មុន​ផ្ទុះ​រឿង​អាស្រូវ Zheng Shuang ស៊ី​ថ្លៃ ២៥​លាន​ដុល្លារ សម្រាប់​រឿង​ភាពយន្ត​មួយ

  • 2021-05-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ស្ងប់ស្ងាត់​មួយ​រយៈ​ អតីត​មិត​ប្រុស​របស់​តារា​សម្ដែងស្រី​ល្បី​ឈ្មោះ​ចិន បន្ត​បញ្ចេញ​ភស្តុតាង​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​នាង​ពិបាក​ស្ដារ​បាន។

កាល​ពី​ថ្ងៃ​ទី ១ ខែ​ឧសភា​មុន​នេះ នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក Zhang Heng អតីត​មិត្ត​ប្រុស​របស់​តារា​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang បាន​បន្ត​បញ្ចេញ​ភស្តុតាង​ដើម្បី​ធ្វើ​ឲ្យ​នាង​ពិបាក​វិល​ចូល​សិល្បៈ​វិញ។ តាម​នោះ​ដែរ រឿង​ថ្មី​បំផុត​ដែល​ស្រី​ស្អាត​៣០​ឆ្នាំ​ប្រព្រឹត្ត​នោះ​គឺ គេច​ពន្ធ។ ជាក់​ស្ដែង នៅ​ពេល​អញ្ជើញ​នាង​ឲ្យ​សម្ដែង​នៅ​ក្នុង​ភាពយន្ត A Chinese Ghost Story ផលិតករ​បាន​យល់​ព្រម​ឲ្យ​តម្លៃ​ខ្លួន​នាង ១៥០​លាន​យាន់ (២៣លាន ២សែន​ដុល្លារ) តែ​នាង​មិន​ព្រម ហើយ​ទារ ១៨០លាន​យាន់ (២៧លាន ៨សែន​ដុល្លារ​)​វិញ។ ចុង​បញ្ចប់​ភាគី​ទាំង​សងខាង សម្របសម្រួល​គ្នា​ឲ្យ​តម្លៃ​ខ្លួន​នាង ១៦០លាន​យាន់ (២៤លាន ៧សែន​ដុល្លារ​អាមេរិក)។

យ៉ាងណាក៏ដោយ ដើម្បី​កុំ​ឲ្យ​ខាត​ថ្លៃ​ពន្ធ​ច្រើន​ពេក ស្រី​ស្អាត​រូប​នេះ​បាន​ប្រើ​កុងត្រា Yin Yang ដូច​នឹង​កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ធ្លាប់​ធ្វើ​ដែរ។ ដោយ​នៅ​លើ​កុងត្រា​គោល គឺ​តម្លៃ​ខ្លួន​នាង​ត្រឹម​តែ ៣​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​នៅ​សល់​ប៉ុន្មាន គឺ​វេរ​ចូល​កុង​ក្រុមហ៊ុន​របស់​ឪពុក​ម្ដាយ​នាង ធ្វើ​ដូច​ជា​តម្លើង​ទុន​ក្រុមហ៊ុន។ ដោយ​វិធី​នេះ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩០ ត្រូវ​បង់ពន្ធ​តែ​លើ​ចំណូល​៣​លាន​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ជិត​២២​លាន​ដុល្លារ​ទៀត គឺ​នាង​​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​អ្វី​​ឡើយ គឺ​ចូល​ហោប៉ៅ​ទាំង​អស់។

ក្រោយ​ពេល​ផ្ទុះ​រឿង​នេះ​ឡើង ទស្សនិកជន​បាន​ខឹង​ជា​ខ្លាំង​ជាមួយ​នឹង​តម្លៃ​ខ្លួន​ខ្ពស់​ហួសហេតុ​របស់​ប្រទេស​ខ្លួន។ មនុស្ស​ជាច្រើន​បាន​ប្រៀបធៀប​ថា ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ ៥ពាន់​យាន់ (៧៧៣​ដុល្លារ) ក្នុង​មួយ​ខែ មាន​ន័យ​ថា ពួក​គេ​ត្រូវ​ធ្វើ​ការ ២៦៦៦ឆ្នាំ ទើប​ស្មើ Zheng Shuang ថត​​មួយ​រឿង​ដែល​ចំណាយ​ប្រហែល​៣​ខែ​ធ្វើ​ការ៕

ប្រភព៖ Thanhnien ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម