មូលហេតុដែលអ្នកគួរតែសាកល្បងហាត់ប្រាណបែប Pilate ពេលកំពុងធ្វើការពីផ្ទះនេះ

  • 2021-03-31 01:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការហាត់ប្រាណបែប Pilate គឺជាលំហាត់ប្រាណដែលសក្តិសមបំផុតសម្រាប់អ្នកដែលចំនាយពេលច្រើននៅផ្ទះ ជាពិសេសក្នុងកំឡុងពេលធ្វើការពីផ្ទះនេះតែម្ដង។ ថ្ងៃនេះកញ្ញានឹងបង្ហាញពីមូលហេតុដែលអ្នកគួរតែបន្ថែមការហាត់ប្រាណមួយនេះទៅក្នុងទម្លាប់ប្រចាំថ្ងៃ៖

១. ជួយសម្រួលចលនាដង្ហើម

ពេលខ្លះអ្នកអាចនឹងមិនចាប់អារម្មណ៏ តែអ្នកអាចនឹងទប់ដង្ហើមខ្លួនឯងទាំងមិនដឹងខ្លួន ដែលជាហេតុនាំឱ្យខ្វះអុកស៊ីសែននៅក្នុងខ្លួន អាចនឹងឈានទៅធ្វើអោយសាច់ដុំរឹង និងឈឺចុកចាប់រាងកាយជាប្រចាំ។ ការហាត់ប្រាណបែប Pilate អាចជាដំណោះស្រាយចំពោះបញ្ហាមួយនេះបាន ព្រោះវាជាលំហាត់ប្រាណដែលជួយបង្ហាត់អ្នកអោយដកដង្ហើមចេញចូលទៅតាមចលនានីមួយៗដែលអ្នកធ្វើ។

២. សក្តិសមសម្រាប់អ្នកដែលមិនចូលចិត្តហាត់ប្រាណដោយប្រើកម្លាំងខ្លាំង

ដោយសារតែ Pilate គឺជាលំហាត់ប្រាណដែលប្រើប្រាស់ទំងន់រាងកាយដែល ជាពិសេសជួយដល់ការកសាងសាច់ដុំនៃបរិវេណពោះ។ វាក៏ជាលំហាត់ដែលផ្ដោតសំខាន់លើការធ្វើកាយវិការនីមួយអោយបានត្រឹមត្រូវដោយមិនប្រញាប់ប្រញាល់ ដូច្នេះមិនត្រូវបារម្ភថាត្រូវហត់ដល់ថ្នាក់ដកដង្ហើមមិនដល់គ្នានោះទេ។

៣. ជួយអ្នកអនុវត្តការតាំងសមាធិ (Mediation)

Pilate ជួយអោយរាងកាយអ្នកធ្វើចលនាបានយ៉ាងសមសួន បត់បែនបានយ៉ាងល្អ ព្រមទាំងជួយដល់អ្នកដែលចង់ចាប់ផ្ដើមចេះធ្វើសមាធិផងដែរ ជាពិសេសក៏អាចជួយកែប្រែអ្នកដែលដំណើរ និង អង្គុយមិនបានត្រង់ខ្លួនល្អថែមទៀត។

៤. រឹតបន្តឹងសាច់ដុំ

ជាធម្មតាមិត្តនារីដែលនៅផ្ទះយូរ អាចនឹងមានអារម្មណ៏ថារាងកាយអ្នកប្រែប្រួល ព្រោះមិនសូវបានបញ្ចេញសកម្មភាពច្រើនដូចមុន។ Pilate មានប្រសិទ្ធភាពបំផុតក្នុងការរឹតបន្ថឹងបរិវេណដែលមានសភាពយារធ្លាក់ អោយតឹងហាប់ណែនមកវិញជាពិសេសត្រង់តំបន់ពោះតែម្ដង។

៥. ជួយអោយរាងកាយនៅតែសកម្ម ទោះជានៅផ្ទះច្រើនក្ដី

មូលហេតុដែល Pilate ជួយឱ្យរាងកាយមានភាពស្វាហាប់ ដោយសារការធ្វើលំហាត់ប្រាណបែបនេះជាលទ្ធផលការដកដង្ហើមនិងលាតសាច់ដុំយ៉ាងមានត្រឹមត្រូវតាមគោលការណ៍ ដែលជួយអោយចរន្តឈាមរត់បានស្រួល និងរំញោចសារធាតុគីមីនៅក្នុងខួរក្បាល ធ្វើឱ្យអ្នកមានអារម្មណ៏ស្រស់ថ្លានិងសកម្មជាងមុន។

៦. ជួយបំបាត់អារៈចុករោយពីការអង្គុយធ្វើការច្រើន

ដូចដែលអ្នកបានដឹងហើយថា Pilate ជួយបង្កើតសាច់ដុំនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ វាក៏អាចជួយពង្រីកសាច់ដុំ ជួយបន្ធូរសរសៃពួរ និង សន្លាក់ឆ្អឹងជាពិសេសឆ្អឹងខ្នងផងដែរ ដែលនឹងជួយបន្ធូរអារៈចុករោយពីការអង្គុយធ្វើការច្រើន។

៧. មិនត្រូវការឧបករណ៏

មូលហេតុដែលការធ្វើលំហាត់ប្រាណបែប Pilate នោះគឺចំនាយលុយតិចតួចណាស់ ព្រោះវាអាចធ្វើទៅបាននៅក្នុងផ្ទះ ដូច្នេះមិនចាំបាច់ចំនាយលុយដើម្បីទិញសម្លៀកបំពាក់ហាត់ប្រាណថ្លៃ ៗ ឬមានឧបករណ៍ច្រើនគ្រាន់តែពាក់អាវយឺតនិងខោជើងវែងបូកនឹងកំរាលយូហ្គាមួយក៏គ្រប់គ្រាន់ទៅហើយ។

៨. មិនត្រូវការទីធ្លាធំ

តំបន់ដែលត្រូវបានប្រើសម្រាប់ការធ្វើលំហាត់ប្រាណប្រភេទនេះ គឺមានទំហំប៉ុនមនុស្ស ១ នាក់ដែលកំពុងគេងប៉ុណ្ណោះ ហើយគ្រាន់តែជ្រើសរើសយកជ្រុងមួយនៃផ្ទះអ្នក ដើម្បីធ្វើលំហាត់ប្រាណនេះក៏អាចចាប់ផ្ដើមបានទៅហើយ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម