យក​ប្ដី​មិន​ខុស មិន​យក​ប្ដី​ក៏​មិន​ខុស

  • 2021-03-27 15:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យក​ប្ដី​ ឬ​មិន​យក​ប្ដី ចុង​បញ្ចប់​ក៏​គ្រាន់​តែ​ជា​ជម្រើ​ស​មួយ។ សរុប​សេចក្ដី​មក គឺ​គ្មាន​ភាព​ខុស​ត្រូវ​ចំពោះ​រឿង​យក ឬ​មិន​យក​ប្ដី​នោះ​ឡើយ។

កាល​ពី​ខែ​មុន​ នៅ​ពេល​ខ្ញុំ​ទៅ​ស្រុក​ដើម្បី​ញ៉ាំ​ការ​មិត្តភ័ក្ដិ។ នៅ​ព្រឹក​ហែរ​ជំនូន ម្ដាយ​ខ្ញុំ​ឈរ​ជិត​សរសើរ​ខ្ញុំ​មិន​ដាច់​ពី​មាត់។ ក្រោយ​មក​ក៏​ធ្វើ​សួរ​ខ្លួន​​ឯង​ថា មិន​ដឹង​ពេល​ណា​ទើប​ខ្ញុំ​ចូល​រោង​ការ​ដូច​គេ។ នៅ​ពេល​ឃើញ​គេ​គ្រប់​គ្នា​ការ​អស់​ហើយ ទាំង​ខ្ញុំ​មិន​ទាន់​មាន​សង្សារ​ ម្ដាយ​ខ្ញុំរអ៊ូ​មិន​ឈប់។ គាត់​ថា​ខ្ញុំ​គួរ​តែ​យក​ប្ដី​ឆាប់​ៗ។ ខ្ញុំ​ថា ខ្ញុំ​នៅ​តែ​ខ្លួន​ឯង​ក៏​ល្អ ដោយ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។ គាត់​ក៏​បន្ថែម​ថា ជីវិត​ខ្ញុំ​នឹង​កាន់​តែ​ប្រសើរ​ជាង​នេះ បើ​ខ្ញុំ​រៀបការ និង​មាន​កូន។

តាម​ការ​ពិត ខ្ញុំ​មិន​បាន​ប្រកែក​អី​ជាមួយ​គាត់​ឡើយ ដោយ​ជាក់​ស្ដែង​ ជីវិត​ខ្ញុំ​ពិត​ជា​ល្អ​ពិត​មែន។ ខ្ញុំ​រៀន​ចប់​នៅ​សកល​មួយ​ក្នុង​ក្រុង ចេញ​មក​មានការងារ​ល្អ ជា​ប្រធាន​ក្រុម​គេ ហើយ​ប្រាក់​ខែ​ក៏​មិន​អន់​ដែរ។ ទោះ​បី​​មិន​ទាន់​មាន​អ្វី​ជា​ដុំ​កំភួន​ធំ តែ​ខ្ញុំ​ក៏​មាន​សមិទ្ធិផល​របស់​ខ្លួន​ឯង។ ចុង​សប្ដាហ៍​ខ្ញុំ​ទៅ​ដើរ​លេង​ ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្ដិ។ ចុង​ឆ្នាំ​ក៏​ទិញ​កាដូ​ធំ​ល្មម​មួយ​សម្រាប់​ខ្លួន​ឯង។

ជីវិត​ខ្ញុំ​នៅ​តែ​ល្អ​ប្រសើ​រ​បែប​នេះ រហូត​ដល់​ថ្ងៃ​មួយ​ត្រូវ​គេ​សួរ​រឿង​ប្ដី​កូន​គ្រប់​គ្នា ទើប​ខ្ញុំ​ដាក់​សំនួរ​ចំពោះ​ខ្លួន​ឯង​ថា តើ​​​ខ្លួន​ឯ​ង​ពិត​ជា​មាន​ក្ដី​សុខ​មែន ឬ​អត់។ ព្រោះ​បើ​តាម​សម្ដី​ពួក​គាត់ មាន​តែ​មនុស្ស​ស្រី​ដែល​មាន​ប្ដី មាន​កូន​ហើយ​នោះ​ទេ​​ ដែល​មាន​ក្ដី​សុខ​ពិត​ប្រាកដ។ យ៉ាងណាក្ដី​ អ្វី​ដែល​ខ្ញុំចង់​ប្រាប់​ទៅ​គាត់​នោះ​គឺ មង្គលការ​មិន​មែន​ជា​ខ្នង​បង្អែក​នៃ​ជីវិត​ឡើយ ដោយ​វា​គ្រាន់​តែ​ជា​ជម្រើស​នៃជីវិត​មនុស្ស​ម្នាក់​ៗ​ប៉ុណ្ណោះ ហើយ​អ្នក​ខ្លួន​ឯង​ ទើប​ជា​អ្នក​សម្រេចចិត្ត​នៃ​ជម្រើស​ជីវិត​របស់​ខ្លួន។

យក​ប្ដី​គ្មាន​អ្វី​ខុស មិន​យក​ប្ដី​ក៏​គ្មាន​អ្វី​ខុស។ ដល់​អាយុ​រៀបការ​តែ​មិន​រៀបការ រស់​នៅ​តែ​ម្នាក់​ឯង​ រឹត​តែ​គ្មាន​អ្វី​ខុស។ អ្វី​ដែល​ខុស​នោះ​គឺ យើង​ដើរ​ទៅ​ដល់​មង្គលការ​ មិន​មែន​ដោយ​សារ​យើង​ចង់ តែ​ដោយ​សារ​ស្ដាប់​តាម​សម្ដី​គេ ហើយ​ជ្រើស​ខុស​ខ្លួន​ឯង៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Iv Madalen