លោកប៉ាអ្នកម៉ាក់គប្បីអនុវត្ត៥ វិធី ងាយៗនេះ ប្រសិនបើកូនអ្នកខ្លាចភាពងងឹត

  • 2021-04-05 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

យោងតាមការសិក្សាមួយដែលបានធ្វើការសម្ភាសន៍ជាមួយនឹង មនុស្ស១២២នាក់ បានឲ្យដឹងថា ៥៤% បាននិយាយថា៖ ការខ្លាចទីងងឹតគឺជាបញ្ហាមួយ ក្នុងចំណោមហេតុផលផ្សេងទៀត ដែលពួកគេធ្លាប់ភ័យខ្លាច។ ដូច្នេះ បានសេចក្តីថាកុមារក៏អាចស្រមៃឃើញសត្វចម្លែកនៅក្រោមគ្រែ ឬ ឃើញស្រមោលងងឹតៗ នៅក្នុងបន្ទប់របស់ពួកគេដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនថាក្មេងៗគិតបែបណានោះទេ អ្នកគប្បីស្វែងរកវិធីជួយពួកគេឲ្យគេចផុតពីភាពភ័យខ្លាចបានតាមរយៈវិធីដូចខាងក្រោម។

១. ព្យាយាមស្តាប់កូនៗ

ប្រសិនបើអ្នកសង្កេតឃើញគេភ័យខ្លាច ចូរអ្នកកុំបង្អង់លេងឲ្យសោះ។ ការយកចិត្តទុកដាក់ចំពោះកុមារគឺជារឿងសំខាន់ណាស់ ដែលអ្នកគប្បីសួរថាគេឃើញរូបភាពនោះបែបម៉េច? និងបង្ហាញពីបារម្ភរបស់អ្នកទៅគេ ពិសេសត្រូវពន្យល់ប្រាប់គេថាអ្នកតែងនៅក្បែររូបគេជានិច្ច។

២.និយាយសរសើរពីកូនៗ

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការនិយាយពីចំណុចល្អៗអាចផ្លាស់ប្តូរការគិតរបស់អ្នក។ វាមានន័យថា ប្រសិនបើអ្នកប្រាប់ខ្លួនអ្នកពីរឿងល្អៗ នោះអ្នកនឹងជឿជាក់លើខ្លួនឯង។ ដូច្នេះ អ្នកអាចប្រាប់និងសរសើរកូនអ្នកថា ពួកគេពិតជាក្លាហានណាស់ក្នុងការយកឈ្នះទីងងឹតបាន។

៣. លេងរបស់ភ្លឺៗនៅពេលយប់

និយាយពីរឿងរបស់ក្មេងលេង នៅពេលយប់អ្នកអាចជ្រើសរើសយកអំពូលភ្លើង cute cute អោយពួកគេលេងបានយ៉ាងសប្បាយ។ អំពូលភ្លើងពេលយប់អស់ទំាងនោះមានច្រើនប្រភេទណាស់ អ្នកអាចជ្រើសរើសយកតាមប្រភេទដែលពួកគេចូលចិត្ត។

៤. កែប្រែភាពងងឹតទៅជាកន្លែងកម្សាន្តសប្បាយ

ជាធម្មតា ក្មេងៗអាចខ្លាចទីងងឹត បើដូច្នេះមែន អ្នកគប្បីកែប្រែនិងធ្វើឲ្យពួកគេបាត់ភ័យពីកន្លែងនោះ តាមរយៈការច្នៃប្រឌិតរបស់អ្នក។ ឧទារហរណ៍ អ្នកអាចលេងល្បែងទាយស្រមោលដោយធ្វើកាយវិការជាដើម។

៥. សាកល្បងល្បិច ១០ វិនាទី

ជួនកាលក្មេងៗអាចមិនមានការភ័យខ្លាចទីងងឹត តែពួកគេអាចខ្លាចដោយសារតែការផ្លាស់ប្តូរនៅពេលអ្នកបិទភ្លើងទៅវិញ។ មានន័យថា នៅពេលអ្នកបិទភ្លើងមួយរំពេច ភ្នែករបស់អ្នកចាប់ផ្តើមងងឹតពីរបីវិនាទីដោយសារតែភ្នែកត្រូវការសម្រប។ ហើយរំពេចនោះហើយ ដែលបណ្តាលឲ្យកូនៗអ្នកមានភាពភ័យខ្លាច៕

ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន