ភាព​ស៊ាំ​​នៃ​រាងកាយ​នឹង​កាន់​តែ​រឹង​មាំ ធ្វើ​ឲ្យ​អ្នក​​​​មិន​ងាយ​​ឈឺ​ដូច​ជា​ផ្តាសាយ ក្អក ហៀរសំបោរ​ជា​ដើម​។

៤. ក្លាហាន​មិន​សូវ​ភ័យ​ខ្លាច

រូបតំណាង

កាល​ណា​​អ្នក​តឹង​តែង​នឹង​ខ្លួន​ឯង​ខ្លាំង​ពេក ផ្លូវ​ចិត្ត​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ផ្សេង​ៗ​ដូច​ជា ភ័យ​ខ្លាច​ច្រើន និង​មាន​បញ្ហា​​ស្មុគស្មាញ​​មិន​ចេះ​ចប់​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​បំបាត់​​រាល់​បញ្ហា​​ទាំង​នោះ គឺ​ត្រូវ​​ចេះ​ទទួល​​ថា​ស្គាល់​កំហុស ភាព​បរាជ័យ​និង​ឧបសគ្គ សុទ្ធ​សឹង​តែ​រឿង​ទូទៅ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា ទើប​អ្នក​គ្មាន​អារម្មណ៍​ថា​ឯកោ​ឬ​ស្អប់​ខ្លួន​ឯង​។ ជាពិសេស​ អ្នក​ក្លាហាន ហ៊ាន​ដើរ​ចេញ​ពី​អតីតកាល ដោយ​មិន​បណ្តោយ​ឲ្យ​ខ្លួន​ នៅ​ជាប់​ផុង​​ជាមួយ​ភាព​ភ័យ​ខ្លាច​​និង​កំហុស​ដដែល​ៗ។

៥. រក្សា​ទម្ងន់​បាន​ល្អ​

ការ​ចេះ​ស្រលាញ់​មើល​ថែ​ខ្លួន​ឯង និង​មាន​អារម្មណ៍​ស្រស់​ស្រាយ អាច​ជួយ​ឲ្យ​អ្នក​ចេះ​គ្រប់​គ្រង​របប​អាហារ​ត្រឹម​ត្រូវ មិន​ញ៉ាំ​អ្វី​តាម​ដែល​ចិត្ត​ចង់​។ ម្យ៉ាង​វិញ​ទៀត អ្នក​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​អាហារ​ឬ​ភេសជ្ជៈ ដែល​ប៉ះពាល់​ដល់​សុខភាព ដើម្បី​ជួយ​សម្រួល​ដល់​អារម្មណ៍​ដែរ​។

រូបតំណាង

៦. អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម

តាម​ការ​អះ​អាង​របស់​គ្លីនិក​ Mayo នៅ​អាមេរិក បាន​បង្ហាញ​ថា ក័រទីសុល​ដែល​ជា​អ័រម៉ូន​ស្រ្តេស អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​។ ហេតុ​នេះ​ហើយ ការ​សប្បាយ​រីករាយ​នឹង​ជីវិត​ខ្លួន​ឯង ក៏​ជា​វិធី​មួយ​​ដែល​អាច​ជួយ​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ដែរ។

៧. ជួយ​តទល់​នឹង​ភាព​ឈឺចាប់​រ៉ាំរ៉ៃ

​​ការ​ផ្លាស់​ប្តូរ​ពី​គំនិត​រិះគន់​ទៅ​ជា​ការ​ស្រលាញ់​ខ្លួន​ឯង​ អាច​ជួយ​ឲ្យ​រាង​ការ​មិន​សូវ​ប្រឈម​នឹង​ជំងឺ​​រ៉ាំរ៉ៃ ដូច​ជា​ឈឺ​ឆ្អឹង​ខ្នង​ឬ​ឈឺ​ចាប់​សាច់​ដុំ​ជា​ដើម។

៨. ជំនួយ​ដល់​ដំណើរ​ការ​នៃ​ខួរក្បាល

កា​ចេះ​ស្រលាញ់​ខ្លួន​​ឯង អាច​ជួយ​ឲ្យ​អ្នក​មាន​ភាព​ស្កប់​ស្កល់ អាច​​តាំង​ស្មារតី​បាន​ល្អ ដែល​ជះ​ផល​វិជ្ជមាន​ដល់​ដំណើរ​ការ​​នៃ​ខួរក្បាល​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។

រូបតំណាង

ក្រៅ​ពី​ចំណុច​​សំខាន់​ៗ​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​​ចំពោះ​សុខភាព​ ដូច្នេះ​សង្ឃឹម​ថា​អ្នក​ទាំង​​អស់​គ្នា អាច​​រស់នៅ​ដោយ​ភាព​សុខដុម ដោយ​ការ​ចេះ​ស្រលាញ់ មើល​ថែរក្សា​ ឲ្យ​តម្លៃ​ខ្លួន​ឯង​ឲ្យ​​បាន​ច្រើនៗ៕​​​​

ចុចអានបន្ត៖ សញ្ញា ៨ យ៉ាងបង្ហាញថា អ្នកកំពុងញ៉ាំជាតិស្ករច្រើនពេកហើយ

ប្រភព៖ .thehealthy ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម